ខេត្តបាត់ដំបង ៖ សមត្ថកិច្ចបានឱ្យដឹងថា ឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងរវាង
ម៉ូតូនិងម៉ូតូបុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឱ្យបុរសខ្មែរ-អ៊ិស្លាមម្នាក់ស្លាប់និងយុវជនម្នាក់ រងរបួសធ្ងន់ កើតឡើងនៅម៉ោង០៩ព្រឹកថ្ងៃទី១១ ធ្នូ ស្ថិតនៅចំណុចភូមិិតាប៉ុន ឃុំតាប៉ុន ស្រុកសង្កែ ។
ជនរងគ្រោះដែលស្លាប់ ឈ្មោះស្លេះ សាលីម ភេទប្រុស អាយុ៤៨ឆ្នាំ ជាជនជាតិខ្មែរ-អ៊ិស្លាម រស់នៅភូមិ
នរា២ ឃុំនរា ស្រុកសង្កែ ។ រីឯយុវជនម្នាក់ទៀត ដែលរងរបួសធ្ងន់ ឈ្មោះប៉ក់ ស៊ីណា អាយុ១៩ឆ្នាំ នៅភូមិឈូងត្រដក់ ឃុំរកា ស្រុកសង្កែ ។
គេមិនទាន់ដឹងពីមូលហេតុជាក់លាក់ ដែលនាំឲ្យមានគ្រោះថ្នាក់នេះ កើតឡើងនោះទេ។ ប៉ុន្តែតាមប្រភពបឋមពីសមត្ថកិច្ចថា ភាគីទាំង២បានជិះម៉ូតូក្នុងទិសដៅផ្ទុយគ្នា ហើយបើតាមការពិនិត្យលើស្លាកស្នាមនៅកន្លែងកើតហេតុ គឺអាចយុវជនឈ្មោះប៉ក់ ស៊ីណា ជាអ្នកជិះទៅបុកជនរងគ្រោះ ឈ្មោះស្លេះ សាលីម។
ទោះជាយ៉ាងណា មន្ត្រីចរាចរណ៍ បាននាំយកម៉ូតូបង្កគ្រោះថ្នាក់ទាំង២គ្រឿង ទៅរក្សាទុកនៅអធិការនគរបាលស្រុកសង្កែហើយ ដើម្បីដោះស្រាយតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ