ខេត្តកំពង់ឆ្នាំង ៖ យោងតាមប្រភពពីប្រជាពលរដ្ឋ ក៏ដូចជាបណ្តាញសង្គមហ្វេសបុ៊ក បានឱ្យដឹងថា ជាច្រើនខែណាស់មកហើយ ដីស្ថិតក្នុងគម្របព្រៃឈើរបស់រដ្ឋនៅចំណុចភ្នំពាមលោក និងភ្នំសុរិយា ស្ថិតក្នុងភូមិសាស្ត្រឃុំក្រាំងស្គា ស្រុកទឹកផុស ត្រូវបានក្រុមជនល្មើស ប្រើគ្រឿងចក្រឈូសឆាយរំលោភយករាប់ពាន់ហិកតា ដើម្បីរៀបចំលក់ទៅឱ្យចិន ។
ជុំវិញព័ត៌មានខាងលើនេះ រដ្ឋបាលស្រុកទឹកផុស បានធ្វើការបដិសេធកាលពីពេលថ្មីៗនេះថា មិនមានការរំលោភឈូសឆាយដីព្រៃរបស់រដ្ឋឡើយ ។ ទោះជាយ៉ាងនេះក្តី ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត បានប្រាប់ភ្នាក់ងារព័ត៌មាន កាលពីល្ងាចថ្ងៃទី១០ ខែធ្នូថា ពិតជាមានការឈូសឆាយដីព្រៃរបស់រដ្ឋនៅចំណុចភ្នំសុរិយាមែន ហើយលោកថែមទាំងដឹកនាំសមត្ថកិច្ចចម្រុះចុះឃាត់គ្រឿងចក្របានចំនួន៣គ្រឿងទៀតផង កាលពីពេលថ្មីៗនេះ ។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោក ងិន ហ៊ុន បានបញ្ជាក់ថា កាលពីចុងខែវិច្ឆិកាកន្លងទៅ លោកពិតជាបានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបគ្រឿងចក្រ ដែលកំពុងធ្វើសកម្មភាពឈូសឆាយដីព្រៃរបស់រដ្ឋនៅចំណុចភ្នំសុរិយា ស្ថិតក្នុងភូមិសាស្ត្រឃុំក្រាំងស្គា ស្រុកទឹកផុស ប្រាកដមែន ដោយចាប់បានគ្រឿងចក្រប្រភេទប៊ុលដូហ្សែ៊រចំនួន៣គ្រឿង ដែលកំពុងធ្វើសកម្មភាពឈូសឆាយដីព្រៃនៅចំណុចភ្នំខាងលើ ។
ប៉ុន្តែពេលប្រតិបត្តិការបង្ក្រាប ប៊ុលដូហ្សែ៊រ២គ្រឿង បានព្យាយាមបើករត់គេច ក៏បណ្តាលឱ្យខូចមិនអាចបើកបរបាន ទើបមន្ត្រីជំនាញយកបានតែមួយគ្រឿងមកដាក់នៅមន្ទីរកសិកម្មខេត្ត ចំណែក២គ្រឿងទៀត កំពុងឱ្យជាងជួសជុល ពេលរួចហើយនឹងនាំយកមករក្សាទុកនៅមន្ទីរទាំងអស់ ។
លោកប្រធានមន្ទីរបញ្ជាក់ថា ចំពោះការខូចខាតជាក់ស្តែងនៅចំណុចដែលសមត្ថកិច្ចចុះបង្ក្រាបជាមួយលោក គឺឃើញអស់ប្រមាណជាង២ហិកតា ។ ដោយឡែក ការខូចខាតនៅចំណុចផ្សេងទៀតលោកមិនច្បាស់ទេ ។ ជាការងារបន្ត គឺលោកឲ្យម្ចាស់គ្រឿងចក្រចូលមកដោះស្រាយតាមផ្លូវច្បាប់គឺផាកពីន័យតាមច្បាប់ស្តីពីព្រៃឈើ ។ ប៉ុន្តែបើម្ចាស់គ្រឿងចក្រទាំងនោះមិនចូលមកដោះស្រាយទេ លោកនឹងបញ្ជូនសំណុំរឿងទៅសាលាដំបូងតាមនីតិវិធីច្បាប់ ។
សូមបញ្ជាក់ថា ដីព្រៃរបស់រដ្ឋចំណុចភ្នំពាមលោក និងភ្នំសុរិយា ក្នុងឃុំក្រាំងស្គា ស្រុកទឹកផុស កំពុងរងការឈូសឆាយរំលោភយកអស់ជាច្រើនពាន់ហិកតា ដោយជ្រកក្រោមលេសផ្សេងៗដើម្បីបន្លំភ្នែកថ្នាក់លើ យកដីទៅលក់ឱ្យឈ្មួញក្នុងតម្លៃ២ពាន់ដុល្លារក្នុង១ហិកតា ដោយមានការឃុបឃិតពីមន្ត្រីជំនាញ និងស្ថាប័នមួយចំនួនជួយជ្រោមជ្រែង ។ តាមប្រភពពីប្រជាពលរដ្ឋដែលជិតស្និទ្ធនឹងអ្នករៀបចំរំលោភយកដីរដ្ឋខាងលើនេះ បានឲ្យដឹងថា មេការក្នុងការបំពានយកដីរដ្ឋខាងលើនេះ ឈ្មោះ ចាន់ កៀន ដោយបានឃុបឃិតគ្នាជាមួយមន្ត្រីមួយចំនួនរៀបចំដីព្រៃរបស់រដ្ឋរាប់ពាន់ហិកតាលក់ឲ្យក្រុមហ៊ុនចិន ។
ប្រភពដដែលបញ្ជាក់ថា ចំពោះការឈូសឆាយដីព្រៃរបស់រដ្ឋខាងលើនេះ កើតមានយូរឆ្នាំណាស់មកហើយ ដោយមានការរៀបចំជាប្រព័ន្ធ ហើយក្នុងមួយឆ្នាំអស់បន្តិចៗ រហូតដល់មានព័ត៌មានលេចឮតាមបណ្តាញសង្គម និងសារព័ត៌មានចុះផ្សាយ ទើបកាលពីថ្ងៃទី២៨ ខែវិច្ឆិកា សមត្ថកិច្ចចម្រុះចុះបង្ក្រាបបានគ្រឿងចក្រចំនួន៣គ្រឿង ។ ប្រជាពលរដ្ឋក៏ដូចជាមន្ត្រីរាជការដែលមានភាពស្មោះត្រង់ បានសំណូមពរដល់អង្គភាពប្រ
ឆាំងអំពើពុករលួយ សូមមេត្តាចុះស្រាវជ្រាវក្នុងករណីនេះផង ដើម្បីឱ្យព្រៃធម្មជាតិរបស់រដ្ឋបានគង់វង្សយូរអង្វែង ។
ចំពោះករណីខាងលើនេះ ភ្នាក់ងារយើងមិនអាចសុំការបំភ្លឺពីលោក ចាន់ កៀន បានទេ ប៉ុន្តែបើសិនមានការបំភ្លឺណាមួយជំុវិញករណីនេះ យើងនឹងបន្តផ្សាយជូននៅពេលក្រោយ ៕
ចែករំលែកព័តមាននេះ