ខេត្តកណ្តាល ៖ រណ្តៅដីដ៏ធំ និងជ្រៅមហាសែនជ្រៅរបស់លោកកុយ ភារ៉ា បានធ្វើសកម្មភាពជីករយៈពេលយូរឆ្នាំមកហើយ នៅក្នុងឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្តាល កំពុងធ្វើឲ្យប្រជាពលរដ្ឋរស់នៅជុំវិញរណ្តៅដីយក្សមួយនេះសម្តែងការព្រួយបារម្ភពីបញ្ហាប្រឈមទៅនឹងគ្រោះថ្នាក់ផ្សេងៗដោយយថាហេតុ ។
ប្រភពព័ត៌មាននិយាយថា លោកកុយ ភារ៉ា បានមកទិញដីចំណុចខាងលើនេះ ដើម្បីធ្វើអាជីវកម្មជីកយកអាចម៍ដីលក់រយៈពេលយូរឆ្នាំមកហើយ ! ប៉ុន្តែមិនដឹងជា គេមានច្បាប់កម្រិតណានោះឡើយបានជាហ៊ានជីករណ្តៅដីមានជម្រៅជ្រៅមហាសែនជ្រៅ ! រហូតដល់ចេញរ៉ែខ្សាច់ខាងក្រោមដីដាក់ម៉ាស៊ីនបូមយកដីខ្សាច់លក់ថែមទៀតផង ។
ដែលសកម្មភាពនេះគ្មានដែលឃើញអស់លោកអាជ្ញាធរ ឫមន្ត្រីជំនាញស្ថាប័នណាមួយចុះទៅពិនិត្យមើលពីស្ថានភាពជម្រៅរណ្តៅដីនេះម្តងណានោះទេ ។ ភាពព្រងើយកន្ទើយមិនអើពើនេះ ហើយបានធ្វើឲ្យប្រជាពលរដ្ឋជាច្រើនដាក់ការសង្ស័យថា ប្រហែលជាម្ចាស់រណ្តៅដីឈ្មោះ កុយ ភារ៉ា នោះផ្តល់លាភសក្ការបែបសំរម្យណាមួយហើយមើលទៅបានសំងំស្ងៀមមិនអើពើសោះ ។
ប្រជាពលរដ្ឋបានសម្តែងនូវទឹកចិត្តមួរម៉ៅក្តៅក្រហាយ ខណៈរណ្តៅដីមួយនេះមានជម្រៅជ្រៅលើសច្បាប់កំណត់ និងធ្វើឲ្យពួកគាត់មានការព្រួយបារម្ភនៅពេលរដូវវស្សាមានភ្លៀងធ្លាក់ទឹកហូរច្រុះបាក់ដាច់ដល់ដីចំការរបស់ពួកគាត់ តើអ្នកណាជាអ្នកទទួលខុសត្រូវ ជាពិសេសខ្លាចកូនចៅ ឫសត្វពាហនៈដើរធ្លាក់ចូលក្នុងរណ្តៅដីនេះប្រាកដជាស្លាប់បាត់បង់ជីវិតជាក់ជាមិនខាន។
ចំណែករថយន្តដឹកអាចម៍ដី និងដឹកខ្សាច់ចេញពីរណ្តៅដីនេះមួយថ្ងៃៗជាច្រើនគ្រឿងដាក់ហៀរៗទ្រុងអត់ក្រប ហើយមិនបានស្រោចទឹកតាមដងផ្លូវបើកលឿនៗហ៊ុយទ្រលោមបង្កការប៉ះពាល់ដល់ការរស់នៅរបស់បងប្អូនប្រជាជនអមសងខាងផ្លូវនូវបញ្ហាផ្នែកសុខភាពយ៉ាងធ្ងន់ធ្ងរថែមទៀតផង ហើយណាមួយខណៈរថយន្តដឹកដីដឹកខ្សាច់បើកលឿនៗបែបនេះពួកគាត់ក៏កាន់តែព្រួយបារម្ភយ៉ាងខ្លាំងអំពីសុវត្ថិភាពកូនចៅតូចៗរបស់ពួកគាត់ជិះកង់ទៅរៀនមានគ្រោះថ្នាក់ចរាចរណ៍ ព្រោះកន្លងមកឧស្សាហ៍កើតមានករណីគ្រោះថ្នាក់ចរាចរណ៍ដោយសាររថយន្តដឹកដីដឹកខ្សាច់នេះ បើកកៀរបើកបុកក្មេងរហូតដល់ស្លាប់បាត់បង់ជីវិត និងរងរបួសធ្លាក់ខ្លួនពិការក៏មានដែរ ។
ទោះយ៉ាងណាមហាជនជាច្រើនសូមសំណូមពរដល់អាជ្ញាធរមន្ត្រីជំនាញស្រុក ខេត្តជាពិសេសមន្ត្រីជំនាញក្រសួងមេត្តាជួយចុះមកពិនិត្យមើលរណ្តៅដីរបស់លោកកុយ ភារ៉ា នេះផងដែលកំពុងធ្វើអាជីវកម្មជីកដឹកដី និងខ្សាច់ យ៉ាងអនាធិបតេយ្យបំផុតខុសបទដ្ឋានលក្ខណៈបច្ចេកទេសផ្គើនផ្ទុយទៅនឹងច្បាប់របស់ក្រសួងរ៉ែ និងថាមពលបានកំណត់ដោយមិនខ្លាចញញើតច្បាប់បន្តិចណាសោះ ប្រហែលជាអាងអ្នកមានអំណាចណាម្នាក់នៅពីខាងក្រោយខ្នងដ៏រឹងមាំហើយ មើលទៅបានជាដំណើរការបានដោយរលូនរាប់ឆ្នាំបែបនេះ ។
ជុំវិញកណីខាងលើនេះលោក នេត វាសនា ប្រធានការិយាល័យរ៉ែ និងថាមពលស្រុកកៀនស្វាយបានប្រាប់ឲ្យដឹងតាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី៨ មករានេះថា ពាក់ព័ន្ធបញ្ហានេះម្ចាស់អាជីវកម្មលោក កុយ ភារ៉ា គេមានលិខិតអនុញាតពីក្រសួងឲ្យជីកជម្រៅរហូតដល់ទៅជាង១០ម៉ែត្រឯណោះ ហើយបើចង់ដឹងច្បាស់សួរទៅខាងក្រសួងទៅ ព្រោះបើច្បាប់ខេត្តអនុញ្ញាត គឺតម្រូវឲ្យជីកត្រឹមតែជម្រៅ៥ម៉ែត្រប៉ុណ្ណោះ ៕
ចែករំលែកព័តមាននេះ