ខេត្តកណ្តាល ៖ ឪពុក និងកូនបានទៅដក់មងយកត្រីមកធ្វើម្ហូប តែអកុសលបានដើរធ្លាក់ចូលក្នុងទឹករណ្តៅអាអិច បណ្តាលឱ្យលង់ទឹកស្លាប់ទាំងពីរនាក់តែម្តង ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចទំនប់ត្រស់ ក្នុងរណ្តៅអាអិច ស្ថិតក្នុងភូមិត្បូវត្ត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល ។
ជនរងគ្រោះដែលស្លាប់ទាំង២នាក់ខាងលើ ម្នាក់ឈ្មោះ លន់ លីហេង ភេទប្រុស អាយុ ៣៧ឆ្នាំត្រូវជាឪពុក និងម្នាក់ទៀតឈ្មោះ ហេង លីហ៊ន់ ភេទស្រី អាយុ៨ឆ្នាំ ត្រូវជាកូន ។ ជនរងគ្រោះទាំង២នាក់នេះមានទីលំនៅភូមិត្បូងវត្ត ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្តាល។
ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ កាលពីវេលាម៉ោង៧យប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ឈ្មោះ លន់ លីហេង ដែលត្រូវជាឪពុកបាននាំកូនស្រីទៅដាក់មងនៅចំណុចទំនប់ត្រស់ ភូមិត្បូងវត្ត លុះបាត់ដំណឹងយូរពេក ប្រពន្ធ និងបងប្អូនបាននាំគ្នាទៅរកជនរងគ្រោះទាំង២នាក់នៅកន្លែងដាក់មង តែរកពុំឃើញសោះ ដោយមានការសង្ស័យ បងប្អូនក៏នាំគ្នាចុះរកក្នុងទឹករណ្តៅអាអិច ក៏ប្រទះឃើញសពជនរងគ្រោះទាំងពីរឪពុកនិងកូនស្រីស្លាប់ក្នុងទឹកយ៉ាងអាណោចអាធ័ម ហើយក៏បានយកសពជនរងគ្រោះទាំងពីរនាក់មកផ្ទះ ធ្វើបុណ្យតាមប្រពៃណី។
ចំពោះការស្លាប់របស់ជនរងគ្រោះទាំងពីរនាក់ខាងលើនេះ ក្រុមគ្រួសារមិនបានអោយសមត្ថកិច្ចធ្វើកោសល្យវិច្ឆ័យអ្វីទេ ព្រោះគ្រួសាររបស់ជនរងគ្រោះពុំមានការសង្ស័យលើអំពើឃាតកម្មណាមួយឡើយ ៕
ចែករំលែកព័តមាននេះ