រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា នៅទីបំផុត បុរសដែលចាក់សម្លាប់បុរសជនជាតិចិនម្នាក់ស្លាប់ ក្នុងពេលកំពុងនៅជាមួយអតីតប្រពន្ធនិងម្តាយក្មេកហូបសាច់អាំងនៅហាង«Family BBQ» បឹងត្របែក ត្រូវកម្លាំងសមត្ថកិច្ចចាប់ខ្លួនបានហើយ នៅព្រឹកថ្ងៃទី៤ មករា នេះ ខណៈកំពុងសាកសួរនៅ អធិការដ្ឋាននគរបាលខណ្ឌចំការមន ។
បើតាមប្រភពពីនគរបាលខណ្ឌចំការមនក៏បានឱ្យដឹងដែរថា បុរសដៃដល់រូបនេះ មានឈ្មោះគង់ កុសល អាយុ៣៨ឆ្នាំ ជាមន្ត្រីយោធាមានឋានន្តរស័ក្តិថ្នាក់អនុសេនីយ៍ឯក ។ ប្រភពបន្តថា ការឃាត់ខ្លួនបាននេះ គឺមានការចូលរួមពីកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្ម
ទណ្ឌម្រិតធ្ងន់ ដោយបានស្រាវជ្រាវរហូតឃាត់ខ្លួនបាននៅចំណុចក្នុងវត្តថ្ម៣ដុំ ភ្នំត្បែងមានជ័យ ភូមិភក្តី ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ។
ប្រភពន្តថា ក្រោយពេលជនដៃដល់ធ្វើសកម្មភាពចាក់សម្លាប់បុរសជនជាតិចិន ដែលជាមិត្តប្រុសថ្មីរបស់អតីតប្រពន្ធស្លាប់ និងស្ត្រីជាប្រពន្ធរួមទាំងម្តាយក្មេកបានរងរបួសធ្ងន់-ស្រាលដែរនោះ ខ្លួនគេបានជិះម៉ូតូម៉ាក PCXមួយគ្រឿង ជិះរត់គេចខ្លួនបាត់រហូតមកទល់ថ្ងៃចាប់ខ្លួននេះ ។
គួររំលឹកថា ហេតុការណ៍នេះចាក់សម្លាប់នេះ គឺបានកើតឡើងកាលពីយប់ថ្ងៃទី២៤ ធ្នូ កន្លង ស្ថិតក្នុងហាង Family BBQ ដែលមានទីតាំងផ្ទះលេខ៧៩៣ ផ្លូវលេខ១០១ ក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន ។
ព័ត៌មានបន្ថែមនឹងផ្សាយជូនបន្តទៀត ។
ចែករំលែកព័តមាននេះ