រាជធានីភ្នំពេញ ៖ ដើម្បីជៀងវាងពីគ្រោះអគ្គិភ័យបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានអំពាវនាវទៅដល់ប្រជាពលរដ្ឋ អាជ្ញាធរ ព្រមទាំងភាគីពាក់ព័ន្ធមួយចំនួនទៀតត្រូវយកចិត្តទុកដាក់ការពារ និងបង្ការគ្រោះអគ្គិភ័យនៅក្នុងរដូវប្រាំងនេះ ។
យោងតាមសេចក្ដីអំពាវនាវរបស់ក្រសួងមហាផ្ទៃដែលចុះហត្ថលេខាដោយសម្តេចក្រឡាហោម ស ខេង ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៩ បានអំពាវនាវយ៉ាងដូច្នេះថា«តាងនាមរាជរដ្ឋាភិបាលកម្ពុជាក្រសួងមហាផ្ទៃ និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិប្រជាពលរដ្ឋអាជ្ញាធរ និងមន្ដ្រីមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់សូមយកចិត្តទុកដាក់ការពារ និងបង្ការគ្រោះអគ្គិភ័យក្នុងរដូវប្រាំងនេះ ។
សម្ដេចបន្ដថា ពលរដ្ឋត្រូវបង្កើនការប្រុងប្រយ័ត្នគ្រប់ពេលចំពោះ ដើមចមដែលអាចបង្កើតឲ្យមានគ្រោះថ្នាក់អគ្គិភ័យដូចជា ភ្លើងចង្ក្រាន ភ្លើងចង្កៀង ភ្លើងធូប-ទៀន ការដុតសំរាម ដុតព្រៃ-ចំការ-វាលស្រែ ការបោះចោលកន្ទុយបារីផ្ដេសផ្ដាស ការតភ្ជាប់ ឬប្រើចរន្ដអគ្គិសនីមិនត្រូវតាមបច្ចេកទេស ការទុកដាក់ប្រេងឥន្ធនៈ ឧស្ម័នចំហេះ វត្ថុងាយឆេះ ឬងាយផ្ទុះឆេះជាដើម ។ ដោយត្រូវពិនិត្យឲ្យបានហ្មត់ចត់បង្ការកុំឲ្យមានការឆេះរាលដាលបង្កើតជាគ្រោះអគ្គិភ័យ ។ ជាមួយគ្នានោះដែរសម្ដេចក៏បានឲ្យអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់រៀបចំសណ្ដាប់ធ្នាប់បណ្ដាញអគ្គិសនី និងផ្លូវសាធារណៈនៅតំបន់ងាយរងគ្រោះ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការចុះអន្ដរាគមន៍សង្គ្រោះបានទាន់ពេលវេលា ។
បន្ថែមពីនេះរដ្ឋមន្ដ្រីក្រសួងមហាផ្ទៃបានអំពាវនាវទៅដល់អង្គភាពនគរបាលបង្កាពន្លត់អគ្គិភ័យ នៅតាមបណ្ដាលរាជធានី-ខេត្ត និងនៅតាមបណ្ដាស្ថានីយរថយន្ដអគ្គិភ័យក្រុង-ស្រុក ត្រូវបន្ដយកចិត្តទុកដាក់អប់រំណែនាំប្រជាពលរដ្ឋ អំពីវិធានការបង្ការ អគ្គិភ័យ ឧបរណ៍សម្ភារប្រេងឥន្ធនៈ ទឹកស្ដុក និងប្រភពយកចិត្តឲ្យគ្រប់គ្រាន់ បម្រើឲ្យការងារពន្លត់ និងសង្គ្រោះ ដើម្បីធានាដល់កិច្ច អន្ដរាគមន៍ឆាប់រហ័ស និងមានប្រសិទ្ធភាព ។
សូមជម្រាបថា ការអំពាវនាវរបស់ក្រសួងមហាផ្ទៃនេះ បន្ទាប់ពីការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា នៅអំឡុងខែមីនា-មេសា-ឧសភា ឆ្នាំ២០១៩នេះកម្ពុជាមានភាពក្តៅហួតហែងជាខ្លាំង ខុសប្លែកពីបណ្តាឆ្នាំមុនៗ ដែលនាំឲ្យមានគ្រោះរាំងស្ងួត ។ ក្នុងនោះសីតុណ្ហភាពឡើងទៅដល់ក្នុងរង្វង់៤០អង្សាសេ ៕
ចែករំលែកព័តមាននេះ