រាជធានីភ្នំពេញ ៖ នៅសល់តែ១៧ថ្ងៃទៀតត្រូវចូលរោងការ បុរសម្នាក់ជួបគ្រោះអកុសលយ៉ាងរន្ធត់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ជិះម៉ូតូជ្រុលទៅប៉ះដៃចង្កូតជាមួយនឹងរ៉ឺម៉កម៉ូតូហើយជ្រុលទៅបុករថយន្តមិនចាំម៉ាកមួយគ្រឿងទៀត ដែលធ្វើដំណើរក្នុងទិសដៅស្របគ្នា បណ្តាលអោយបុរសម្នាក់ជាអ្នកបើកបរម៉ូតូដួលបោកក្បាលហូរឈាមស្លាប់នៅកន្លែងកើតហេតុ ចំណែកបុរសម្នាក់ទៀតដែលជិះពីក្រោយត្រូវជាមិត្តភក្តិរបស់ជនរងគ្រោះបានរងរបួសស្រាល ។
ហេតុការណ៍ដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៨ ទល់មុខច្រកចូលសាលាសង្កាត់ស្ទឹងមានជ័យ២ ផ្លូវ២១៧ ភូមិឬស្សី ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។
ជនរងគ្រោះដែលស្លាប់ឈ្មោះ និល សីហា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបោះពុម្ភ និងជាគ្រូល្បុក្កតោ ស្នាក់នៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ មានស្រុកកំណើតភូមិត្រាព្រះ ឃុំព្រែកតាស ស្រុកពារាំង ខេត្តព្រៃវែង ជាអ្នកបើកបរម៉ូតូ ។ ចំណែកមិត្តភក្តិដែលអ្នករួមដំណើរបានរងរបួសស្រាលឈ្មោះស សៀវ វិន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរបោះពុម្ភ មានស្រុកកំណើតជាមួយនឹងជនរងគ្រោះ ។ រីឯនារីជាគូដណ្តឹងរបស់ជនរងគ្រោះឈ្មោះ ពៅ ពិសិដ្ឋ ស្នាក់នៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរស២នាក់មិនដឹងថាគោលបំណងទៅណានោះទេ បានជិះម៉ូតូមួយគ្រឿងម៉ាកស្គូពី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១GN-៧៣៨៨ ធ្វើដំណើរតាមផ្លូវ២១៧ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុបានប៉ះដៃចង្កូតជាមួយនឹងរ៉ឺម៉កម៉ូតូមួយគ្រឿង ដែលធ្វើដំណើរក្នុងទិសដៅស្របគ្នា បណ្តាលអោយម៉ូតូរបស់ជនរងគ្រោះរេចង្កូតជ្រុលទៅបុករថយន្តមិនចាំម៉ាកមួយគ្រឿង ដែលកំពុងធ្វើដំណើរស្របគ្នា ចំពីក្រោយពេញទំហឹង បណ្តោយអោយម៉ូតូរបស់ជនរងគ្រោះបត់ក្បាលត្រឡប់ក្រោយវិញ ព្រមទាំងធ្វើអោយអ្នកបើកបរម៉ូតូដួលបោកក្បាលធ្លាយខួរហូរឈាមស្លាប់នៅនឹងកន្លែង ចំណែកបុរសម្នាក់ដែលអង្គុយពីក្រោយរងរបួសតិចតួចមិនបានទៅមន្ទីរពេទ្យនោះទេ ។ ដោយឡែកក្រោយពេលកើតហេតុ ភាគីខាងរ៉ឺម៉កម៉ូតូ និងរថយន្តបានបន្ថែមល្បឿនបើកគេចខ្លួនបាត់ស្រមោលតែម្តង ។
បើតាមសម្តីបុរសដែលជាអ្នករួមដំណើរ និងត្រូវជាមិត្តភក្តិរបស់ជនរងគ្រោះបានអោយដឹងថា មុនពេលកើតហេតុ គាត់ និងជនរងគ្រោះទើបនិងចេញពីហៅសំបុត្រការគេ ហើយក៏ឆ្លៀតហូបគ្រឿងស្រវឹងបន្តិចបន្តួច រួចក៏បានជិះម៉ូតូត្រឡប់ទៅវិញ ស្រាប់តែជួបគ្រោះថ្នាក់បែបនេះតែម្តង ហើយជនរងគ្រោះដែលស្លាប់ ខ្វះតែ១៧ថ្ងៃទៀតនឹងត្រូវចូលរោងការហើយ ។
ក្នុងហេតុការណ៍ដ៏រន្ធត់ខាងលើនេះដែរ គេឃើញមានក្រុមគ្រួសារ ព្រមទាំងគូដណ្តឹងរបស់ជនរងគ្រោះបានមកយំសោកបោកខ្លួនទាំងទឹកភ្នែកហូរខ្សោះអស់ពីខ្លួននិយាយលែងរួច ព្រោះមិននឹកស្មានថាអាចមានរឿងបែបនេះកើតឡើងឡើយ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាននិងជំនាញចរាចរណ៍ខណ្ឌមានជ័យ បានចុះទៅកន្លែងកើតហេតុ រួចហើយបានធ្វើការវាស់វែងយកម៉ូតូរបស់ជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌមានជ័យ ចំនែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់សពជនរងគ្រោះអោយទៅក្រុមគ្រួសារសាច់ញាតិយកទៅតម្កល់ទុកនិងធ្វើបុណ្យនៅវត្តសំបួរមាស ខណ្ឌដង្កោ ៕
ចែករំលែកព័តមាននេះ