រាជធានីភ្នំពេញ ៖រដូវនេះជារដូវប្រមូលផល អំបិលពី ស្រែអំបិល(ខេត្តកែប ខេត្ត កំពត)។ ស្រែអំបិលអាចជាគោលដៅទេសចរណ៍ មួយ សំរាប់ទស្សនា ស្វែងយល់និង អប់រំអោយមានការយល់ដឹង ពីជីវភាពកសិករនិង ការ ផលិតអំបិល។គួរនាំគ្នាលើកស្ទួយនិងប្រើប្រាស់អំបិលរបស់ជាតិ ( អំបិលក្នុងស្រុកយើង ដែលមានតាំងពីដើមរៀងមក) ហើយជាអំបិលដែលសំបូរដោយជាតិ Iode ដែលអាចជួយកាត់បន្ថយបានច្រើនដល់ជំងឺពក ក។
ដើម្បីលើកកម្ពស់ការប្រើប្រាស់អំបិលក្នុងស្រុកឱ្យកាន់តែសកម្មនៅលើទីផ្សារ ហើយអាចជាផ្នែកនៃគោលដៅទេសចរណ៍នៅគ្រាបន្ទាប់ ក្រសួងទេសចរណ៍បំផុសទស្សនៈ ឬអំពាវនាវដល់ប្រជាពលរដ្ឋគួរនាំគ្នាលើកស្ទួយនិងប្រើប្រាស់អំបិលរបស់ជាតិដែលផលិតដោយកូនខ្មែរក្នុងស្រុកតាំងពីដើមមក។« រដូវនេះជារដូវប្រមូលផល អំបិលពី ស្រែអំបិល (ខេត្តកែប ខេត្តកំពត) ។ ស្រែ អំបិលអាចជាគោលដៅទេសចរណ៍ មួយសំរាប់ទស្សនា ស្វែងយល់និង អប់រំអោយមានការយល់ដឹងពីជីវភាពកសិករនិង ការផលិតអំបិល» ។ នេះជាការលើកឡើងរបស់លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាឱកាសចុះទៅពិនិត្យស្រែអំបិលកាលពីថ្ងៃទី ៦ ឧសភា ម្សិលមិញនេះ ។
លោករដ្ឋមន្ត្រីបានបន្តថា «គួរនាំគ្នាលើកស្ទួយនិងប្រើប្រាស់អំបិលរបស់ជាតិ (អំបិលក្នុងស្រុកយើង ដែលមានតាំងពីដើមរៀងមក) ហើយជាអំបិលដែលសំបូរដោយជាតិ Iode ដែលអាចជួយកាត់បន្ថយបានច្រើនដល់ជំងឺពក ក»។ ស្របពេលដែលក្រសួងបំផុសគំនិតឱ្យពលរដ្ឋគាំទ្រអំបិលដែលផលិតឡើងដោយផលិតករក្នុងស្រុក បើតាមប្រធានសមាគមអ្នកផលិតអំបិលកំពតក៏ដូចជាអ្នកជំនាញក្នុងវិស័យទេសចរណ៍យល់ឃើញថា នេះគឺជាការអំពាវនាវមួយដ៏ល្អ តែការផលិតអំបិលរបស់កម្ពុជានៅមួយរយៈចុងក្រោយមកនេះមិនអាចផលិតបំពេញតម្រូវការក្នុងស្រុកបាន ធ្វើឱ្យកម្ពុជាសម្រេចនាំចូលអំបិលពីក្រៅប្រទេសបន្ថែម។
លោក ប៊ុន បារាំង ប្រធានសមាគមអ្នកផលិតអំបិលខេត្តកំពតបានឱ្យដឹងកាលពីថ្ងៃ ម្សិលមិញថា «អំបិលដែលផលិតនៅក្នុងស្រុកនៅពេលកន្លងមកក៏ដូចជាមកដល់សព្វថ្ងៃនេះប្រជាពលរដ្ឋគាំទ្រ១០០ភាគរយ ព្រោះអំបិលយើងជាអំបិលម៉ដ្ឋ ធ្វើឡើងពីទឹកសមុទ្រ។នៅរយៈពេលពីរឬបីឆ្នាំចុងក្រោយនេះ ដោយសារយើងផលិតមិនបានទើបយើងធ្វើការនាំចូលអំបិលមកពីខាងក្រៅប្រហែល១ម៉ឺនតោន»។ លោកបន្តថា« នៅឆ្នាំនេះយើងចាប់ផ្តើមផលិតអំបិលហើយគិតមកដល់ពេលនេះ យើងមានអំបិលមិនទាន់ដល់ចំនួន៣ម៉ឺនតោនទេ ដោយសារនៅក្នុងតំបន់នេះវាជួបភ្លៀងញឹកញាប់ពេក។នេះបើតាមការប៉ានស្មានរបស់ខ្ញុំ»។
តាមប្រធានសមាគមន៍ បច្ចុប្បន្នសមាគមមានផ្ទៃដីសម្រាប់អ្នកផលិតអំបិលនៅខេត្តកែបនិងកំពតសរុបមានប្រមាណ៤,៥ពាន់ហិកតា ហើយក្នុងមួយហិកតាជាមធ្យមទទួលបានផល២០តោនឬលើសពីនេះបើអាកាសធាតុអំណោយផល ហើយនៅក្នុងឆ្នាំនេះដែរបើអាកាសធាតុអំណោយផល មេឃមិនមានភ្លៀងធ្លាក់នៅតំបន់ផលិតអំបិលនោះទេ ការផលិតអំបិលសម្រាប់ផ្គត់ផ្គង់ក្នុងស្រុកអាចនឹងឆ្លើយតបទៅនិងតម្រូវការបាន តែបើនៅក្នុងរយៈពេលខែ៥ឬខែ៦ខាងមុខមានភ្លៀងធ្លាក់ ធ្វើឱ្យការផលិតអំបិលរបស់ផលិតករជួបបញ្ហា ពោលគឺទាមទារឱ្យកម្ពុជានាំចូលអំបិលបន្ថែមប្រមាណ៧ម៉ឺនតោនដើម្បីបង្គ្រប់តម្រូវការនៅក្នុងស្រុក។
លោកស្រី ឆាយ ស៊ីលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាមានថា «ក្រសួង ទេសចរណ៍មានការបំផុសគំនិតឱ្យពលរដ្ឋនាំគ្នាលើកស្ទួយនិងគាំំទ្រប្រើប្រាស់អំបិលក្នុងស្រុក នេះវា ជាការណ៍មួយល្អមែនទែន ដោយសារយើងជាប្រទេសមួយមានការផលិតអំបិលដោយខ្លួនឯង។កន្លងមកការផលិតផលរបស់យើងអនុវត្តតាមបែបធម្មជាតិ យើងដូចមិនមានការបំលែងឬប្រើថ្នាំគីមីណាមួយធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់»។ លោកស្រីបន្តថា ការប្រើប្រាស់អំបិលផលិតក្នុងស្រុកនេះទៀតសោធនឹងជំរុញឱ្យសហគមន៍គាត់មានទឹកចិត្តក្នុងការផលិតអំបិលនេះឡើង ហើយយើងអាចជួយការផ្គត់ផ្គង់តម្រូវការក្នុងស្រុកនិងអាចជួយទាក់ទាញភ្ញៀវទេសចរណ៍ ព្រោះថាប្រទេសដែលអាចផលិតអំបិលដោយខ្លួនឯងនិងអាចដាក់ឱ្យភ្ញៀវទេសចរណ៍មើលឃើញនេះក៏មានមិនច្រើនដែរនៅលើពិភពលោក។ដូចនេះស្រែអំបិលជាផ្នែកមួយអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិមកទស្សនាពីវាលស្រែក៏ដូចជាដំណើរការនៃការផលិតអំបិល។
ប្រធានសមាគមលើកឡើងថា «នៅពេលកន្លងមក យើងមានក្រុមហ៊ុនផ្តល់សេវាទេសចរណ៍ខ្លះគាត់បានដាក់បញ្ចូលទៅក្នុងដំណើរកម្សាន្ត ដើម្បីពន្យាការស្នាក់នៅរបស់ភ្ញៀវទេសចរណ៍បានមួយចំណែក។ តែចំនួនភ្ញៀវទេសចរណ៍ទៅទស្សនាគឺនៅមានកម្រិត ដោយសារ ខាងសហគមន៍ផលិតអំបិលពួកគាត់ ពេលខ្លះធ្វើសកម្មភាពផលិតអំបិលមិនបានពេញលេញ គ្រាន់តែបានធ្វើឱ្យភ្ញៀវមើលឃើញបានត្រឹមតែស្រស់ស្អាត»។ អ្នកស្រីបញ្ជាក់ថា «យើងចង់បានអ្វីបន្ថែមពីលើនេះបន្ថែមទៀត។ ព្រោះកន្លងមកខាងសហគមន៍មិនទទួលបានអត្ថប្រយោជន៍ពីភ្ញៀវទេសចរណ៍ដែលទៅទស្សនា ដោយសារនៅក្នុងសហគមន៍អត់មានការជួយរៀបចំទីកន្លែង ចត អង្គុយ និងទិញផលិតផលអំបិល។លើសពីនេះត្រូវមានបន្ទប់ឬកន្លែងបង្ហាញពីដំណើរការផលិតអំបិលតាំងពីពេលចាប់ផ្តើមរហូតដល់ចេញជាផលិតផលសម្រេច»។
បើតាមអ្នកស្រី ឆាយ ស៊ីលីន ធ្វើតាមចំណុចខាងលើនេះទើបអ្នកនៅក្នុងសហគមន៍ទទួលបានអត្ថប្រយោជន៍ ជាប្រាក់ចំណូលបន្ថែមពីភ្ញៀវទេសចរណ៍ ហើយក្នុងពេលនេះដែរខ្ញុំសូមអំពាវនាវទៅដល់ស្ថាប័នដែលពាក់ព័ន្ធនានាក៏ដូចជាអាជ្ញាធរដែនដី ធ្វើយ៉ាងណាជួយលើកទឹកចិត្ត ជួយរៀបចំសហគមន៍មានទីកន្លែងស្អាតបាតសម្រាប់ភ្ញៀវ។ពេលភ្ញៀវចូលទៅអាចឱ្យចំណាយប្រាក់ប្រើប្រាស់សេវាកម្មផ្សេងៗ។ ទាល់តែយើងទាំងអស់គ្នាចូលរួមគ្នា ជំរុញទើបឱ្យសហគមន៍ផលិតអំបិលដើរទៅស្របតាមកម្រិតស្តង់ដា»៕
ចែករំលែកព័តមាននេះ