រាជធានីភ្នំពេញ ៖ គម្រោងវិលចូលសង្វៀនគុនខ្មែរវិញអ្នកប្រដាល់ជើងចាស់បឺត ខាំ មិនអាចទៅរួចនោះទេ បន្ទាប់ពីលោកទើបទទួលបានតំណែងជាអ្នកវិនិយោគអចលនទ្រព្យ (លក់ដីឡូត៍)ក្នុងក្រុមហ៊ុនមួយ ។ តាមការបញ្ជាក់របស់ បឺត ខាំ ថាលោកពិតជាចង់ឡើងប្រកួតវិញមែន ប៉ុន្តែវាប្រហែលមិនអាចទៅរួចនោះទេដោយសារលោករវល់ច្រើនជាមួយការងារដែលលោកកំពុងធ្វើបច្ចុប្បន្នធ្វើឱ្យលោកមិនមានពេលគ្រប់គ្រាន់សម្រាប់ហ្វឹកហាត់និងសម្រកទម្ងន់។
អ្នកប្រដាល់ដែលគ្រងខ្សែក្រវាត់ច្រើនគ្រឿងរូបនេះបន្ថែមថា បើចាំតែហាត់ដើម្បីប្រកួតលោកមិនមានប្រាក់គ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់គ្រួសារនោះទេ ហើយការឡើងប្រកួតក៏មិនបានញឹកដែរ ព្រោះវ័យកាន់តែចាស់ ហើយទម្ងន់ក៏ធ្ងន់ ណាមួយលោកមិនចង់ឡើងប្រកួតក្នុងប្រភេទទម្ងន់ធ្ងន់នោះទេ បើមិនបានក្រោម៧០គីឡូលោកមិនប្រកួតឡើយកុំឱ្យខូចឈ្មោះ ។
វាពិតជាពិបាកណាស់ក្នុងការចង់ឡើងសង្វៀនវិញ ដូច្នេះមានតែការចាប់យកមុខរបរផ្សេងដែលជាជម្រើសល្អជាងហ្នឹងទេ ទើបជីវភាពអាចធូរខ្លះ ។
គួររំលឹកថា បឺត ខាំ បានដាក់គោលដៅ១ឬ២ខែក្នុងការសម្រកទម្ងន់ឱ្យសមស្របតាមកម្ពស់ កម្លាំង និងវ័យដើម្បីប្រកួតជាមួយកីឡាករបរទេសបានល្អក្រោយផ្អាកឡើងសង្វៀនអស់រយៈពេលជាង៣ឆ្នាំ ពោលគឺតាំងពីឆ្នាំ២០១៦ ក្រោយមានបញ្ហារបួសជើង ក្នុងការប្រកួតចាញ់កីឡាករថៃ ។ ទោះបីយ៉ាងណា ម្ចាស់ក្លិបប្រដាល់ Cambodian Top Team លោក ហ៊ុន ចាន់រាជ បានបង្ហើបថា បើសិនអតីតអ្នកប្រដាល់គុនខ្មែរ បឺត ខាំ រូបនេះព្រមមកហាត់ដើម្បីសម្រកទម្ងន់នៅក្លិបរបស់លោក គាត់នឹងមានឱកាសប្រកួតនៅក្នុងព្រឹត្តិការណ៍លំដាប់ពិភពលោក One Championship ។
លោក ហ៊ុន ចាន់រាជ ដែលតែងដឹកនាំកីឡាករគុនខ្មែរចេញប្រកួតនៅក្រៅប្រទេសរៀបរាប់ថា បឺត ខាំ ជាកីឡាករមួយរូបដែលលោកចូលចិត្តខ្លាំងតាមរយៈបច្ចេកទេសប្រកួតលើសង្វៀនគួបផ្សំនឹងភាពរហ័សរហួននិងវៃឆ្លាតដោយមិនប្រើកម្លាំងតែមួយមុខនោះទេ ។ លោកបន្ថែមថា វាពិតជាពិបាកបើគាត់វិលមកសង្វៀនវិញ ប៉ុន្តែបើគាត់មកហាត់នៅក្លិបលោកនឹងអាចសម្រកទម្ងន់បាននិងមានឱកាសប្រកួតនៅលើសង្វៀន One ទៀតផង។
យ៉ាងណាក៏ដោយរឿងនេះអាចនឹងពិបាកកើតឡើងណាស់សម្រាប់បឺត ខាំ ដោយសារ កាលពីឆ្នាំ២០១៨ អ្នកប្រដាល់ប្រើល្បិចច្រើនជាងកម្លាំងរូបនេះធ្លាប់បានដាក់គម្រោងវិលមកសង្វៀនវិញដែរក្រោយផ្អាកជិត២ឆ្នាំ ប៉ុន្តែអ្វីៗមិនអាចធ្វើទៅបានដោយសារបញ្ហាឡើងទម្ងន់និងបញ្ហាជីវភាពគ្រួសារ ខណៈបច្ចុប្បន្ននេះរូបលោកកាន់តែឆ្ងាយពីវិស័យប្រដាល់ដោយកំពុងប្រកបរបរជាភ្នាក់ងារអចលនទព្យនៅក្រុមហ៊ុនមួយ ៕
ចែករំលែកព័តមាននេះ