ទេវទូតទាំង៤ជាដើមហេតុដឹកនាំឱ្យព្រះអង្គកើតសង្វេគតក់ស្លុតក្នុងសង្ខារ ហើយគិតរកផ្លូវដើម្បីចេញព្រះផ្នួសស្វែងរកទីរំលត់ទុក្ខ។ ការប្រទះឃើញទេវទូតទាំង៤លើកនេះខណៈដែលព្រះអង្គនិងឆន្នអាមាត្យបានលួចចេញទៅខាងក្រៅរាជវាំងដើម្បីទស្សនាទតមើលជីវភាពរបស់ប្រជារាស្ត្រ ព្រោះតាំងតែពីតូចមករហូតចម្រើនពេញវ័យ ព្រះអង្គពុំដែលបានចេញទៅណាឡើយ ។ ខាងក្រោមនេះជាប្រភេទទេវទូតទាំងបួនៈ
ទេវទូតទី១-ព្រះអង្គបានទតឃើញជនចំណាស់ដើរទ្រេតទ្រោតកាន់ឈើច្រត់យោងអាត្មាស្ទើរតែមិនរួចតាមដងវិថី។
ទេវទូតទី២-របានទតឃើញ មនុស្សមានជំងឺដេកបម្រះននៀលស្រែកថ្ងូររហ៊ឺសដោយទុក្ខវេទនា។
ទេវទូតទី៣-ព្រះអង្គបានទតព្រះនេត្រឃើញសាកសពមនុស្សឡោមព័ទ្ធទៅដោយពួកញាតិទួញយំ ស្តាយស្រណោះអាឡោះអាល័យ ។
ដោយប្លែក ព្រះទ័យព្រះអង្គក៏ បានសាកសួរឆន្នអាមាត្យថា តើពួកមនុស្សទាំងអស់នេះចុះហេតុអ្វីទើបបានមានអាការៈខុសប្រក្រតីដូច្នេះ0x017d7 អាមាត្យតបថា មិនចំពោះតែពួកគេនោះទេ ទូលព្រះបង្គំក៏ដោយ ព្រះវររាជបិតាមាតា ឬព្រះរាជទេពី ឬសូម្បីតែព្រះអង្គផ្ទាល់ក្តីក៏នឹងជួបប្រទះជាក់ជាមិនខាននូវជរាភាព ព្យាធិភាព និងមរណភាព ។
បានព្រះសណ្តាប់ឮដូច្នោះ ព្រះអង្គតក់ស្លត់ក្នុងព្រះហរទ័យយ៉ាងខ្លាំងដែលបានដឹងថា មនុស្សគ្រប់រូបមិនអាចគេចផុតពីសភាពកើត ចាស់ ឈឺ ស្លាប់បាន ។
ទេវទូតទី៤-ព្រះអង្គ បានទតឃើញអ្នកបួសស្វែងរកមោក្ខធម៌ហើយឆន្នអាមាត្យពណ៌នា ថាព្រះគុណម្ចាស់ទាំងនេះកំពុងតែស្វែងរកនូវទីរំលត់ទុក្ខដោយវិធីអង្គុយស្មិងស្មាធិ៍ ដូច្នេះឯង ។
តាំងតែពីថ្ងៃនោះមកព្រះអង្គពុំដែលសប្បាយក្នុងព្រះហរទ័យឡើយ ព្រះអង្គសញ្ជឹងគិតដល់ទេវទូតទាំង៤ហើយគិតរកផ្លូវចេញព្រះផ្នួសស្វែងរកមោក្ខធម៌ ។
រហូតដល់ព្រះជន្មវស្សាគ្រប់២៩ឆ្នាំ នារាត្រីពេញបូណ៌មី ព្រះចន្ទពេញវង់នោះ ព្រះរាហុលក៏បានប្រសូត។ ព្រះរាជហរទ័យស្នេហារាប់លានបានស្រោចស្របហើយលើព្រះរាហុល រាជឱរស ព្រះអង្គរំពឹងឃើញថា បណ្តាញសំណាញ់បានចាក់ស្រេះហើយក្នុងហរទ័យអញ តែអញនឹងចេញស្វែងរកមោក្ខធម៌នាកាលឥឡូវនេះឯង។
ព្រះអង្គស្តេចយាងទៅរកឆន្នអាមាត្យឲ្យនាំសេះឈ្មោះកណ្ឋកៈ មកថ្វាយហើយនាយឆន្នៈក៏ធ្វើដំណើរទៅតាមព្រះអង្គដែរឆ្ពោះទៅកាន់ព្រៃភ្នំ ហើយទ្រង់បានកាត់ព្រះកេស សាងផ្នួសនាមាត់ស្ទឹងអនោមានិងបញ្ជូនឆន្នអាមាត្យនិងសេះកណ្ឋកៈព្រមទាំងគ្រឿងរាជឥស្សរិយយស ទៅកាន់ព្រះបរមរាជវាំងវិញ។
សូមបញ្ជាក់ថា បណ្តាទេវទូតទាំង៤នេះ មិនមែននិមិត្តឱ្យព្រះអង្គឃើញម្តងទាំង៤នោះទេ គឺរយៈពេល៦ខែទើបនិមិត្តឱ្យឃើញម្តង ។
ចែករំលែកព័តមាននេះ