ការភ្ញាក់ពីគេងមកស្រាប់តែត្របកភ្នែកខាងក្រោមទៅជាហើមនោះពិតជាមិនល្អមើលឡើយ ។ រឿងនេះមិនត្រឹមតែមើលទៅមុខទៅជាហើមទេ តែក៏អាចធ្វើឲ្យអ្នកមើលទៅជាមនុស្សអស់កម្លាំង និងឆាប់ចាស់ផងដែរ ។ មានហេតុផលច្រើនណាស់ដែលភ្នែកទៅជាបែបនេះដោយសារតែគេងមិនគ្រប់គ្រាន់ ញ៉ាំគ្រឿងស្រវឹងច្រើន និងយំច្រើនពេក ។
សំណាងដែរអ្នកអាចកាត់បន្ថយភាពហើមភ្នែកនេះបានជាមួយនឹងវិធីធម្មជាតិដូចខាងក្រោមនេះ៖
១-ត្រសក់ ៖ រឿងនេះប្រហែលជាជម្រើសដ៏ល្អបំផុតក្នុងការបំបាត់ការហើមភ្នែកបាន។ ភាពត្រជាក់របស់ត្រសក់អាចជួយលុបបំបាត់ភ្នែកហើមបានផង និងបន្ថយការរលាកនៅក្រោមភ្នែកផង ។ ចូរចិតចំណិតត្រសក់ពីរចំណិត ហើយដាក់ស្អំនៅលើភ្នែក២៥នាទី។ បន្ទាប់មកចូរអង្គុយផ្អែក ហើយបន្ធូរអារម្មណ៍ជាមួយត្រសក់នៅលើភ្នែកនេះ។
២-ទឹកដោះគោ ៖ សម្រាប់អ្នកដែលមានអាការហើមភ្នែកជាប់នោះ ចូរប្រើទឹកដោះគោ។ ចូរយកសម្លីពីរដុំជ្រលក់នឹងទឹកដោះគោ ហើយយកវាមកដាក់នៅលើភ្នែក២០ទៅ៣០នាទី ចាំលាងចេញវិញ។ អ្នកអាចធ្វើបែបនេះច្រើនដងតាមតែអាចធ្វើបានដើម្បីបន្ថយភាពហើមរបស់ភ្នែកបាន។
៣-ប្រេងវីតាមីន E ៖ វីតាមីន E មានសារសំខាន់ណាស់សម្រាប់សុខភាពស្បែក ហើយអ្វីដែលល្អនោះគឺវាអាចកាត់បន្ថយការហើមភ្នែកបានយ៉ាងល្អជាមួយនឹងការលាបប្រេងវីតាមីន E លើស្បែកផ្ទាល់ ។ ចូរច្របាច់ប្រេងវីតាមីន E ចូលទៅក្នុងទឹកដាំពុះមួយចាន ហើយកូរវាឲ្យសព្វ រួចយកសម្លីពីរដុំជ្រលក់ ហើយមកដាក់នៅលើភ្នែក២០នាទី។
៤-ស្លាបព្រាត្រជាក់ ៖ ចូរយកស្លាបព្រាដាក់ត្រាំក្នុងទឹកកក ឬទូក្លាស្សេរយៈពេលពីរបីនាទីសិន ។ បន្ទាប់មកយកវាមកស្អំនៅលើភ្នែក ។ ភាពត្រជាក់អាចជួយបន្ថយការរលាក នៅក្រោមភ្នែក ហើយក៏បំបាត់ការហើមដែរ ។
៥-ដំឡូងបារាំង ៖ ដំឡូងបារាំងអាចទប់ស្កាត់ការហើមភ្នែកបានដោយសារតែវាមានសមត្ថភាពប្រឆាំងនឹងការរលាក ។ ចូរដាក់ដំឡូងបារាំងនៅក្នុងទូរទឹកកកចោលពីរបីម៉ោង ៕ (ប្រភពពី៖ Health.com.kh)
ចែករំលែកព័តមាននេះ