ខេត្តមណ្ឌលគិរី ៖ អភិបាលខេត្តមណ្ឌលគិរី បានណែនាំដល់អភិបាលរងក្រុងសែនមនោរម្យ ដែលទើបទទួលបានការតែងតាំងថ្មី ត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានឲ្យបានល្អ ជាពិសេសយកចិត្តទុកដាក់ក្នុងការបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋ ដើម្បីឆ្លើយតបតាមគោលនយោបាយយុទ្ឋសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍន៍សង្គមឲ្យបានរីកចំរើនទៅអនាគត។
ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរីមានប្រសាសន៍បន្តថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងអាណិត្តទី៧នេះ សម្រេចបាននូវសមិទ្ឋផលជាច្រើន ជាប្រវត្តិសាស្ត្រទុកសម្រាប់កូនចៅជំនាន់ក្រោយ ។ មិនត្រឹមប៉ុណ្ណោះ រាល់សមិទ្ធិផលទាំងអស់ដែលកើតមាន គឺបានរុញច្រានខឿនសេដ្ឋកិច្ចកម្ពុជាងើបឡើងវិញក្រោយវិបត្តិជំងឺកូវីដ១៩។
ឯកឧត្តម ថង សាវុន បានបន្តថា រាល់ការផ្លាស់ប្តូរឬផ្ទេរភារកិច្ចរបស់មន្ត្រីរាជការសាធារណៈ គឺតែងកើតមានជាធម្មតា ដើម្បីផ្លាស់ប្តូរបទពិសោធន៍ការងារ និងកិច្ចការអភិវឌ្ឍន៍តាមមូលដ្ឋាន ក៏ដូចជាការលើកទឹកចិត្តដល់មន្ត្រីដែលមានស្នាដៃផងដែរ ។ ឯកឧត្តមអភិបាលខេត្តក៏បានផ្តោតការចាប់អារម្មណ៍ជាខ្លាំង សម្រាប់មូលដ្ឋានក្រុងសែនមនោរម្យ ដែលមានសក្តានុពលជាច្រើន រួមមាន តំបន់ទេសចរណ៍ធម្មជាតិ តំបន់ទេសចរណ៍បែបវប្បធម៏ប្រពៃណី រួមនិងផ្ទៃដីដែលអំណោយផលលើវិស័យកសិកម្ម ហើយកំពុងទទួលបានការគាំទ្រពីមហាជននោះគឺ ស្ពៃក្តោប ក្រូចវល្លិ៍ ផ្លែប័រ ជាដើម។
កត្តាទាំងនេះហើយ ទើបឯកឧត្តមអភិបាលខេត្តជម្រុញដល់អាជ្ញាធរក្រុងសែនមនោរម្យ ត្រូវបន្តយកចិត្តទុកដាក់ក្នុងការសហការជាមួយដៃគូអភិវឌ្ឍន៏នានា ជាពិសេសត្រូវលើកទឹកចិត្ត ដល់បងប្អូនប្រជាពលរដ្ឋមិនថា ស្ថិតក្នុងវិស័យណាមួយឡើយត្រូវគិតពីគុណភាព សុវត្ថិភាព តម្លៃនិងសេវាកម្ម ។ សូមបញ្ជាក់ថា នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ លោក ណិញ ប៉េងឃុន ត្រូវបានប្រកាសចូលកាន់មុខតំណែង ជាអភិបាលរងក្រុងសែនមនោរម្យ ៕
ចែករំលែកព័តមាននេះ