ខេត្តបន្ទាយមានជ័យ ៖ ភ្លើងឆេះព្រៃរាលដាលឆេះគំនរស្តុកកង់រថយន្តចាស់ៗយ៉ាងសន្ធោសន្ធៅ ផ្អើលដល់ រថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និងរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលក្រុងសិរីសោភ័ណសរុបចំនួន៣គ្រឿងបានចេញមកធ្វើអន្តរាគមន៍បាញ់ទឹកពន្លត់ទាន់ពេលវេលា ដោយភ្លើងមិនបានរាលដាលដល់ផ្ទះប្រជាពលរដ្ឋ៣ទៅ៤ខ្នងដែលនៅក្បែរកន្លែងកើតហេតុនោះ។
ហេតុការណ៍ខាងលើបង្កការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង១និង៣០នាទីរសៀលថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅចំណុចភូមិក្បាលស្ពាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
ក្នុងការចុះអន្តរាគមន៍បាញ់ទឹកពន្លត់អគ្គិភ័យខាងលើនោះ មានការដឹកនាំដោយស្នងការរងទទួលការងារបង្ការពន្លត់អគ្គិភ័យនិងគ្រប់គ្រងអាវុធជាតិផ្ទុះ គឺលោកវរសេនីយ៍ឯក ប៊ុន ផេង និងអធិការនគរបាលក្រុងសិរីសោភ័ណផងដែរ។
បើតាមប្រភពព័ត៌មានពីសាក្សីនៅកន្លែងកើតហេតុការណ៍ឱ្យដឹងថា មុនពេលដែលកើតហេតុ គេឃើញភ្លើងចាប់ផ្តើមឆេះចេញពីព្រៃរបោះនៅទិសខាងត្បូង ហើយក៏បន្តរាលដាលមកឆេះគំនរកង់ឡានចាស់ៗដែលគេស្តុកទុកចោលនៅចំណុចដីឡូត៍មួយកន្លែង ដែលមានម្ចាស់ឈ្មោះ សុខ នី ភេទស្រី អាយុ៣៨ឆ្នាំ ប្រកបមុខរបរប៉ះកង់រថយន្ត បច្ចុប្បន្នរស់នៅភូមិគោរដ្ឋាន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ។
តាមប្រភពដដែលបានបន្តថា អគ្គិភ័យខាងលើនោះក៏បម្រុងរាលដាលឆាបឆេះផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ៣ទៅ៤ខ្នងថែមទៀតដែរ តែសំណាងល្អត្រូវបានរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងបានចេញទៅទប់ស្កាត់ទាន់ពេលវេលា។
ជុំវិញករណីអគ្គិភ័យខាងលើ ត្រូវបានស្នងការរងទទួលការងារបង្ការពន្លត់អគ្គិភ័យនិងគ្រប់គ្រងអាវុធជាតិផ្ទុះ ប្រាប់ឱ្យដឹងថា ក្នុងពេលចេញអន្តរាគមន៍នេះ គឺសមត្ថកិច្ចប្រើប្រាស់ទឹកបាញ់ពន្លត់ចំនួន៦រថយន្តទើបគ្រប់គ្រងស្ថានការណ៍នោះបាន។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឱ្យដឹងថា មូលហេតុបណ្តាលឱ្យមានអគ្គិភ័យខាងលើកើតឡើង គឺអាចបង្កឡើងដោយអ្នកដុតព្រៃខ្វះការប្រុងប្រយ័ត្ន ទើបរាលដាលទៅឆេះកង់រថយន្តចាស់ៗដែលគេគរទុកចោលនៅចំណុចដីឡូត៍មួយកន្លែង។
សូមបញ្ជាក់ថា នៅចំណុចដីឡូត៍ដែលស្តុកកង់ឡានចាស់ៗខាងលើធ្លាប់រងការឆាបឆេះដោយសារអគ្គិភ័យម្តងរួចមកហើយ កាលពី៣ទៅ៤ខែកន្លងទៅនេះ ហើយនេះជាលើកទី២ដែលភ្លើងឆេះព្រៃបានរាលដាលឆេះគំនរកង់រថយន្តនោះម្តងទៀត។ ការឆាបឆេះជាបន្តបន្ទាប់នៅគំនរកង់ឡានចាស់ៗស្តុកទុកចោលនៅចំណុដីឡូត៍ខាងលើធ្វើឱ្យមានការព្រួយបារម្ភពីសុវត្ថិភាពរបស់ប្រជាពលរដ្ឋរស់នៅក្បែរនោះ។
បញ្ហាអគ្គិភ័យកើតឡើងជាបន្តបន្ទាប់នៅចំណុចខាងលើ ធ្វើឱ្យប្រជាពលរដ្ឋក៏ដូចជាម្ចាស់ដីឡូត៍ស្តុកកង់រថយន្តចាស់ៗដាក់ការសង្ស័យថា អាចមានអ្នកដុតព្រៃយកឃ្មុំ ឬក៏រកសត្វផ្សេងៗ ទើបភ្លើងរាលដាលទៅឆេះគំនរកង់រថយន្តបែបនេះ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ