កោះកុង ៖ មានករណីមួយដែលគួរឲ្យតក់ស្លុតបំផុតហើយបានកើតឡើងកាលពីវេលាម៉ោង៦និង០០នាទីព្រឹក ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅចំណុចមុខមន្ទីរអប់រំយុវជន និងកីឡាខេត្ត ស្ថិតក្នុងភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្ដកោះកុង ដែលកម្មការិនីរោងចក្រម្នាក់បានស្លាប់បាត់បង់ជីវិត ។
សមត្ថកិច្ចនៅមិនទាន់ដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីមូលហេតុអ្វីនៅឡើយទេ ព្រោះខណៈពេលអ្នកធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុបានប្រទះឃើញក្មេងស្រីជំទង់ម្នាក់ដេកដួលសន្លប់ជាមួយនឹងម៉ូតូ ម៉ាកវ៉េវ ពណ៌ក្រហមខ្មៅ គ្មានស្លាកលេខ។
ឃើញដូច្នេះអ្នកធ្វើដំណើរជាច្រើននាក់ក៏បានជួយដឹកក្មេងស្រីរងគ្រោះទៅកាន់មន្ទីរពេទ្យ តែគួរអោយសោកស្តាយពេលបញ្ជូនដល់មន្ទីរពេទ្យក្មេងស្រីរងគ្រោះបានស្លាប់បាត់ទៅហើយ។
តាមការអះអាងរបស់សាច់ញាតិក្មេងស្រីរងគ្រោះប្រាប់ថា នាងឈ្មោះ យ៉ិន អាយ អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្របានជិះម៉ូតូម៉ាក ខាងលើ មានទីលំនៅភូមិព្រែកស្វាយ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ។
ប្រភពដដែលបញ្ជាក់ទៀតថា ជារៀងរាល់ព្រឹកនាងតែងតែជិះម៉ូតូចេញពីផ្ទះមុនម៉ោង៦ ដើម្បីទៅធ្វើការរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចកោះកុងដែលមានចម្ងាយប្រមាណជាង១០គីឡូម៉ែត្រ ពីផ្ទះ ប៉ុន្តែមិនដឹងថា មានមូលហេតុអ្វីដែលបង្កអោយនាងដួលម៉ូតូយ៉ាងដូច្នេះត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកសន្លប់នៅនឹងកន្លែងកើតហេតុ ។
ទោះជាយ៉ាងណាពេលនេះសពក្មេងស្រីរងគ្រោះត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីផងដែរ ៕
ចែករំលែកព័តមាននេះ