រាជធានីភ្នំពេញ ៖ យ៉ាងហោចណាស់បុរសម្នាក់បានស្លាប់នៅនឹងកន្លែង ចំណែកមនុស្ស៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់ក្នុងគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូសណ្តោងរ៉ឺម៉កបុកគ្នាជាមួយរថយន្តមួយគ្រឿងជាប្រភេទដឹកកម្មករ ហើយរថយន្តនោះបានបន្តទៅបុកជាមួយម៉ូតូមួយគ្រឿងផ្សេងទៀត ។
គ្រោះថ្នាក់ចរាចរដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវបេតុង៣០ម៉ែត្រជិតវត្តកំពែង ស្ថិតនៅក្នុងភូមិទួលពង្រ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បុរសរងគ្រោះដែលស្លាប់មិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយទេ ជាអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉កដឹកដែកមួយគ្រឿង ពាក់ស្លាកលេខ កណ្តាល ១C-៦២៧៣ ។ ចំណែកភាគីខាងរថយន្តមួយគ្រឿងជាប្រភេទរថយន្តដឹកកម្មកររោងចក្រ ម៉ាកសាំយ៉ុង ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ២AK-៧៩៨៣ បើកបរដោយឈ្មោះ ង៉ែត ម៉ឺន ភេទប្រុស អាយុ៣៥ឆ្នាំ មានស្រុកកំណើតនៅស្រុកព្រះស្តេច ខេត្តព្រៃវែង ត្រូវបានសមត្ថកិច្ចចាប់ខ្លួន។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបរម៉ូតូសណ្តោងរ៉ឺម៉កដឹកដែកបើកបរក្នុងល្បឿនលឿនក្នុងទិសដៅពីត្បូងទៅជែងយានយន្តផ្សេងៗទៀតដែលកំពុងបើកស្របទិសគ្នា លុះពេលមកដល់ត្រង់ចំណុចកើតហេតុ ស្រាប់តែម៉ូតូសណ្តោងរ៉ឺម៉កបានដាច់កង់ក្រោយខាងឆ្វេង បណ្ដាលឲ្យរេចង្កូតជ្រុលទៅបុកចំពីមុខរថយន្តម៉ាកសាំយ៉ុង ដែលបើកបរក្នុងទិសដៅបញ្ច្រាស់ទិសគ្នា ពេញទំហឹង បណ្តាលឱ្យបុរសអ្នកបើកបរម៉ូតូសណ្ដោងរ៉ឺម៉កដឹកដែករយះពោះធ្លាយពោះវៀន និងបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។
ប្រភពដដែលបានបន្តថា បន្ទាប់ពីបុកគ្នាជាមួយម៉ូតូសណ្ដោងរ៉ឺម៉ករួច រថយន្តម៉ាកសាំយ៉ុងក៏បានរេចង្កូតជ្រុលទៅបុកជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ក្រុងព្រះសីហនុ ១A-៦០៦៩ ដែលជិះគ្នា៣នាក់ (ក្នុងនោះមានប្តី ប្រពន្ធនិងកូន) បណ្ដាលឲ្យរងរបួសធ្ងន់ទាំង៣នាក់ថែមទៀតផង។
ពេលកើតហេតុភ្លាមៗ អ្នកបើកបររថយន្តម៉ាកសាំយ៉ុងខាងលើបម្រុងរត់គេចខ្លួនដែរ ប៉ុន្តែត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ព្រៃសប្រចាំការនៅគោលដៅជិតនោះឃាត់ខ្លួនបាននាំយកទៅសាកសួរ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានបញ្ជូនជនរងគ្រោះដែលរងរបួសធ្ងន់ទាំង៣នាក់ទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ។ ចំណែកសពអ្នកបើកបរម៉ូតូសណ្តោងរ៉ឺម៉កដឹកដែកត្រូវបានដឹកយកទៅតម្កល់ទុកនៅឈាបនដ្ឋានវត្តទឹកថ្លា ដើម្បីរង់ចាំស្រាវជ្រាវរកក្រុមគ្រួសារទៅទទួលយកធ្វើបុណ្យតាមប្រពៃណី ។
សមត្ថកិច្ចបាននាំយកអ្នកបើកបររថយន្តខាងលើ រួមទាំងរថយន្តម៉ាកសាំយ៉ុង ព្រមទាំងម៉ូតូ និងម៉ូតូសណ្ដោងរ៉ឺម៉កដឹកដែក ទៅកាន់ការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋានរាជធានីភ្នំពេញដើម្បីចាត់ការបន្តតាមនីតិវិធី៕
ចែករំលែកព័តមាននេះ