បន្ទាយមានជ័យ ៖ ជម្លោះក្នុងគ្រួសារមួយរវាងបុរសជាប្តីត្រូវនាងជាប្រពន្ធចាក់២កាំបិតចិតបន្លែចំក្បាល និងក បណ្តាលឲ្យរងរបួសធ្ងន់ បង្កភ្ញាក់ផ្អើលពេញភូមិ ។ ហេតុការណ៍ខាងលើកើតឡើង កាលពីព្រឹកថ្ងៃទី២៩ ធ្នូនេះ នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងបោយប៉ែត ។
ជនរងគ្រោះឈ្មោះ ផាត់ អឿម អាយុ២៣ឆ្នាំ ចំណែកជនដៃដល់ជាប្រពន្ធឈ្មោះ ភាព ពៅអាយុ២១ឆ្នាំ គ្រួសារមួយនេះមានទីលំនៅភូមិទំនប់ក៥ សង្កាត់ និងក្រុងប៉ោយប៉ែត ។
ប្រភពបានឲ្យដឹងថា មុនកើតហេតុគ្រួសារមួយនេះបានផ្ទុះជម្លោះនឹងគ្នា គឺបុរសជាប្តីហាមមិនឲ្យប្រពន្ធស្លៀកពាក់ខើច ឬខ្លីពេក ខ្លាចអ្នកស្រុកពេបជ្រាយ តែនាងជាប្រពន្ធខឹងក៏ផ្ទុះជាជម្លោះឡើងឈានដល់ហិង្សាតែម្តង ។
ចំណែកស្ត្រីជាម្តាយជនរងគ្រោះដែលដឹកបញ្ជូនកូនចូលមន្ទីរពេទ្យប្រាប់អ្នកយកព័ត៌មានថាករណីហិង្សាក្នុងគ្រួសារកូនគាត់កើតមានញឹកញយ ហើយថា កាលលើកមុននាងជាប្រពន្ធក៏ធ្លាប់កាប់ប្តីឲ្យរបួសម្តងដែរ ។ យ៉ាងណាក៏ដោយក្រោយកើតហេតុគេឃើញសមត្ថកិច្ចទាំងនគរបាល និងអាវុធហត្ថបានចុះទៅចំណុចនោះភ្លាម ហើយដើម្បីសួរនាំរកមូលហេតុ ។
លោក ប្រឹម សុផល នាយប៉ុស្តិ៍រដ្ឋបាលនគរបាលសង្កាត់ផ្សារកណ្តាលប្រាប់តាមទូរស័ព្ទថា ករណីខាងលើជាអំពើហិង្សាក្នុងគ្រួសារ ប៉ុន្តែមិនបានប្រាប់លម្អិតពីដំណើររឿងទាំងស្រុងនោះទេ ហើយថា ស្ត្រីដៃដល់ពេលនេះកំពុងសាកសួរនៅឡើយ ។ គេគិតថា បើគ្មានភ្លើងក៏គ្មានផ្សែងដែរ អាចបុរសជាប្តីកើតរោគប្រចណ្ឌ ឬរករឿងប្រពន្ធទើបកើតមានអំពើហិង្សាឡើង ៕
ចែករំលែកព័តមាននេះ