ខេត្តកំពង់ឆ្នាំង ៖ កសិកររស់នៅភូមិប៉ាតឡាង ឃុំក្រាំងលាវ ស្រុករលាប្អៀរ បានបន្តមរតកត្បាញបង្គីពីដូនតារហូតដល់សព្វថ្ងៃ ដើម្បីទ្រទ្រង់ជីវភាព និងការរស់នៅប្រចាំថ្ងៃរបស់ពួកគាត់ ។ យ៉ាងនេះក្តីពួកគាត់ចាប់ផ្ដើមមានការព្រួយបារម្ភហើយដែរ ព្រោះទីតាំងដែលគាត់ត្រូវទៅបោចដើមរំពាក់មកត្បាញបង្គីត្រូវបានគេឈូសឆាយដីព្រៃអស់ទៅហើយ ។
ស្ត្រីឈ្មោះ សុខ នី អាយុ៤២ឆ្នាំ មានទីលំនៅភូមិឃុំខាងលើបាននិយាយឲ្យដឹងថា គាត់បានប្រកបមុខរបរត្បាញបង្គីនេះជាយូរឆ្នាំណាស់មកហើយ ដើម្បីដោះស្រាយជីវភាព រស់នៅប្រចាំថ្ងៃ ដូចជា ថ្លៃកូនទៅរៀនជាដើម ។ ក្នុងមួយថ្ងៃជាមធ្យមគាត់ត្បាញបានបង្គី៤ទៅ៦បង្គី ឬច្រើនជាងនេះ បើគាត់ខំ ។
ចំណែកឯស្ត្រីឈ្មោះក្រួច ញ៉ អាយុ៤៦ឆ្នាំវិញក៏បាននិយាយអោយដឹងថា គាត់ពីរនាក់ប្ដីប្រពន្ធ បើមានដើមរំពាក់គ្រប់គ្រាន់ ក្នុងមួយថ្ងៃត្បាញបានរហូតទៅដល់១០សម្រាប់ ឬស្មើនឹង២០បង្គីឯណោះ ។ បង្គី១លក់បានតម្លៃ៣បាន់រៀល ។ ប៉ុន្តែបច្ចុប្បន្នក្រដើមរំពាក់ណាស់ គាត់មិនអាចត្បាញបានច្រើនទៀតទេ ព្រោះទៅបោចរំពាក់មួយថ្ងៃយកមកត្បាញបានតែ២ថ្ងៃ គឺអស់ហើយ ។
ជាមួយគ្នានេះដែរ ស្ត្រីឈ្មោះ ម៉ៅ គន្ធា អាយុ៣៧ឆ្នាំ ក៏បាននិយាយឱ្យដឹងដែរថា ព្រៃដែលគាត់ទៅបោចដើមរំពាក់ គឺដល់ភូមិប្រស្នឹបឯណោះ ដែលត្រូវចេញតាំងពីព្រឹករហូតដល់យប់បានមកដល់ផ្ទះវិញ ដោយវេចបាយកញ្ចប់ទៅ ហើយពេលយកដើមរំបាក់មកត្បាញបានតែ២ថ្ងៃក៏អស់ទៅហើយ ទើបនាំគ្នាចេញទៅបោចម្តងទៀត ។ ស្ត្រីរូបនោះបានបញ្ជាក់ថា មុខរបរត្បាញបង្គីលក់ គឺមិនមានចំណាយដើមទុននោះទេគ្រាន់តែអស់ថ្លៃជិះគោយន្ត ប៉ុណ្ណោះទៅមួយជើងគេយកម្នាក់៣ពាន់រៀល ក្រៅពីនោះវត្ថុធាតុដើមមានដើមរំពាក់ និងកូនឈើ ធ្វើធ្នង់បង្គី គឺកាប់ពីព្រៃមកទាំងអស់ ។ យ៉ាងនេះក្តីស្រី្តរូបនោះបានបញ្ជាក់ថា ដើមរំពាក់ក្រៅតែពីគេឈូសឆាយដីព្រៃក៏នៅមានអ្នកជីក ឬស រំពាក់ យកមកធ្វើថ្នាំថែរ ទើបដើមរំពាក់ចេះតែក្រទៅៗ ។
សូមបញ្ជាក់ដែរថា អ្នកភូមិប៉ាតឡាង ភូមិក្រាំងលាវ ស្ថិតក្នុងឃុំក្រាំងលាវ ស្រុករលាប្អៀរ ជាង៨០ភាគរយ សុទ្ធតែអ្នកប្រកបរបរត្បាញបង្គីគ្រប់ៗគ្នា ដែលជាមុខរបរបន្ទាប់បន្សំ ក្រៅពីការងារស្នូល គឺស្រែចម្ការ ហើយមុខរបរមួយនេះ ពួកគាត់បានប្រកបរយូឆ្នាំណាស់មកហើយ ដែលបន្តមរតកពីដូនតា ។
ប្រជាពលរដ្ឋទាំងនោះបានអោយដឹងដែរថា ក្នុងម្នាក់ជាមធ្យមគាត់បានពី៦ទៅ១០បង្គី ក្នុងបង្គីមួយលក់ថ្លៃ៣ពាន់រៀល ដូចច្នេះគាត់អាចរកចំណូលបានពី២ទៅ៣ម៉ឺនរៀល ដោយមិនចំណាយទុនច្រើននោះទេ ហើយចំណូលនេះសម្រាប់ផ្គត់ផ្គង់ជីវភាព ប្រចាំថ្ងៃ ក្រៅពីចំណូល បានពីស្រែចម្ការ ៕
ចែករំលែកព័តមាននេះ