ខេត្តកណ្តាល ៖ ស្ត្រីម្នាក់ត្រូវបានម្តាយបង្កើតប្រទះឃើញដេកស្លាប់ក្នុងផ្ទះបាយ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចផ្ទះម្តាយបង្កើតរបស់ជនរងគ្រោះ ស្ថិតក្នុងភូមិផ្លូវត្រី ឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល។
ជនរងគ្រោះដែលស្លាប់ឈ្មោះ ឌុម សុខុម ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រែកក្មេង ឃុំព្រែកក្មេង ស្រុកល្វាឯម ខេត្តកណ្តាល។
តាមប្រភពពីសាក្សីនៅកន្លែងកើតហេតុបានអោយដឹងថា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ ស្ត្រីរងគ្រោះបានចាកចេញពីផ្ទះមកនៅផ្ទះម្តាយបង្កើតឈ្មោះប៉ុន ប៉ិច នៅភូមិផ្លូវត្រី ដោយជនរងគ្រោះមានជម្ងឺប្រចាំកាយផង ក៏ស្នាក់នៅជាមួយម្តាយ ហើយកន្លងមកស្ត្រីរងគ្រោះតែងតែផឹកស្រាជាប្រចាំ ព្រមទាំងមិនបានហូបបាយ ហូបទឹកទៀតផង។
ប្រភពដដែលបានបន្តថា លុះនៅថ្ងៃកើតហេតុ ស្ត្រីជនរងគ្រោះបានចូលទៅដេកនៅក្នុងផ្ទះបាយ រហូតដល់ម៉ោង៥និង៤៥នាទីល្ងាចថ្ងៃទី១៣ កុម្ភៈ ឆ្នាំ២០១៩ ពេលម្តាយចូលទៅមើល ទើបដឹងថាស្ត្រីរងគ្រោះជាកូនបានស្លាប់បាត់ទៅហើយ។ បន្ទាប់ពីកើតហេតុ មេភូមិបានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍ដើម្បីឱ្យចុះមកពិនិត្យកន្លែងកើតហេតុ។
បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ខាងលើ កម្លាំងជំនាញ និងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មគរលោកមេឃុំ លោកមេភូមិ លោកគ្រូពេទ្យមណ្ឌលសុខភាពថ្មគរ បានចុះធ្វើការពិនិត្យកន្លែងកើតហេតុ និងធ្វើកោសល្យ
វិច្ច័យលើសព រកពុំឃើញមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់នោះទេ ។ ក្រោយការពិនិត្យរួច សមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ