ខេត្តប៉ៃលិន ៖ កសិករដាំពោតក្រហម កំពុងតែសប្បាយនឹងប្រមូលផលលក់ឲ្យឈ្មួញខណៈតម្លៃពោតនៅចុងឆ្នាំនេះឡើងថ្លៃគួរសម និងមានទីផ្សារល្អថែមទៀត ។
បើតាមលោក ញឹម សុខន នៅភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ បានឱ្យដឹងថា នៅឆ្នាំនេះលោកបានដាំពោតក្រហមចំនួនជាង២ហិកតា ដែលកំពុងផ្ដល់ទិន្នផលខ្ពស់ ដោយផ្លែពោតធំល្អៗ ។ លោកបន្ដថា ៖« នៅចុងឆ្នាំនេះ តម្លៃពោតក្រហមដែលឈ្មួញដើរទិញដល់ចម្ការ ក្នុង១គីឡូក្រាម៤,៧ទៅ៤,៨បាតប្រាក់ថៃ ឬស្មើប្រហែល៥០០រៀល សម្រាប់ពោតទាំងស្នូល ហើយបើដឹកដល់ស្តង់តែម្តង គឺ១គីឡូក្រាម ថ្លៃ៥បាត គឺជាង៥០០រៀលឯណោះ ដែលតម្លៃនេះខ្ពស់ជាងឆ្នាំមុនៗ »។
លោក ញឹម សុខន កត់សម្គាល់ថា នៅឆ្នាំនេះ តម្លៃកសិផលខ្មែរនៅលើទីផ្សារហាក់រក្សាបានតម្លៃខ្ពស់ និងថេរគួរសម ដែលធ្វើឲ្យកសិករសប្បាយរីករាយនឹងបង្កបង្កើនផលគ្រប់គ្នា ។ ជាក់ស្ដែង ដំណាំពោតក្រហម និងដំឡូងមីមានការឡើងថ្លៃ ហើយម្ចាស់ចម្ការ ក៏បានដំឡើងថ្លៃឈ្នួលដល់កម្មករផងដែរ ព្រោះពិបាករកកម្លាំងឱ្យចូលទៅប្រមូលកសិផលក្នុងចម្ការរបស់ខ្លួន ដោយសារតែពួកគេភាគច្រើន ធ្វើចំណាកស្រុកទៅធ្វើការងារនៅប្រទេសថៃជាដើម ។
លោក សុខ សាធីម ប្រធានមន្ទីរពាណិជ្ជកម្មខេត្ត បានឱ្យដឹងថា នៅឆ្នាំ២០១៨នេះខេត្តប៉ៃលិន បានដាំដុះពោតក្រហមប្រមាណ៩.៥០០ហិកតា និងបានចាប់ផ្ដើមប្រមូលផលជាបន្ដបន្ទាប់ ក្នុងនោះមានស្តង់ និងទីលានហាលពោត ដែលទទួលទិញកសិផលពីកសិករក្នុងខេត្តចំនួន៥៨កន្លែង ។ លោកបានលើកឡើងថា ៖« ទីផ្សារកសិផលរបស់កម្ពុជា គឺភាគច្រើននាំចេញទៅបរទេស ដូចជា ប្រទេសថៃ និងវៀតណាម ជាដើម ។ ដូច្នេះ ទីផ្សារយើង គឺពឹងផ្អែកទាំងស្រុងលើប្រទេសជិតខាង អីចឹងហើយបានជាយើងជួបការលំបាកខ្លះ ។ ទោះបីយ៉ាងនេះក្ដី យើងក៏មិននៅស្ងៀមដែរ ជាក់ស្ដែង យើងកំពុងស្វែងរកដំណោះស្រាយទីផ្សារពោតក្រហមជូនបងប្អូន ហើយជាដំណោះស្រាយបឋម តំណាងក្រុមហ៊ុនផលិតចំណីសត្វ ស៊ីភី នៅខេត្តប៉ៃលិន បានចុះកិច្ចព្រមព្រៀងទិញ-លក់គ្រាប់ពោតក្រហម ជាមួយសមាគមទិញ-លក់កសិផលក្នុងខេត្ត ចំនួន៨ពាន់តោនក្នុងរយៈពេល១០ថ្ងៃ ទៅតាមតម្លៃទីផ្សារអន្តរជាតិ ដើម្បីធ្វើជាវត្ថុធាតុដើមផលិតចំណីជ្រូក មាន់ ទា និងបានចូលរួមកាត់បន្ថយទុក្ខលំបាករបស់បងប្អូន » ។
ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល គឺធ្វើទំនើបកម្មវិស័យកសិកម្មនៅកម្ពុជា ពោលគឺប្រែក្លាយកសិកម្មកម្ពុជាពីកសិកម្មតាមបែបប្រពៃណី ឈានទៅរកដំណាក់កាលថ្មីដែលផ្តោតទៅលើការប្រើប្រាស់បច្ចេកទេស បច្ចេកវិទ្យាថ្មីព្រមទាំងការបង្កើនសមត្ថភាព ដើម្បីលើកកម្ពស់ផលិតភាពទៅលើដំណាំច្រើនមុខ រួមទាំងការចិញ្ចឹមសត្វ និងការគិតគូរផងដែរ ក្នុងការគ្រប់គ្រងដីធ្លីប្រកបដោយប្រសិទ្ធភាព ព្រមទាំងធានាជីវភាព បរិស្ថាន និងធនធានធម្មជាតិ ៕
ចែករំលែកព័តមាននេះ