ទ្រព្យធនទាំងឡាយ ដែលបុគ្គលខំស្វែងរកបានមកសមប្រកបតាមសេចក្តីប្រាថ្នាហើយ ជាផលជាកម្រៃ ជាគុណឲ្យកើតសេចក្តីសុខកាយសប្បាយចិត្ត ឃើញយ៉ាងច្បាស់ក្នុងបច្ចុប្បន្ន ឬ ក្នុងវេលាដែលកំពុងមានជីវិតរស់នៅ ។
តែសម្បត្តិទាំងនេះលុះដល់ពេលស្លាប់ទៅ យកទៅជាមួយមិនបានទេ ហើយសម្បត្តិទាំងអស់នោះមិនអាចជូនដំណើរយើងទៅបានឡើយ ។ នេះហៅថាទិដ្ឋធម្មិកត្ថៈ ប្រយោជន៍ គឺប្រយោជន៍ក្នុងពេលបច្ចុប្បន្ន, ប្រយោជន៍ក្នុងលោកនេះ ឬថាជាប្រយោជន៍ទាន់ភ្នែកដូច្នេះវិញក៏បាន ។
ចំណែកសេចក្តីសុខមួយទៀតជាសុខដែលប្រាសចាកភ្លើងទុក្ខ គឺជាតិ ជរា ព្យាធិ មរណៈ និងភ្លើងកិលេស មានរាគៈ ទោសៈ មោហៈ ជាសុខដ៏ប្រណីត សុខដ៏ស្ងប់ ជាឯកន្តបរមសុខ ឥតមានសេចក្តីទុក្ខនៅលាយឡំ យ៉ាងនេះហៅថា បរមត្ថបយោជនៈ គឺប្រយោជន៍ដ៏ប្រសើរឧត្តមបំផុតពោលគឺព្រះនិព្វាន ។
សុខបច្ចុប្បន្នជាសុខមិនអស់មិនហើយនៅឡើយទេ ព្រោះជាប់ទៅដោយសេចក្តីទុក្ខ ចំណែកសុខក្នុងបរលោកទើបជាសុខដ៏ឧត្តម ។
ចែករំលែកព័តមាននេះ