ខេត្តកំពង់ចាម ៖ ច្រាំងទន្លេត្រង់ចំណុចមុខសណ្ឋាគារមេគង្គ ស្ថិតនៅក្នុងសង្កាត់កំពង់ចាម ក្រុងកំពង់ចាម បានបាក់ស្រុតរហូតមកដល់ពេលនេះ រូបសំណាក់ដំរីបានផ្អៀងចូលទៅទឹកទន្លេ ហើយមានសភាពខូចកាន់តែច្រើនទៅៗ ។
ដោយប្រជាពលរដ្ឋនៅគ្រប់ទិសទី ដែលធ្វើដំណើរឆ្លងកាត់ទីនោះមានការសោកស្តាយជាខ្លាំង ហើយក៏បានស្នើសុំដល់អាជ្ញាធរនៅគ្រប់លំដាប់ថ្នាក់ រៀបចំកសាងឡើងវិញ ។
លោក នួន ឆេងស្រ៊ី អាយុ៦៧ឆ្នាំ នៅក្រុងកំពង់ចាម ប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី០៨ ធ្នូ ២០១៨ថា ដំបូងគាត់ជិះម៉ូតូកាត់ត្រង់ចំណុចមុខសណ្ឋាគារមេគង្គ មាត់ទន្លេ បានឃើញគេចងខ្សែមានប្រវែងរាប់រយម៉ែត្រ ដោយមិនបានចាប់អារម្មណ៍ ហើយក៏មិនដឹងថា បាក់ច្រាំងទន្លេទៀតព្រោះមិនមានមានទូរស័ព្ទមើលគេបង្ហោះតាមហ្វេសបុក ។ លោកប្រាប់បន្តថា ទើបតែមកដល់ព្រឹកថ្ងៃទី០៨ ធ្នូ នេះបានជិះម៉ូតូកាត់មុខសណ្ឋាគារមេគង្គក៏បានឈប់ម៉ូតូនៅលើចញ្ចើមថ្នល់ និងបានដើរមកអើតមើលក៏បានឃើញរូបសំណាក់ដំរីត្រូវបានបាក់ស្រុតផ្អៀងកាន់តែខ្លាំងឡើងៗ រួមនឹងខឿនបេតុងច្រាំងទន្លេបានបាក់ស្រុតជ្រៅ មានប្រវែងចូលខ្ទង់រយម៉ែត្រ គាត់ពិតជាមានការសោកស្តាយណាស់ នូវសមិទ្ធិផលនេះដែលមានសោភ័ណ្ឌភាពស្រស់ស្អាតមិនគួរបាក់ស្រុតបែបនេះឡើយ ។ ក្នុងនាមរូបលោកជាពលរដ្ឋមួយរូប សូមស្នើសុំដល់លោកអភិបាលក្រុងកំពង់ចាម និងលោកអភិបាលខេត្ត សូមប្រញាប់ជួសជុលឡើងវិញ ដើម្បីប្រែក្លាយឲ្យទៅជាកន្លែងដែលមានសោភ័ណ្ឌស្អាតដូចដើមវិញ ។
លោក ចាន់ ផល្លី អភិបាលក្រុងកំពង់ចាម វិញមានប្រសាសន៍ឲ្យដឹងថា ត្រង់ទីតាំងច្រាំងទន្លេដែលបាន
បាក់ស្រុត បណ្តាលឲ្យខូចខាតនៅត្រង់ចំណុចមុខសណ្ឋាគារមនោរម្យវីអាយភី មកដល់សណ្គាគារមេគង្គត្រូវបានក្រុមបច្ចេកទេសរបស់ក្រសួងធនធានទឹក និងលោកអភិបាលខេត្តបានចុះមកពិនិត្យមើលដើម្បីឲ្យដឹងថា ស្ថានភាពទឹកទន្លេលែងស្រកនោះ និងចុះសិក្សាវាយតម្លៃ ដើម្បីត្រៀមជួសជុលឡើងវិញ ។ ហើយថវិការដែលត្រូវចំណាយអស់ខ្ទង់ប៉ុន្មានក៏មិនទាន់ដឹងច្បាស់ដែរ ។
លោក គួច ចំរើន អភិបាលខេត្តធ្លាប់មានប្រសាសន៍ឲ្យដឹងថា ក្នុងពេលដែលច្រាំងទន្លេមេគង្គបានចាប់
ផ្តើមបាក់ស្រុតនោះអាជ្ញាធរខេត្តមានក្តីកង្វល់ដោយចង់ធ្វើការជួសជុលភ្លាមៗ ដើម្បីកុំឲ្យខូចខាតច្រើន
តែខ្លាចជួសជុលរួចមិនបានប៉ុន្មានក៏ខូចទៅវិញ ។ ការពន្យាពេលនេះ ដើម្បីតាមដានមើលពីស្ថានភាព
ទឹកទន្លេមេគង្គពេលណាអស់កម្លាំងដែលស្រកហើយនោះជំនាញនឹងចុះមកសិក្សាផ្ទាល់ ដើម្បីប្រញាប់ជួសជុលឡើងវិញ ៕
ចែករំលែកព័តមាននេះ