ក្នុងនាមយើងជាមេគ្រួសារត្រូវមានកាតព្វកិច្ចក្នុងការងារខ្ពស់ ត្រូវបម្រើគ្រួសារដោយចិត្តបរិសុទ្ធ ធ្វើការងារដោយសេចក្ដីអត់ធន់ ព្យាយមតាំងចិត្តក្នុងការងារជានិច្ច កាលបើការងាររីកចម្រើនទៅមុខ ក្រុមគ្រួសារក៏ចម្រើន។ នៅពេលសម្រាកពីការងាររបស់អង្គភាព ក្រុមហ៊ុនហើយ ត្រូវតម្រង់មុខឆ្ពោះមកផ្ទះដោយមិនវៀចវេរ មិនងាកទៅសេពកាមគុណ សេពគ្រឿងស្រវឹង មានពួកម៉ាកធឿនបនខិលខូច ដែលជារឿងអប្រិយនាំទុក្ខ នាំសត្រូវចូលផ្ទះកូននោះទេ ។
ការប្រញាប់រូតរះមកផ្ទះជារឿងសំខាន់ណាស់ ព្រោះយើងមានចំណងក្រុមគ្រួសារ មានអ្នករង់ចាំយើងនៅផ្ទះ ដូច្នេះត្រូវតែមករកអ្នករង់ចាំឱ្យលឿន ដើម្បីជួបជុំប្រពន្ធកូន និងអាចជួយធ្វើការងារផ្ទះជាមួយគ្នាដោយចិត្តភក្ដី បរិភោគបាយជាមួយគ្នាមិនមុនមិនក្រោយ។ ជាពិសេសភរិយានិងស្វាមី ដាច់ខាតប្រពន្ធមិនត្រូវបរិភោគបាយមុនប្ដីដាច់ខាត កុំអាងថា ឃ្លានណាស់ ។
ប្រពន្ធអាចបរិភោគបាយមុនប្តីបាន លើកលែងតែមានករណីចាំបាច់ ហើយក៏កុំអាងថា មិនទាន់ឃ្លានចាំបរិភោគតាមក្រោយ បណ្ដោយកូន ឬអ្នកផ្សេងឲ្យរៀបចំបាយទឹកជំនួស ដោយខ្លួនឯងមិនមានកិច្ចអ្វីចាំបាច់សោះនោះ ពិតជាមិនល្អឡើយ ។
បន្ទាប់ពីបរិភោគបាយរួចបើមើលទូរទស្សន៍ក្នុងផ្ទះ ត្រូវមើលទាំងអស់គ្នា កុំបណ្តោយឱ្យកូនមើលតែឯងឱ្យសោះ ហើយត្រូវអធិប្បាយឲ្យកូនស្ដាប់ថា នេះជារឿងបុណ្យ នោះជារឿងបាប ដើម្បីឲ្យកូនស្ដាប់ទៅបានយល់ដឹងកើតកើនគំនិតល្អ ពន្យល់ផ្លូវនៃជីវិតឲ្យកូនដើរទៅរកសេចក្ដីចម្រើនកើនប្រយោជន៍ ពន្យល់ផ្លូវនៃជីវិតឲ្យមានប្រយោជន៍ ដើម្បីគ្រួសារមួយរស់នៅមានសុភមង្គលដ៏ត្រចះត្រចង់ ។
ចែករំលែកព័តមាននេះ