ខេត្តក្រចេះ ៖ ក្រុមអាជ្ញាធរបានឲ្យដឹងថា ក្រុមហ៊ុនឡធ្យូងគ្មានច្បាប់ដ៏ធំមួយ ដែលមានឡដុតធ្យូងចំនួន១២ឡ និងបានលួចធ្វើអាជីវកម្មទ្រង់ទ្រាយធំ នៅក្នុងព្រៃបរិស្ថានមួយកន្លែងក្នុងឃុំឃ្សឹម ស្រុកស្នួល ដើម្បីនាំធ្យូងយកចេញទៅប្រទេសវៀតណាម មានចំនួនរាប់ពាន់បាវក្នុងមួយថ្ងៃៗនោះ គឺត្រូវបានអាជ្ញាធរចុះបិទទីតាំងមិនឲ្យធ្វើអាជីវកម្មទាំងស្រុង ហើយក្នុងនោះដែរក៏មានមនុស្សចំនួន៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ឃាត់ខ្លួន ។
ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តលោក ជា សុភក្ត្រ បានឲ្យដឹងថា មនុស្សទាំង៤នាក់ ដែលត្រូវបានឃាត់ខ្លួនមានម្នាក់ជាជនជាតិវៀតណាម ដែលពាក់ព័ន្ឋក្នុងការធ្វើអាជីវកម្មឡធ្យូងគ្មានច្បាប់ ត្រូវបានរូបលោកបញ្ជាឲ្យឃាត់ខ្លួននិងខ្មែរ៣នាក់ បញ្ជូនខ្លួនមកសាកសួរនៅតុលាការកាលពីរសៀលថ្ងៃទី៩ ធ្នូ ។
លោកព្រះរាជអាជ្ញារងបានឲ្យដឹងទៀតថា មនុស្សទាំង៤នាក់ ដែលត្រូវបានឃាត់ខ្លួននេះមានម្ចាស់អាជីវកម្មឡធ្យូង មានមេការមានអ្នកបើករថយន្តដឹកធ្យូងនិងអ្នកយាមឃ្លាំងធ្យូង ត្រូវបានរូបលោកបញ្ជាឲ្យឃាត់ខ្លួនកាលពីថ្ងៃទី៧ ធ្នូ ក្នុងពេលដែលរូបលោកបានដឹកនាំកម្លាំងសមត្ថកិច្ចចុះទៅពិនិត្យទីតាំងក្រុមហ៊ុនឡធ្យូងទ្រង់ទ្រាយធំគ្មានច្បាប់មួយនេះ ។
ក្រុមសមត្ថកិច្ចបាននិយាយឲ្យដឹងទៀតថា ឡធ្យូងមានចំនួន១២ឡធំៗក្នុងបរិវេណក្រុមហ៊ុនយួនមួយ នៅចំណុចក្នុងព្រៃក្នុងតំបន់អភិរក្ស ដោយមន្ត្រីបរិស្ថានខេត្តក្រចេះ ចំណុចឃុំឃ្សឹម ស្រុកស្នួល ត្រូវបានអាជ្ញាធរចុះទៅធ្វើការបង្ក្រាបមិនឲ្យធ្វើសកម្មភាពទាំងស្រុង បន្ទាប់ពីរកឃើញថា ទីតាំងឡធ្យូងរបស់ក្រុមហ៊ុនវៀតណាមដ៏ធំមួយនេះ បានលួចធ្វើអាជីវកម្មដុតធ្យូងជាលក្ខណៈទ្រង់ទ្រាយធំ មានរយៈពេលជាងកន្លះឆ្នាំមកហើយគឺគ្មានច្បាប់ទេ លួចដោយចំហតែម្តង ។
បើតាមការឲ្យដឹងពីពលរដ្ឋ នៅក្បែរនិងតំបន់ឡធ្យូងវៀតណាមនោះបានប្រាប់ឲ្យដឹងថា ឡធ្យូងនេះមានទីតាំងក្បែរនិងផ្លូវជាតិចម្ងាយជាង១គីឡូមែ៉ត្រ ដែលត្រូវបានសាងសង់លើផ្ទៃ ដីអភិរក្សបរិស្ថានមានទំហំជាង៣ហិកតា ។ ក្នុងក្រុមហ៊ុននេះមានឡធ្យូងធំៗមានចំនួន១២ឡដែលបានធ្វើការដុតឈើដើម្បីកែច្នៃជាធ្យូងនាំចេញទៅប្រទេសវៀតណាមជារៀងរាល់ថ្ងៃ ។
ប្រជាពលរដ្ឋនិយាយថា ក្នុងបរិវេណឡធ្យូងនេះត្រូវបានរឹតត្បឹតមិនឲ្យពលរដ្ឋខ្មែរចេញចូលបាននោះទេ ខណៈពួកគាត់ដឹងថា មានកូនឈើស្រស់កូនឈើចាស់តូចធំគ្រប់ប្រភេទមានចំនួនរាប់ម៉ឺនកំណាត់ក្នុងមួយថ្ងៃៗ ត្រូវបានក្រុមកម្មករកាត់អារយកចេញពីតំបន់ផ្សេងៗក្នុងព្រៃតំបន់អភិរក្សបរិស្ថាន និងនៅតាមព្រៃតំបន់ផ្សេងទៀតប្រមូលមកកាត់ដុតកែច្នៃជាធ្យូង ។ ពលរដ្ឋបានប៉ាន់ប្រមាណថា នារយៈពេលជាងកន្លះឆ្នាំមកនេះ ក្រោយពីការលួចធ្វើអាជីវកម្ម ទ្រង់ទ្រាយធំរបស់ក្រុមហ៊ុនវៀតណាមខាងលើ មានឈើតូចធំគ្រប់ប្រភេទចំនួនរាប់ម៉ឺនមែ៉ត្រគូប ដែលត្រូវបានក្រុមកម្មករវៀតណាមកាប់យ៉ាងរង្គាលមកដុតកែច្នៃជាធ្យូង ហើយដឹកទៅឲ្យយួនប្រើតែម្តង ឯខ្មែរជាម្ចាស់ឈើដេកអត់ទៅ ។
ពួកគាត់ថា ធ្យូងដែលបានដុតមិនត្រូវបានដាក់លក់ក្នុងស្រុកនោះទេ គឺត្រូវបានច្រកបេ បញ្ជូលក្នុងឃ្លាំង ហើយដឹកជញ្ជូនតាមរថយន្តធុនធំនាំទៅវៀតណាមជារៀងរាល់ថ្ងៃដោយក្នុងមួយថ្ងៃមានចំនួនរាប់ពាន់បេ ។
មិនអាចទំនាក់ទំនងបានទេទៅលោក ឌួង ឆាយសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តដែលបានបណ្តែត បណ្តោយឲ្យមានការធ្វើអាជីវកម្មឡធ្យូង របស់ក្រុមហ៊ុនវៀតណាមជា លក្ខណៈទ្រង់ទ្រាយធំបែបនេះក្នុងតំបន់ដែលគាត់ត្រួតត្រាបាននោះទេនៅថ្ងៃទី៩ ធ្នូ ៕
ចែករំលែកព័តមាននេះ