រាជធានីភ្នំពេញ ៖ ស្ត្រីម្នាក់ដើរទាំងហូរឈាមស្រោចពេញខ្លួន ហើយដើរស្រែកយំនៅមុខទីស្តីការគណៈរដ្ឋមន្ត្រី បង្កឲ្យមានការភ្ញាក់ផ្អើលតាមដងផ្លូវនៅម្តុំសួនច្បារក្តាន់ពីរ នៅទល់មុខនឹងទីស្តីការគណៈរដ្ឋមន្ត្រី កាលពីម៉ោង៨និង៥០នាទីយប់ ថ្ងៃទី២២ ខែមករា ឆ្នាំ2019 ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ7មករា ។
ស្ត្រីដែលមានឈាមប្រឡាក់ពេញខ្លួនប្រាណមិនត្រូវបានស្គាល់អត្តសញ្ញាណទេ ដោយរងរបួសបែកក្បាលហូរឈាមស្រោចជោកជាំពេញខ្លួន។
ប្រភពពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុ គឺពួកគាត់ឃើញស្ត្រីខាងលើត្រូវបុរសម្នាក់ជិះម៉ូតូមួយគ្រឿងមិនចាំម៉ាកឌុបយកមកទម្លាក់ចោលនៅម្តុំសួនច្បារក្តាន់ពីរទាំងខ្លួនប្រាណប្រឡាក់សុទ្ធតែឈាម ចំណែកបុរសរូបនោះជិះម៉ូតូគេចខ្លួនបាត់ទៅ។ ដោយឡែកស្ត្រីរូបនោះមានហូរឈាមប្រឡាក់ បានដើររបណ្តើរយំបណ្តើរ ហើយស្រែកឡូឡាពេញផ្លូវ ឃើញដូច្នោះក៏មានអ្នកដែលឃើញហេតុការណ៍ឈប់សួរនាំ តែនាងប្រាប់ទាំងសម្តីសំឡុតដាក់គេថា «ត្រូវប្តីវ៉ៃ» និយាយតែប៉ុណ្ណឹងក៏ដើរចេញមិនឱ្យអ្នកណានៅជិតទេ ។
ប្រភពដដែលបន្តថា សួរនាំអ្វីក៏មិនឆ្លើយដែរ ដោយដើរបន្តរហូតមកដល់មុខទីស្តីការគណៈរដ្ឋមន្ត្រីក៏អង្គុយនៅទីនោះតែម្ដងបង្កឲ្យមានការភ្ញាក់ផ្អើលពេញដងផ្លូវ រួមទាំងសមត្ថកិច្ចចុះមកអន្តរាគមន៏ព្រោងព្រាតព្យាយាមសួរនាំរកមូលហេតុ តែនាងមិនបានមិនឆ្លើយអ្វីទេ ថែមទាំងដេញសមត្ថកិច្ចចេញមិនឱ្យនៅជិតទេ តែដោយសារស្ត្រីរូបនោះមានស្នាមបែកក្បាលរយះធំពេក សមត្ថកិច្ចក៏ទាក់ទងរថយន្តសង្គ្រោះមកដឹកទៅព្យាបាលរងរបួសនៅមន្ទីរពេទ្យ តែនាងមិនព្រមឡើងឡានពេទ្យទេ ព្យាយាមរត់គេចក៏ត្រូវសមត្ថកិច្ច និងក្រុមគ្រូពេទ្យជួយចាប់ទាញដាក់ចូលក្នុងរថយន្តសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យព្រះកុសមៈភ្លាមៗ។
ក្នុងហេតុការណ៍នេះ សមត្ថកិច្ចបានបញ្ជាក់ថា ករណីខាងលើនេះមិនមែនកើតឡើងនៅក្នុង ទឹកដីខណ្ឌ៧មករាទេ គឺមិនដឹងថា កើតឡើងនៅទីណាទេ គ្រាន់តែមានអ្នកដឹកយកមកទម្លាក់ចោលនៅសួនច្បារក្តាន់ពីរតែប៉ុណ្ណោះ។ ចំពោះករណីនេះសមត្ថកិច្ចសង្ស័យថា ស្ត្រីរូបនេះបែកថ្នាំ ទើបសមត្ថកិច្ចដឹកស្ត្រីរូបនេះយកទៅសង្គ្រោះ រួចហើយទាក់ទងទៅមន្ទីរសង្គមកិច្ច និងយុវនីតិសម្បទាឱ្យមកទទួលយកទៅអប់រំណែនាំ ៕
ចែករំលែកព័តមាននេះ