ទីក្រុងរីយ៉ាដ ៖ ប្រទេសអារ៉ាប៊ីសាអូឌីត បានបង្ហាញគម្រោងកីឡដ្ឋានចំនួន ១៥ ស្ថិតនៅក្នុងទីក្រុងចំនួន ៥ ដែលត្រៀមសម្រាប់រៀបចំការប្រកួតព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកឆ្នាំ ២០៣៤ ឬ FIFA World Cup 2034 ពោលគឺសល់រយៈពេល១០ឆ្នាំទៀត។
ការប្រកួតព្រឹត្តិការណ៍បាល់ទាត់ធំបំផុតរបស់ពិភពលោកមួយនេះ នឹងវិលត្រឡប់ទៅកាន់តំបន់មជ្ឈិមបូព៌ាសាជាថ្មី ក្រោយភាពជោគជ័យ កាលពីឆ្នាំ ២០២២ នៅប្រទេសកាតា។ អារ៉ាប៊ីសាអូឌីតគឺជាប្រទេសតែមួយគត់ ដែលបានដាក់សំណើដេញថ្លៃទាន់ពេល ដើម្បីធ្វើ ម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup 2034 ខណៈដែលកាលបរិច្ឆេទដេញថ្លៃផុតកំណត់របស់សហព័ន្ធបាល់ទាត់ពិភពលោក FIFA កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣។
អារ៉ាប៊ីសាអូឌីតនឹងក្លាយជាប្រទេសដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលធ្វើម្ចាស់ផ្ទះតែឯងនៃព្រឹត្តិការណ៍ World Cup ក្រោមទម្រង់ថ្មីរបស់ FIFA ដែលបង្កើនចំនួនក្រុមចូលរួមរហូតដល់៤៨ក្រុម ផ្ទុយពី៣២ក្រុមទម្រង់ចាស់។ ដ្បិតព្រឹត្តិការណ៍នៅឆ្នាំ ២០២៦ កាណាដា ម៉ិកស៊ិក និងសហរដ្ឋអាមេរិកធ្វើម្ចាស់ផ្ទះរួមគ្នា ក៏ដូចជាព្រឹត្តិការណ៍នៅឆ្នាំ ២០៣០ នឹងត្រូវរៀបចំឡើងក្នុងប្រទេសចំនួន ៦ នៅ៣ទ្វីបផ្សេងគ្នា រួមមាន អាមេរិកខាងត្បូង អឺរ៉ុប និងអាហ្វ្រិក។
ប្រទេសអេស្ប៉ាញ ព័រទុយហ្គាល់ និងម៉ារ៉ុក ត្រូវបានប្រកាសធ្វើជាម្ចាស់ផ្ទះរួមគ្នា ខណៈការប្រកួតបើកឆាកចំនួន៣ប្រកួត នឹងធ្វើឡើងនៅក្នុងប្រទេសអ៊ុយរ៉ាហ្គាយ អាហ្សង់ទីន និងប៉ារ៉ាហ្គាយ ដែលនៅទ្វីបអាមេរិកខាងត្បូង ដើម្បីប្រារព្ធខួប១សតវត្សនៃព្រឹត្តិការណ៍ World Cup ព្រោះនឹងមានរយៈពេល១០០ឆ្នាំ ចាប់តាំងពីការប្រកួតលើកដំបូងបានរៀបចំឡើងក្នុងទីក្រុងម៉ុនតេវីដេអូ (Montevideo) ប្រទេសអ៊ុយរ៉ាហ្គាយ កាលពីឆ្នាំ ១៩៣០។
នៅអារ៉ាប៊ីសាអូឌីត កីឡដ្ឋានមួយចំនួនមានរួចស្រាប់ ហើយនឹងត្រូវកែលម្អឡើងវិញ។បច្ចុប្បន្នកីឡដ្ឋានមួយចំនួនកំពុងត្រូវបានសាងសង់ និងកីឡដ្ឋានផ្សេងទៀតស្ថិតនៅក្នុងគម្រោង។ ខាងក្រោមនេះ គឺជាគម្រោងកីឡដ្ឋានទាំង ១៥ របស់អារ៉ាប៊ីសាអូឌីត ត្រៀមសម្រាប់ព្រឹត្តិការណ៍ World Cup 2034 ផ្អែកលើគេហទំព័រ saudi2034bid ៖
១-King Salman International នៅទីក្រុងរីយ៉ាដ កំពុងសាងសង់ គ្រោងបញ្ចប់នៅឆ្នាំ ២០២៩ ផ្ទុកអ្នកទស្សនាបានជាង ៩២,០០០នាក់
២-King Fahad Sports City ទីក្រុងរីយ៉ាដ គ្រោងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៦ ផ្ទុកអ្នកទស្សនាបានជាង ៧០,០០០នាក់
៣-Prince Mohammed Bin Salman ទីក្រុងរីយ៉ាដ គ្រោងបញ្ចប់កាសាងសង់នៅឆ្នាំ ២០២៩ ផ្ទុកអ្នកទស្សនាបាន ៥០,០០០នាក់
ចែករំលែកព័តមាននេះ