ខេត្តរតនគិរី ៖ យុវតី៣នាក់នៃវិទ្យាល័យសម្ដេចឪសម្ដេចម៉ែ បានដួលសន្លប់នៅក្នុងថ្នាក់រៀនជាបន្តបន្ទាប់ ។ គ្រូពេទ្យប្រាប់ថា ពួកនាងខ្វះជាតិស្ករ ទើបបណ្តាលឱ្យមានអាការបែបនេះ ។ បន្ទាប់ពីគ្រូពេទ្យសង្គ្រោះរួច យុវតី២នាក់បានត្រឡប់ទៅផ្ទះវិញ និងម្នាក់កំពុងសម្រាកព្យាបាលបន្តនៅមន្ទីរពេទ្យបង្អែកខេត្ត ។
សិស្ស៣នាក់នោះសន្លប់ កាលពីវេលាម៉ោង១០ និង៣៥នាទីព្រឹកថ្ងៃទី៥ កុម្ភៈ នៅក្នុងថ្នាក់ទី១២B នៃវិទ្យាល័យសម្តេចឪសម្តេចម៉ែ ស្ថិតក្នុងភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី ។ ១-ឈ្មោះសឿន លី ២-ឈ្មោះសេង សុម៉ាលី និង៣-ឈ្មោះ សាមី ស៊ូភី ។
ប្រភពព័ត៌មានឲ្យដឹងថា ពីដំបូងឈ្មោះសេង សុម៉ាលី មានអាការផ្ដាសាយ ទឹកមុខស្លេកស្លាំង មិនស្រួលខ្លួន ក៏សុំគ្រូចេញក្រៅបន្ទប់ ដើម្បីលាបប្រេងខ្យល់ ។ ដោយនាងមិនធូរស្រាល ក៏នាំគ្នាចាប់ខ្យល់ឱ្យ ។ ទន្ទឹមនោះ ស្រាប់តែសិស្សម្នាក់ទៀត ឈ្មោះសឿន លី ដែលអង្គុយជាប់គ្នាបានដួលសន្លប់មុន ហើយបន្តិចមកឈ្មោះសេង សុម៉ាលី ក៏សន្លប់ដែរ ។ ការឆោឡោបានកើតឡើង ហើយសិស្សម្នាក់ទៀតឈ្មោះសាមី ស៊ូភី អង្គុយតុជិតគ្នាក៏សន្លប់ដែរ ។
ក្នុងស្ថានភាពបែបនោះ លោកគ្រូ អ្នកគ្រូប្រញាប់ប្រញាល់ដឹកបញ្ជូនយុវតីទាំង៣នាក់ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត ។ គ្រូពេទ្យឱ្យដឹងថា មកពីខ្វះជាតិស្ករ ទើបបណ្ភាលឱ្យយុវតីទាំងនោះឆាប់មានអាការភ័យ និងដួលសន្លប់ ៕
ចែករំលែកព័តមាននេះ