រាជធានីភ្នំពេញ ៖ ជនកំហូចស្លៀកពាក់ស្បង់ចីវរក្លែងខ្លួនធ្វើជាសង្ឃ៣នាក់ កាលពីព្រឹកថ្ងៃទី២៨ មីនា ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលខណ្ឌសែនសុខ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីឲ្យស្ថាប័នកំណត់បទល្មើសរួចត្រូវឃុំខ្លួន ឬអប់រំដោះលែងឲ្យមានសេរីភាពវិញ ។
ជនកំហូច១-ឈ្មោះ គង់ ឆែត ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្នុងសង្កាត់បឹងកក់១ ទួលគោក ។ ២- ឈ្មោះ ភិន ភារម្យ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលភូមិឧកញ៉ាវាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ និងទី៣-ឈ្មោះ ប៉រ ញៀត ភេទប្រុស អាយុ៤៨ ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិឧកញ៉ា វាំង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ក្នុងនោះមានម្នាក់ជាអ្នករត់ម៉ូតូរ៉ឺម៉ក ឈ្មោះ រុន ភារម្យ អាយុ៣២ឆ្នាំ តែងតែដឹកជនកំហូចដើរធ្វើសកម្មភាពបិណ្ឌបាតក៏បញ្ជូនទៅដែរ ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ មីនា កម្លាំងអាជ្ញាធរសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខបាន និងកំពុងដើររៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវសាធារណៈ ក៏ស្រាប់តែប្រទះឃើញបុរស៣នាក់ កំពុងផ្លាស់ប្តូរសម្លៀកបំពាក់គ្រងស្បង់ចីវរធ្វើជាសង្ឃ នៅក្នុងរ៉ឺម៉កម៉ូតូ ត្រង់ចំណុចផ្លូវលេខ ១៩៧៤ ស្ថិតនៅភូមិពោងពាយ ក្នុងគោលដៅបំណងចេញទៅប្រព្រឹត្តអំពើមិនគប្បីណាមួយ ។ ឃើញដូច្នោះកម្លាំងសមត្ថកិច្ចមូលដ្ឋានបានធ្វើការឃាត់ខ្លួន និងនាំទៅកាន់ប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ភ្នំពេញ ដើម្បីធ្វើការសាកសួរពេលនោះទេដឹងថា ពួកគេជាសង្ឃក្លែងក្លាយ ។
ជនកំហូចទាំង៣នាក់ បានសារភាពប្រាប់សមត្ថកិច្ចថា ពួកគេជាប្រជាពលរដ្ឋធម្មតាដែលមានមុខរបរជាកម្មករសំណង់ តែដោយសាររកលុយកាក់មិនសូវបានក៏បែកគំនិតទិញស្បង់ចីវរស្លៀកពាក់ក្លែងធ្វើជាសង្ឃ ដើរបិណ្ឌបាតតាមទីសាធារណតាមផ្សារដែលមានរ៉ឺម៉កម៉ូតូ១គ្រឿងចាំដឹកដាក់តាមគោលដៅក្នុងរាជធានីភ្នំពេញ ។
ជនកំហូចបន្តថា ពេលព្រឹកនាំគ្នាជិះរ៉ឺម៉កម៉ូតូចេញពីបន្ទប់ជួលទៅរកទីកន្លែងស្ងាត់ ដើម្បីផ្លាស់ប្តូរសំលៀកបំពាក់គ្រងជាស្បង់ចីវរ ធ្វើជាសង្ឃរួចចុះដើរបិណ្ឌបាត ដែលមុខរបរនេះស្រួលរកលុយ និងកាក់កបច្រើកលើកហើយ ហើយនៅពេលបិណ្ឌបាតបានលុយកាក់ និងចំណីអាហារ ក៏បាននាំគ្នាជួលរ៉ឺម៉កម៉ូតូវិញ ដើម្បីប្តូរសម្លៀកបំពាក់ធ្វើដំណើរទៅកាន់ផ្ទះជួល ។ ប៉ុន្តែលើកនេះអាចចាត់ទុកចំថ្ងៃស៊យ ដែលព្រះមិនបានជួយមនុស្សកំហូចត្រូវកម្លាំងអាជ្ញាធរចាប់ខ្លួន ប្រគល់ជូនតុលាការសម្រេចទោសកំហុស ៕
ចែករំលែកព័តមាននេះ