រាជធានីភ្នំពេញ ៖ បុរសម្នាក់ និងនារីម្នាក់គ្រាន់តែដឹងថា ជាសង្សារនឹងគ្នាបានជិះរថយន្តមួយគ្រឿងមិនដឹងថាមកពីណានោះទេ បានជាមកឈ្លោះប្រកែកគ្នានិងវាយគ្នាក្នុងរថយន្ត រួចរត់ចេញពីក្នុងរថយន្តវាយគ្នាទៀត ហើយក៏រត់ចូលម្តុំបឹងកក់ ផ្លូវរ៉ារទេះភ្លើង ដោយខាងស្រីស្រែកយំចោទខាងប្រុសលួចទាក់ទងស្រីថ្មី បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង2រំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវសហព័ន្ធរុស្សី នៅចំណុចម្តុំបឹងកក់ផ្លូវR6 ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
បើតាមសាក្សីឃើញហេតុការណ៍ឱ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់រួមនឹងនារីម្នាក់មិនស្គាល់អត្តសញ្ញាណនោះទេ បានបើករថយន្តមួយគ្រឿងម៉ាក វីស្តូ ពណ៌កណ្តុរប្រមេះ តាមបណ្តោយផ្លូវសហព័ន្ធរុស្សីក្នុងទិសដៅពីកើតទៅលិច ខណៈពេលបើកមកដល់ចំណុចកើតហេតុខាងលើនេះ ស្រាប់តែរថយន្ត នោះបើកទៅឈប់នៅលើចិញ្ចើមផ្លូវ ហើយឃើញខាងស្រីប្រវាយប្រតប់គ្នាពេញក្នុងរថយន្ត។
សាក្សីបន្តទៀតថា ក្រោយមកបើកទ្វាររថយន្តចេញមកវ៉ៃគ្នាពេញផ្លូវ រួចក៏រត់ចូលទៅក្នុងប្លុកបឹងកក់ ផ្លូវរ៉ារទេះភ្លើង ហើយខាងស្រីនោះស្រែកយំបោកខ្លួននិយាយថា «ហេតុអីបានជាបងឯងកុហកខ្ញុំលួចមានស្រីថ្មី» និងស្រែកទ្រហោយំថា «ខ្លួនចង់បានលេខខាងស្រីនោះ» ប៉ុន្តែខាងបុរសនោះមិនព្រមឱ្យ ហើយប្រវាយប្រតប់គ្នាឡើងដាច់អាវ ។ ភ្លាមៗនោះដែលក៏មានសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ស្រះចក បានមកដល់ក៏ជួយសម្របសម្រួលឱ្យភាគីទាំងសងខាងឈប់ឈ្លោះគ្នា ហើយត្រឡប់ទៅផ្ទះកុំឱ្យផ្អើលប្រជាពលរដ្ឋនឹងអ្នកធ្វើដំណើរ ។
ក្រោយពេលកើតហេតុ ភាគីទាំងសងខាងក៏ព្រមឡើងរថយន្ត រួចបើកត្រឡប់ទៅផ្ទះបាត់ទៅ ៕
ចែករំលែកព័តមាននេះ