នៅក្នុងឱវាទបាតិមោក្ខព្រះសម្ពុទ្ធទ្រង់ដាស់តឿនឲ្យអ្នកបួសពិចារណាថា អាត្មាអញជាបព្វជិតហើយ ត្រូវតែទ្រទ្រង់នូវគុណធម៌ឲ្យល្អសមគួរតាមភេទជាសមណៈទើបគួរ ឬក៏ពិចារណាថា ឥឡូវនេះ អាត្មាអញមានភេទផ្សេងអំពីគ្រហស្ថហើយ កិរិយាមារយាទណាៗ ដែលជារបស់អ្នកបួស អាត្មាអញត្រូវតែធ្វើឱ្យបាន។ អាត្មាអញមិនត្រូវប្រព្រឹត្តល្មើសខុសធម៌វិន័យរបស់បព្វជិតឡើយ ។
ព្រោះហេតុនេះទើបព្រះបរមសាស្តាទ្រង់ត្រាស់អប់រំជាគ្រឿងសង្កត់ចិត្តរបស់បព្វជិតដូច្នេះថា៖
ធម្មតាស្លឹកស្បូវដែលបុគ្គលចាប់កាន់មិនល្អ ហើយទាញភើចមក តែងមុតដៃ មានឧបមាយ៉ាងណា ផ្នួសដែលអ្នកបួសណាមួយកាន់មិនល្អ ប្រព្រឹត្តខុសច្បាប់វិន័យរបស់បព្វជិតរមែងប្រទាញយកអ្នកបួសនោះឲ្យចូលទៅក្នុងនរកក៏មានឧបមេយ្យយ៉ាងនោះដែរ ។
ការងារឯណាមួយដែលធូរថយក្ដី វត្តគឺសេចក្ដីប្រព្រឹត្តឯណានីមួយដែលសៅហ្មងក្ដី ព្រហ្មចរិយាឯណានីមួយដែលបុគ្គលមិនប្រតិបត្តិឱ្យហ្មត់ចត់ក្ដី ទាំង៣យ៉ាងនេះជាការមិនមានផលច្រើនឡើយ ។
បើបុគ្គលនឹងធ្វើកិច្ចអ្វីៗដែលជាកិច្ចគួរធ្វើ ក៏គប្បីធ្វើកិច្ចនោះចុះ តែត្រូវខំខ្នះខ្នែងធ្វើកិច្ចការនោះឲ្យមែនទែន កុំគ្រាន់តែថា ព្រោះធម៌វិន័យជាគ្រឿងអប់រំកាយ វាចា ចិត្ត ដែលបុគ្គលប្រព្រឹត្តធូរថយហើយ តែងត្រឡប់ឱ្យផលជាទោសវិញ ។
ចែករំលែកព័តមាននេះ