ខេត្តសៀមរាប ៖ កម្លាំងនគរបាលចម្រុះនៃអធិការដ្ឋាននគរបាលខេត្តមានប៉ូលិសស៊ើបអង្កេត និងអនុវត្តនីតិវិធីបានសហការជាមួយកម្លាំងនគរបាលក្រុងសៀមរាប និងកម្លាំងនគរបាលតាមមូលដ្ឋាន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីជា គឺម សាន ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ស្នងការនគរបាលខេត្ត ។
ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីដោយលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាបចុះបង្ក្រាបនៅទីតាំងចែកចាយរូបភាព និងសម្ភារៈអាសអាភាសនៃកុមារតាមប្រព័ន្ធអ៊ីនធឺណែត ចំនួន៣ទីតាំងផ្សេងគ្នាក្នុងក្រុងសៀមរាប ទើបឈានដល់ធ្វើការឃាត់ខ្លួនបានជនជាតិចិនចំនួន៩នាក់ រួចនាំយកមកសួរនៅការិយាល័យជំនាញ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនបន្តទៅតុលាការខេត្ត ។ ហេតុការឃាត់ខ្លួនជនជាតិចិនទាំង៩នាក់នោះធ្វើឡើង នៅម៉ោង១០ព្រឹកថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨ នៅ៣ទីតាំងផ្សេងគ្នា ក្នុងក្រុងសៀមរាប ។
លោកឧត្តមសេនីយ៍ត្រី ជា គឺម សាន ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍នៃស្នងការនគរបាលខេត្តបានប្រាប់នៅវេលាម៉ោង៣រសៀល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨នេះថា ការចុះបង្ក្រាបករណីចែកចាយរូបភាព និងសម្ភារៈអាសអាភាសនៃកុមារតាមប្រព័ន្ធអ៊ីនធឺណែតក្នុងទីតាំងចំនួន៣ផ្សេងគ្នានោះកម្លាំងយើងបានធ្វើការឃាត់ខ្លួនជនជាតិចិន៩នាក់រួចនាំយកមកសួរនៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ។ លោកបានបញ្ជាក់ថាទីតាំងទី១-ផ្ទះលេខE២១ ក្នុងបុរីអាក់ខេត ស្ថិតក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ឃាត់ខ្លួនបានម្នាក់ រួមនឹងវត្ថុតាងមួយចំនួន ។ ទី២- ផ្ទះវីឡាជួលក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ឃាត់ខ្លួន៥នាក់រួមនឹងវត្ថុតាងមួយចំនួន ។ ទី៣ – បន្ទប់លេខ៣០៥ ក្នុងផ្ទះសំណាក់មហាមាន ក្នុងភូមិទ្រាំង សង្កាត់ស្លក្រាម ឃាត់ខ្លួនមនុស្ស៣នាក់រួមនឹងវត្ថុតាងមួយចំនួន ។
លោកបានបញ្ជាក់ទៀតថា ជនជាតិចិនទាំង៩នាក់ដែលឃាត់ខ្លួនទី១- ឈ្មោះ PAN ZHIFU ភេទប្រុស កើតឆ្នាំ១៩៨៨ ។ ទី២- ឈ្មោះ HUANGXINFA ភេទប្រុស កើតឆ្នាំ១៩៩៥ ។ ទី៣- ឈ្មោះ HUANG FULONG ភេទប្រុស កើតឆ្នាំ១៩៩១ ។ ទី៤- ឈ្មោះ WEIJIBO ភេទប្រុស កើតឆ្នាំ១៩៩៦ ។ ទី៥ – ឈ្មោះ GUSH ENG FENG ភេទប្រុស កើតឆ្នាំ១៩៩៨ ។ ទី៦- ឈ្មោះ LI WEIMING ភេទប្រុស កើតឆ្នាំ១៩៩៣ ។ ទី៧- ឈ្មោះ PAN XIADONG ភេទប្រុស កើតឆ្នាំ១៩៨៧ ។ ទី៨- ឈ្មោះ PAN ZONGJI ភេទប្រុស កើតឆ្នាំ១៩៨២ និងទី៩- ឈ្មោះ DAI GUANGQIANG ភេទប្រុស កើតឆ្នាំ១៩៨៤ ។
លោកបានបញ្ជាក់បន្ថែមថា ជនជាតិចិនទាំង៩នាក់នោះត្រូវបានលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាបសម្រេចឱ្យ ឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ។ បច្ចុប្បន្នជនសង្ស័យ (ជនជាតិចិន) ទាំង០៩នាក់ និងវត្ថុតាងនេះត្រូវបានកម្លាំងជំនាញកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តសៀមរាប នៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ