អ្វីៗក្នុងលោកនេះគ្មានអ្វីដែលទៀងទាត់ ឋិតថេរនោះទេមានតែការវិនាសព្រាត់ប្រាសទៅជាធម្មតា បើយល់ពីសភាពពិតបែបនេះហើយ បុគ្គលមិនគប្បីជាប់ជំពាក់រហូតងប់ងល់ជ្រុលជ្រប់ខូចចិត្តឡើយ ឯលោកនេះក៏មិនបានបង្រៀនយើងឱ្យមកគ្រប់គ្រងហួងហែងដែរ ។
ជនណាដែលហួងហែងថា អ្វីៗសុទ្ធតែជារបស់អញហ្នឹងឯងធ្វើឱ្យចិត្តមិនស្ងប់រម្ងាប់ គឺចេះតែចង់ហួងហែង ការពារ ជននោះក៏កើតទុក្ខ ខូចចិត្ត រស់នៅគ្មានសេចក្ដីសុខ ព្រោះតែថែរក្សាមិនបានឋិតថេរដូចបំណង ។
នៅក្នុងគម្ពីរទស្សនវិជ្ជាដែលមានចំណងជើងថា អដ្ឋង្គិកមគ្គជាផ្លូវនាំទៅរកសន្តិភាពបានអប់រំថា បើអ្នកដែលយើងស្រឡាញ់ ហើយគេមានចិត្តទៅចោលយើង ក្នុងស្ថានភាពបែបនេះយើងកុំឃុំឃាំង កុំរារាំងបំណងរបស់គេអី គួរឲ្យអភ័យ មានអធ្យាស្រ័យផ្តល់ក្តីសន្តោស អនុញ្ញាតឱ្យគេទៅចុះ ហើយក៏មិនចាំបាច់លំបាកថែរក្សា និងមិនលំបាកសោយសោករហូត ទៅសេពគ្រឿងស្រវឹងបំភ្លេចទុក្ខ បំភ្លេចការឈឺចាប់នោះក៏ទេដែរ នាំតែលំបាកខ្លួនឯងទេ ។
កាលបើបុគ្គលយល់ពីការពិតបែបនេះហើយ គួរចេះទូន្មានជីវិតរស់នៅជាមួយនឹងខ្លួនឯងឲ្យបានល្អ រស់នៅជាមួយនឹងស្មារតីរឹងមាំ ចងចាំខ្លួនឯងជានិច្ចគឺជារឿងប្រសើរបំផុត ។
ចែករំលែកព័តមាននេះ