រាជធានីភ្នំពេញ ៖ កុមារីម្នាក់បានស្លាប់ភ្លាមៗ ខណៈពេលរត់ឆ្លងផ្លូវទៅរកឪពុក ស្រាប់តែត្រូវរថយន្តមកដល់ជាន់ហ្វ្រាំងមិនទាន់បុកពេញទំហឹងបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង៣និង៥០នាទីរសៀល ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ១៥៦ដេ ត្រង់ចំណុចក្នុង ភូមិប្ញស្សីក្រោក ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ស៊ិន ណារ៉ាក់ អធិការនគរបាល ស្រុកមង្គលបូរី បានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះ ទី លីកា ភេទស្រី អាយុ៥ឆ្នាំ មុខរបរសិស្ស មានឪពុកឈ្មោះ ម៉ាត់ ហ្វូទី អាយុ៤១ឆ្នាំ និង ម្តាយឈ្មោះ សុះ អាយនី អាយុ២៦ឆ្នាំ រស់នៅភូមិប្ញស្សីក្រោក ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ។ ចំណែកម្ចាស់រថយន្តបង្កឈ្មោះ សុធា ភេទប្រុស មិនស្គាល់អាស័យដ្ឋាន រត់គេចខ្លួន បានបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ធុនធំ ប្រភេទដឹកទិញ (ដឹកទឹកសុទ្ធ) ពណ៌ខៀវ ពាក់ផ្លាកលេខ ស្វាយរៀង 3A.1726។
លោកអធិការបានបន្តទៀតថា មុនពេលកើតហេតុ កុមារីរងគ្រោះបានតាមឪពុកម្តាយមកទិញ អីវ៉ាន់ជាមួយគ្នា ខណៈពេលម្តាយកំពុងតែទិញអីវ៉ាន់នៅខាងត្បូងផ្លូវ ហើយឪពុកឈរចាំនៅខាងជើងផ្លូវ ដោយក្មេងស្រីរងគ្រោះឃើញឪពុកឈរនៅទីនោះ ក៏រត់ឆ្លងទៅរកឪពុក ស្របពេលនោះដែរក៏មានរថយន្តមួយគ្រឿងបើកតាមបណ្តោយផ្លូវជាតិ៥៦ដេ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុឃើញដូច្នេះឱ្យជាន់ហ្វ្រាំងមិនទាន់ក៏បុកក្មេងស្រីរងគ្រោះចំកាងមុខរថយន្តបោកក្បាលទៅនឹងថ្នល់ស្លាប់ភ្លាមៗតែម្តង ចំណែកអ្នកបើករថយន្តក្រោយពេលកើតហេតុបានចុះរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យរួចប្រគល់សពក្មេងស្រីរងគ្រោះជូនឪពុកម្តាយ រៀបចំធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តត្រូវសមត្ថកិច្ចជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបូរី ៕
ចែករំលែកព័តមាននេះ