ខេត្តបាត់ដំបង ៖ ផែនការផ្គត់ផ្គងស្បៀងអាហារត្រីសាច់គ្រប់ប្រភេទ និងគ្រឿងទេសដល់កងកម្លាំងទ័ពគ្រប់បណ្តាអង្គភាពទាំង២៣អង្គភាព មានខេត្តពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ និងប៉ៃលិន ចំណុះឲ្យយោធភូមិភាគទី៥ បានប្រជុំត្រៀមបន្តទិសដៅឆ្នាំ២០១៩ខាងមុខនេះជាបន្តទៅទៀត ។
ក្រោមអធិបតីលោកឧត្តមសេនីយ៍ទោ ខាត់ ជន់ មេបញ្ជាការរងយោធភូមិភាគទី៥ ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ទោ ជុំ សុឃឿន នាយករង នាយកដ្ឋានផ្គត់ផ្គងស្បៀងក្រសួងការពារជាតិប្រចាំតំបន់២-៣-និង៤ លោកឧត្តមសេនីយ៍ទោអ៊ុង សុវណ្ណ ប្រចាំតំបន់១ នៅក្នុងការិយាល័យទី៤ របស់យោធភូមិភាគទី៥ វេលាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ដោយមានសមាសភាពចូលរួមគ្រប់បណ្តាអង្គភាពចំនួន៦៤នាក់ ។
លោកឧត្តមសេនីយ៍ត្រី ដួង សុខសារិន នាយការិយាល័យទី៤បានមានមតិស្វាគមន៍ និងរាយការណ៍អំពីការផ្គត់ផ្គង់កន្លងមក គឺធានាបានទាំងការហូបចុកជម្រកស្នាក់នៅផ្ទះបាយសម្លៀកបំពាក់ព្រមទាំងគ្រឿងបរិក្ខាទ័ពផ្សេងៗទៀតដែលអាចឲ្យកម្លាំងទ័ពយើងមានសុខភាព និងគុណភាពបានយ៉ាងល្អប្រសើរ ។
បន្ទាប់ពីគ្រប់តាមបណ្តាអង្គភាពទាំង២៣បានរាយការណ៍បន្ថែម លើកឡើងពីចំណុចខ្វះខាត និងចំណុចទទួលយកបានគ្រប់អង្គភាពរួចមកលោកឧត្តមសេនីយ៍ទោ ជុំ សុឃឿន និងលោកឧត្តមសេនីយ៍ទោ អ៊ុង សុវណ្ណ នាយករង នាយកដ្ឋានផ្គត់ផ្គង់ស្បៀងក្រសួងការពារជាតិ បានបញ្ជាក់ថា ក្រសួងការពារជាតិបានទំនុកបម្រុងត្រៀមជាបន្តទៅទៀតសម្រាប់ពេលខាងមុខ ដោយបូកផ្សំ និងថវិការបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី តែងតែជួយបន្ថែមទៀតលើការងារចិញ្ចឹមទ័ពកន្លងមកនេះ ហើយបានតាមដានជាប្រចាំក្នុងផ្នែកជីវភាពរស់នៅប្រចាំថ្ងៃ និងការថែទាំសុខភាព មិនឲ្យកម្លាំងទ័ពជួបការលំបាកឡើយ ។
បន្តមកលោកឧត្តមសេនីយ៍ទោ ខាត់ ជន មេបញ្ជាការរងយោធភូមិភាគទី៥បានថ្លែងថា សុំឯកភាពតាមរបាយការណ៍កែសម្រួលចំណុចខ្វះខាត និងយកបទពិសោធន៍ទទួលបានលទ្ធផលល្អ ក្នុងជំហានសាកល្បង៨ឆ្នាំកន្លងមកនេះ គឺអាចធានាបានយ៉ាងល្អប្រសើរ ហើយកាន់តែមានភាពងាយស្រួលបន្ថែមទៀត ពីព្រោះឥឡូវតាមអង្គភាពដែលនៅតាមតំបន់ជនបទដាច់ស្រយាល គឺយើងមានផ្លូវល្អស្រួលជាងមុនឆ្ងាយណាស់ក្នុងការជួយផ្តល់ផ្គត់ផ្គង់គ្រប់តាមបណ្តាអង្គភាពមិនឲ្យជួបការលំបាកទៀតឡើយ ។
ចែករំលែកព័តមាននេះ