រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា យុវជនរៀនពេទ្យធ្មេញម្នាក់ ត្រូវបានឃាតករកាប់ សម្លាប់យ៉ាងសាហាវបំផុត នៅក្នុងបន្ទប់ជួលរបស់ឪពុកមាដែលបើកធ្វើធ្មេញ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោងប្រមាណ៧និង៣០នាទីព្រឹកថ្ងៃទី២០ ឧសភា នេះ ត្រង់នៅចំណុចផ្ទះជួលបើកពេទ្យធ្មេញ ម្តុំផ្សារត្រពាំងព្រាយ ផ្លូវលេខ១៥១ ក្នុងភូមិបឹង សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ ដោយមិនទាន់ដឹងពីមូលហេតុច្បាស់ ។
សេចក្តីរាយការណ៍ថា យុវជនរងគ្រោះខាងលើ មានឈ្មោះធន់ រ៉ាវីន អាយុ១៩ឆ្នាំ មានលំនៅភូមិត្រគួន ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ស្នាក់នៅជាមួយឪពុកមាឈ្មោះមឿន សុវត្ថា ជាពេទ្យ ធ្មេញនៅចំណុច កើតហេតុខាងលើ ។ បើតាមព័ត៌មានបានអោយដឹងទៀតថា នៅព្រឹកថ្ងៃកើតហេតុ មានភ្ញៀវមកធ្វើធ្មេញ និងបានទូរស័ព្ទហៅពេទ្យធ្មេញ ដែលដេកនៅផ្ទះនៅភូមិទួលសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ។
នៅពេលដែលឪពុកមាមកដល់ និងបើកទ្វារចូលទៅក្នុង ស្រាប់តែប្រទះឃើញក្មួយដេកស្លាប់ក្នុងថ្លុកឈាមក្បែរគ្រែបាត់ទៅហើយ ក៏រាយការណ៍ប្រាប់នគរបាល បង្កអោយមានការភ្ញាក់ផ្អើលតែម្តង ។ តាមព័ត៌មានអោយដឹងថា នៅវេលាម៉ោងប្រមាណ៧យប់ យុរជនរងគ្រោះបានធ្វើដំណើរ ទៅហូបការអ្នកភូមិនៅក្បែរនោះជំនួសឪពុកមា ។ លុះនៅវេលាម៉ោងប្រមាណ៩យប់ បានត្រឡប់មកផ្ទះវិញហើយ និងបានទៅដើរលេងជាមួយសង្សាដល់យប់ជ្រៅ ទើបបានត្រឡប់ទៅដេកវិញ ។
លុះព្រឹកឡើង (ថ្ងៃកើតហេតុ) ភ្ញាក់ផ្អើលឃើញសម្លាប់តែម្តង ។ ទោះបីជាយ៉ាង គេពុំដឹងថា យុវជននោះ មានរឿងអ្វីនោះទេ ទើបត្រូវគេសម្លាប់ ។ បើតាមសមត្ថកិច្ច មានការសង្ស័យអាចជារឿងគំនុំ ឬអាចផ្តើមចេញពីស្នេហាត្រីកោណ ។ បើតាមការពិនិត្យកើតហេតុ ឃើញសុទ្ធតែឈាម ហើយយុវជនរូបនេះ អាចមានការប្រតាយប្រតប់គ្នាជាមួយឃាតករទៀតផង ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្តទៀត ។
ចែករំលែកព័តមាននេះ