រាជធានីភ្នំពេញ ៖ បុរសម្នាក់ស្រវឹងស្រាជោកបានបើកបររថយន្តមួយគ្រឿងប្រភេទមួយបាំងកន្លះក្នុងល្បឿនលឿន ហើយងោកមួយភាំងក៏រេចង្កូតជ្រុលទៅបុកប៉ុស្តិ៍យាមរបស់សន្តិសុខ បណ្តាលអោយប៉ុស្តិ៍យាមរបស់សន្តិសុខរងការខូចខាត បន្ទាប់មករថយន្តបានបន្តកិនម៉ូតូណៃហតមួយគ្រឿងបណ្តាលអោយរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្តាលឱ្យមនុស្សណាម្នាក់អ្នករងរបួសនោះទេ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវបេតុងនៅចំណុចដីឡូត៍មួយកន្លែងស្ថិតនៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
តាមប្រភពពីសាក្សីដែលឃើញហេតុការណ៍បានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់មិនស្គាល់អត្តសញ្ញាណម្នាក់ មានវ័យជាង៣០ឆ្នាំ បានបើកបររថយន្តមួយគ្រឿងប្រភេទមួយបាំងកន្លះ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AR-៣៥១៦ ធ្វើដំណើរតាមបណ្តោយផ្លូវបេតុងក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុខាងលើនេះដោយសារតែអ្នកបើកបររថយន្តស្រវឹងខ្លាំងពេកបានងោកមួយភាំង ស្រាប់តែរេចង្កូតជ្រុលទៅបុកប៉ុស្តិ៍យាមរបស់សន្តិសុខមុខបុរីមួយកន្លែង បណ្តាលអោយរងការខូចខាត ហើយអ្នកបើកបរបំរុងនឹងបើករថយន្តគេចខ្លួនដែរ តែមិនបានប្រយ័ត្នក៏ជ្រុលកិនម៉ូតូណៃហតមួយគ្រឿងទៀតពណ៌ខ្មៅ ពាក់ស្លាកលេខ ម1990 ភព១ ដែលចតចោលនៅចិញ្ចើមផ្លូវ បណ្តាលអោយរងការខូចខាតយ៉ាងដំណំ រីឯរថយន្តបង្កវិញបានរងការខូចខាតខ្ទេចអស់មួយកំណាត់ខាងឆ្វេង និងបែកកញ្ចក់ខាងមុខ ។
ភ្លាមៗនោះដែលរថយន្តបង្កនៅតែមិនព្រមឈប់ទៀត ក៏បានបន្ថែមល្បឿនបើកគេច តែត្រូវបានក្រុមសន្តិសុខ និងសមត្ថកិច្ចអន្តរាគមន៍ខណ្ឌជ្រោយចង្វារជួយដេញឃាត់បាននៅចំណុចត្រង់ដីឡូមួយកន្លែងកំពុងតែសាងសង់ ។
ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបង្កត្រួវបានសមត្ថកិច្ចឃាត់ខ្លួន ចំណែកឯរថយន្តវិញត្រូវបានសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុកនៅប៉ុស្តិ៍ជ្រោយចង្វារដើម្បីរង់ចាំប្រគល់ទៅអោយខាងចរាចរណ៍ផ្លូវគោកដោះស្រាយជាបន្តទៅទៀត ៕
ចែករំលែកព័តមាននេះ