ខេត្តកំពង់ចាម ៖ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឱ្យដឹងថា គិតត្រឹមវេលាម៉ោង១១និង១២នាទីថ្ងៃទី១១ កុម្ភៈ ឆ្នាំ២០១៩ ក្មេងស្រីដែលបាត់ខ្លួន ត្រូវបានប្រជាពលរដ្ឋ និងសមត្ថកិច្ចប្រទះឃើញសពអណ្តែតក្នុងទឹកព្រែកចម្ងាយពីផ្ទះប្រហែល៣០០ទៅ៤០០ម៉ែត្រ ហើយសមត្ថកិច្ចកំពុងពិនិត្យ និងធ្វើកោសល្យវិច្ច័យ ។
គួររំលឹកថា មានករណីបាត់ខ្លួនក្មេងស្រីម្នាក់អាយុ៥ឆ្នាំ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីល្ងាចថ្ងៃទី១០ កុម្ភៈ ឆ្នាំ២០១៩ នៅចំណុចភូមិគៀនជ្រៃក្នុង ឃុំគៀនជ្រៃ ស្រុកកំពុងសៀម ។
ក្មេងស្រីដែលបាត់ខ្លួនឈ្មោះចំរើន សុខជា អាយុ៥ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំកើតហេតុខាងលើ ។
បើតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ថាមានករណីក្មេងស្រីខាងលើបាត់ខ្លួនកើតឡើងភ្លាម កម្លាំងសមត្ថកិច្ចជាច្រើនបានចុះទៅដល់ចំណុចកើតហេតុដើម្បីស្រាវជ្រាវជាបន្ទាន់ដែរ តែពុំមានតម្រុយថាក្មេងស្រីដែលបាត់ខ្លួនទៅទីណានោះទេ ។ គិតមកដល់វេលាម៉ោង១០និង៣៥នាទីព្រឹកថ្ងៃទី១១ កុម្ភៈ នេះ នៅតែមិនទាន់មានតម្រុយណាមួយថាក្មេងស្រីដែលបាត់ខ្លួនទៅដល់ទីណានោះទេ ។
តាមប្រភពព័ត៌មានខ្លះបានលើកឡើងថា ក្មេងស្រីដែលបាត់ខ្លួននោះសង្ស័យលង់ទឹកព្រែកក្រោយផ្ទះ ហើយសមត្ថកិច្ចកំពុងធ្វើការស៊ើបអង្កេត និងស្រាវជ្រាវក្នុងករណីនេះយ៉ាងក្តៅគគុក ។
នាព្រឹកថ្ងៃទី១១ កុម្ភៈ នេះដែរ លោកគួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត បានចុះសួរសុខទុក្ខក្រុមគ្រួសារសាច់ញាតិក្មេងស្រីដែលបាត់ខ្លួន និងបានបញ្ជាឱ្យកម្លាំងនគរបាល រួមទាំងកងរាជអាវុធហត្ថខេត្ត បើកការស៊ើបអង្កេត និងស្រាវជ្រាវតាមរកក្មេងស្រីដែលបាត់ខ្លួននោះ ។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕
ចែករំលែកព័តមាននេះ