រាជធានីភ្នំពេញ ៖ បុរសម្នាក់ត្រឡប់មកពីហៅភ្ញៀវចូលរួមមង្គលការរបស់ខ្លួននៅក្រុងតាខ្មៅវិញ បើករថយន្តគេចរថយន្តមួយគ្រឿងជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ បណ្តាលអោយបាក់ដួលរលំអស់១កង់ ចំណែករថយន្តដាច់កាឡេកង់ឆ្វេងទៅមុខលែងរួចដែលហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង៩យប់ ថ្ងៃទី០៧ ខែមេសា នៅតាមបណ្ដោយមហាវិថីព្រះនរោត្តម ទល់មុខនឹងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។
រថយន្តបង្កម៉ាកកូរ៉ូឡា ពណ៌ស្លែ ស៊េរីឆ្នាំ1994 ពាក់ស្លាកលេខភ្នំពេញ 2R-4089 បើកបរម្នាកសុំមិនប្រាប់អត្តសញ្ញាណ ។
ប្រភពពីម្ចាស់រថយន្តបង្កបានប្រាប់ឲ្យដឹងថា មុនកើតហេតុគាត់បានបើករថយន្តរបស់ខ្លួនពីភ្នំពេញទៅក្រុងតាខ្មៅខេត្តកណ្តាល ដើម្បីទៅហៅភ្ញៀវចូលរួមមង្គលការខ្លួននៅថ្ងៃទី១៨ ខែមេសាខាងមុខលុះពេលហៅភ្ញៀវអស់ហើយ បានបើករថយន្តត្រឡប់មកកន្លែងធ្វើការរបស់ខ្លួនវិញ នៅខណ្ឌទួលគោកដោយធ្វើដំណើរឆ្លងកាត់តាមបណ្តោយមហាវិថីព្រះនរោត្តមក្នុងទិសដៅពីត្បូងទៅជើង ខណៈពេលធ្វើដំណើរមកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្តមួយគ្រឿងទៀតដែលធ្វើដំណើរស្របទិសគ្នាកំពុងតែបើកសុខៗបានងាកចង្កូតមកឆ្វេងបន្តិចធ្វើឲ្យគាត់ងាកជ្រុលទៅបុកនឹងរបាំងថ្មពុះចែកទ្រូងផ្លូវចំហៀងរថយន្តខាងឆ្វេង បណ្តាលអោយបាក់ដួលរលំអស់មួយកង់ ចំណែករថយន្តខូចខាតមួយចំហៀងខាងឆ្វេង និងដាច់កាឡេទៅមុខលែងរួចតែម្ដង ។
ក្រោយកើតហេតុរថយន្តបង្កត្រូវបានកម្លាំងសមត្ថកិច្ចជំនាញមូលដ្ឋានធ្វើការវាស់វែងប្រគល់ទៅអោយខាងជំនាញចរាចរណ៍ក្រុងស្ទូចយកទៅរក្សាទុកបណ្តោះអាសន្ននៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់រថយន្តចូលខ្លួនដោះស្រាយនៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ