កាលបើបុគ្គលធ្វើតាមការចង្អុលបង្ហាញរបស់ព្រះពុទ្ធ នឹងបានសុខសួស្តីជាក់ជាពុំខាន ។ បុគ្គលណាធ្វើតាមគន្លងពុទ្ធោវាទ បុគ្គលនោះនឹងបានជោគជ័យក្នុងជីវិតៈ
ជីវិតបានសុខព្រោះសេពគប់ត្រូវ គឺសេពគប់អ្នកណាជាអ្នកមានសីលធម៌ មានប្រយោជន៍ជាទីពឹងពុំនាក់ ជាមិត្តនាំមកនូវសេចក្តីចម្រើនដល់គ្រួសារ មិនមែនជាមិត្តប្លម មិត្តពាល អាវ៉ាសែនោះឡើយ ។
អ្នកមានសីល បរិបូណ៌ដោយសទ្ធា បរិបូណ៌ដោយចាគៈ បរិបូណ៌ដោយបញ្ញា យើងត្រូវចូលទៅសាកសួរ សំណេះសំណាលជាមួយអ្នកទាំងនោះ ទោះជាគេវ័យក្មេងក៏ដោយ ចាស់ក៏ដោយ យើងត្រូវដឹងថា អ្នកទាំងនោះហើយជាកល្យាណមិត្តដ៏ប្រសើររបស់យើង ។
ជីវិតបានសុខព្រោះចិញ្ចឹមជីវិតត្រូវ គឺចិញ្ចឹមជីវិតដោយស្មើ គឺយើងត្រូវស្គាល់ការវិនាសទៅនៃទ្រព្យដោយហេតុនេះ ការចម្រើនទ្រព្យដោយហេតុនោះ ហើយចេះបរិភោគមិនត្បិតត្បៀតពេក មិនខ្ជះខ្ជាយពេក គួរបរិភោគឲ្យសមល្មមនឹងភោគៈដែលខ្លួនមាន មិនមែនខ្លួនជាអ្នកមានគ្រាន់បើដែរ តែទៅហូបរបស់សៅហ្មងមិនឆ្ងាញ់ពិសាដូចជារិះថាំពេក មើលតែមិនមានលុយទិញហូប ការរឹតត្បិតពេកនឹងនាំឱ្យជីវិតអាប់រស្មី ។
តែបើខ្លួនជាអ្នកទ័លក្រ ហើយស្រាប់តែចំណាយហួសប្រមាណដូចភាសិតថា ស៊ីដូចមុស ជុះដូចដំរីនោះក៏មិនត្រូវដែរ ។ កាលបើលុយកាក់មានដោយខំប្រឹងរកស៊ីអស់កម្លាំងល្ហិតល្ហៃទាំងថ្ងៃទាំងយប់ ហើយមានលុយកាក់ល្មមគ្រាន់បើដែរ តែយើងមិនហ៊ានហូបចុកទៀត អ្នកប្រាជ្ញលោកឲ្យឈ្មោះថា អ្នកកំណាញ់ក្រៅតម្រា មានប៉ុណ្ណាក៏នៅតែក្រ ។
អ្នកប្រាជ្ញលោកពោលថា ទោះជាមានទ្រព្យប៉ុណ្ណា បើក្នុងចិត្តយើងមិនចេះគ្រប់គ្រាន់ទេ នៅតែខ្វះរហូត ឈ្មោះថា ជននោះនៅតែក្ររហាមដដែល ។
ចែករំលែកព័តមាននេះ