ខេត្តព្រះសីហនុ ៖ លោកឧត្តមសេនីយ៍ត្រី ប៊ូ សុធី ស្នងការរងនគរបាលខេត្តទទួលផែនអាវុធជាតិផ្ទុះ និងបង្ការពន្លត់អគ្គិភ័យបានឲ្យដឹងថា អគ្គិភ័យមួយបានកើតឡើង ខណៈមានការរៀបចំដំឡើងចង្ក្រានដើរដោយចរន្តអគ្គិសនីខុសលក្ខណ:បច្ចេកទេស បណ្តាលឲ្យឆ្លងចរន្តចេញជាអណ្តាតភ្លើងឆេះឧបករណ៍ជ័រប្លាស្ទិក និងសម្ភារមួយចំនួននៅក្នុងបន្ទប់ចម្អិនអាហារដែលកំពុងដំឡើង ។
លោកស្នងការរងបានឲ្យដឹងទៀតថា បន្ទាប់ពីទទួលបានព័ត៌មាននិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត លោកបានដឹកនាំកងកម្លាំងរួមទាំងរថយន្តពន្លត់អគ្គិភ័យទៅដល់កន្លែងកើតហេតុ ។ ប៉ុន្តែដោយសារស្ថានភាពផ្លូវឡើងភ្នំចំណោតខ្លាំង រថយន្តផ្ទុកទឹកធ្ងន់មិនអាចឡើងទៅដល់ចំណុចកើតហេតុបាន លោកក៏ឲ្យប្រើប្រាស់រថយន្តដឹកទឹកតាមស៊ីទែនតូចៗ ដោយមានកិច្ចសហការជាមួយកម្មករសំណង់ នៅក្នុងអគារខាងលើផងជួយបន្តយកទឹកទៅបាញ់ពន្លត់ និងប្រើប្រាស់ទឹកនៅក្នុងអគារកន្លែងកើតហេតុ អស់ជាច្រើនរថយន្តតូចៗបាញ់ពន្លត់មិនឲ្យឆ្លងរាលដាលបន្តទៀត ។
លោកស្នងការរងថ្លែងថា នៅក្នុងហេតុការណ៍ខាងលើនេះ មិនបណ្តាលឲ្យរងរបួសឬគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សទេ ។ ដោយឡែក សម្ភារដែលរងការខូចខាតដោយអគ្គិភ័យនេះ សមត្ថកិច្ចមិនទាន់
ធ្វើការសន្និដ្ឋានគិតជាទឹកប្រាក់ចំនួនប៉ុន្មាននៅឡើយទេ ដោយសារតែអ្នកគ្រប់គ្រងការដ្ឋានជាប់រវល់៕
ចែករំលែកព័តមាននេះ