មានជីវិតគ៊ឹមានទុក្ខ ទោះបីពេលខ្លះបានសុខ ក៏សេចក្តីសុខនោះលាយឡំនឹងទុក្ខដែរ។ បណ្តាទុក្ខធំៗប្រចាំជីវិតសត្វលោកមានដូចជា ទុក្ខព្រោះសេចក្តីស្រែកឃ្លាន ទុក្ខព្រោះបំណុល ទុក្ខព្រោះជំងឺបៀតបៀនទុក្ខព្រោះភ័យ ទុក្ខព្រោះសេចក្តីស្លាប់និរាសព្រាត់ប្រាសចាកភព ដែលជាទុក្ខយ៉ាងខ្លាំងក្លាបំផុត ។
ព្រោះថានៅពេលមនុស្សយើងជិតស្លាប់ អវយវៈទាំងអស់នៅក្នុងរូបកាយឈប់ធ្វើការទៅតាមមុខងាររបស់ខ្លួនទៀតហើយ ឈប់ទទួលប្រតិបត្តិការទៅតាមការបង្គាប់បញ្ជារបស់ចិត្តទៀតហើយ។ នៅពេលនោះ ភ្នែកស្រវាំង ឈប់ទទួលអារម្មណ៍ពីភ្នែក, ត្រចៀកហ៊ឹងណែនឈប់ទទួលសំឡេង, ច្រមុះលែងធុំក្លិន, អណ្តាតឈប់ទទួលរសជាតិ, រាងកាយក៏ឈប់ទទួលធាតុក្តៅត្រជាក់។
ខណៈនេះនៅសល់តែខ្យល់ដកចេញទៅក្រៅច្រើន ចូលមកក្នុងខ្លួនវិញតិច ម្ល៉ោះហើយ ចិត្តដែលនៅអាស្រ័យជាមួយនឹងខ្យល់នោះយ៉ាងតិចតួចបំផុត ធ្វើឱ្យរូបកាយរងទុក្ខវេទនាយ៉ាងខ្លាំងក្លា ក្រៃណាទុក្ខរកអ្វីប្រៀបពុំបានឡើយ ។
ជីវិតទាំងអស់ទាំងអ្នកមាន ទាំងអ្នកក្រ ទាំងក្មេង ទាំងចាស់គឺមានសភាពបែបនេះឯង មិនមានសត្វលោកណាមួយគេចរួចចៀសផុតបានឡើយ ។
បណ្ឌិតអ្នកប្រាជ្ញទាំងឡាយយល់ពីលោកនេះហើយ ក៏ខំធ្វើបុណ្យសន្សំកុសលព្រោះតែខ្លាចកំណើតនេះឯង។ សូមសាធុជនប្រព្រឹត្តតែអំពើសុចរិតពីឥឡូវនេះទៅ និងកុំគិតថា ខ្លួននៅក្មេងកុំអាលធ្វើបុណ្យ រង់ចាំដល់វ័យចាស់បន្តិចទើបទៅវត្ត។
ទស្សនៈបែបនេះមិនទាន់ត្រឹមត្រូវទេ ព្រោះថាសេចក្តីស្លាប់មិនមែនតែចាស់ឯណា ក្មេងខ្លះក៏ស្លាប់ដែរ កុំចាំបន្តិចទៀត ធ្វើសេចក្តីល្អឱ្យហើយទៅ ។
ចែករំលែកព័តមាននេះ