ខេត្តរតនគិរី ៖ យោងតាមសេចក្តីសម្រេចរបស់ក្រសួងការពារជាតិ ចុះថ្ងៃទី១៤ កុម្ភៈ បានសម្រេចប្រកាសតែងតាំងលោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការរង និងជានាយសេនាធិការកងរាជអាវុធហត្ថខេត្តរតនគិរី មកជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តរតនគិរី ជំនួសលោកឧត្តមសេនីយ៍ត្រី គឹម រស្មី ។
គួរបញ្ជាក់ថា លោកឧត្តមសេនីយ៍ត្រី គឹម រស្មី ត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា តាមសំណើទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ឱ្យលុបឈ្មោះចេញពីក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទ កាលពីថ្ងៃទី៩ កុម្ភៈ ឆ្នាំ២០១៩ កន្លងទៅ ។
ការដែលលុបឈ្មោះឧត្តមសេនីយ៍ត្រី គឹម រស្មី ចេញពីក្របខណ្ឌនៃកងយោធពលខេមរភូមិន្ទនោះ គឺបន្ទាប់ពីបានបែកធ្លាយវីដេអូលើបណ្តាញសង្គម ពេលដែលលោកបានចែកប្រាក់ដល់កូនៗចំនួន៥នាក់ ក្នុងម្នាក់ៗទទួលបាន១០ម៉ឺនដុល្លារ ហើយសរុបទាំងអស់គឺមាន៥០ម៉ឺនដុល្លារ ។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ