រាជធានីភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រីបានដាក់ចំងល់ទៅកាន់អតីតថ្នាក់ដឹកនាំគណបក្សប្រឆាំងថា តើពាក្យផ្លាស់ប្តូរជាវិជ្ជមានចង់ឲ្យរុះរើប្រទេសធ្វើជាថ្មីឬ ? ការលើកឡើងរបស់សម្តេចឧបនាយករដ្ឋមន្ត្រីនេះ បន្ទាប់អតីតមេដឹកនាំបក្សប្រឆាំងបានប្រើប្រាស់ពាក្យស្លោកថា «ផ្លាស់ប្តូរដោយវិជ្ជមាន» ដើម្បីផ្តួលរំលំរបបដឹកនាំនាពេលបច្ចុប្បន្ននេះ ។
សម្តេចស ខេង មានលើកឡើងថា ក្នុងពិធិប្រកាស និងផ្ទេរតួនាទីអភិបាលខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១០ ឧសភា យ៉ាងដូច្នេះថា ប្រទេសបច្ចុប្បន្ននេះ មានភាពសុខសន្តិភាពពេញលេញប៉ុណ្ណឹងហើយចង់បានអីទៀត ឬចង់រុះរើរធ្វើជាសាជាថ្មី ។ តើរុះរើប្រទេសជាថ្មីគឺ ជានយោបាយផ្លាស់ប្តូរជាវិជ្ជមានឬ ? សម្តេចបន្តថា កិច្ចការដែលរាជរដ្ឋាភិបាលត្រូវធ្វើក្នុងការពង្រឹងលទ្ធិប្រជាធិបតេយ្យមានកិច្ចការជាច្រើនទៀតត្រូវធ្វើដោយមិនអាចធ្វើរយៈពេលពីឬ បី ថ្ងៃ ឬ២ ឬ៣ឆ្នាំនោះទេ ។ នៅបណ្តាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យយូរហើយនោះ គេបានប្រើពេលវាច្រើនក្នុងការកសាងប្រទេស ។
សម្តេចក៏បានលើកឡើងទៀតថា ប្រទេសកម្ពុជាមានគ្រប់ជាតិសាសន៍ ពណ៌សម្បុរ ច្រើន ដូច្នេះត្រូវតែស្វែងរកការគាំទ្រ និងចូលរួម ដើម្បីនឹងគោរព និងអនុវត្តតាមរបបលទ្ធិប្រជាធិបតេយ្យ ។ ព្រោះករណីនេះវាផ្តើមចេញពីការសម្រេច និងឆន្ទៈរបស់ប្រជាពលរដ្ឋផ្ទុយទៅវិញ ប្រសិនបើមានអ្នកមិនទាន់ពេញចិត្តរបបប្រជាធិបតេយ្យ ហើយនៅពេញចិត្តរបសសង្គមរាស្ត្រ និយមវិញ យើងត្រូវរកវិធីដោះស្រាយចំពោះការខ្វែងគំនិតគ្នានោះ ។ សម្តេចបញ្ជាក់ថា «ការកសាងលទ្ធិប្រជាធិបតេយ្យត្រូវមានពេលវេលាច្រើន ហើយត្រូវមានអត់ធ្មត់ ដើម្បីកសាងរបបនេះ ។ ព្រោះថា គ្មានផ្លូវណាល្អជាងនេះទេ សម្រាប់កម្ពុជាក្នុងការប្រកាន់យករបបលទ្ធិប្រជាធិបតេយ្យ » ៕
ចែករំលែកព័តមាននេះ