ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានរងរបួសជាទម្ងន់ ហើយត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗ បន្ទាប់ពីរងនូវការកាប់ប្រហារពីសំណាក់ដៃគូរផឹកស៊ីរបស់ខ្លួន ក្រោយពីនិយាយពាក្យដដែលៗថា ជនសង្ស័យលួចស្រលាញ់ប្រពន្ធគេ។ ករណីហិង្សានេះកើតឡើងកាលពីម៉ោងម៉ោង១៩និង៣០នាទី ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិព្រៃធំ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។
ជនបង្កខាងលើឈ្មោះ ឈាន ហៅយក្ស ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ ចំណែកជនរងគ្រោះឈ្មោះសែម រ៉ី ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិ-ឃុំខាងលើជាមួយគ្នា។
ប្រភពពីសមត្ថកិច្ចស្រង់សំដីសាក្សីបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះនិងជនសង្ស័យបានអង្គុយផឹកស្រា.សជាមួយគ្នា រហូតស្រវឹងរៀងៗខ្លួន។ ពេលនោះក៏មានទំនាស់ពាក្យសំដីគ្នាកើតឡើង ដោយជនសង្ស័យខឹងនឹងជនរងគ្រោះនិយាយដដែលៗថា ជនសង្ស័យលួចស្រលាញ់ប្រពន្ធគេ ហើយប្តីគេកំពុងប្រច័ណ្ឌ។ ដោយជនរងគ្រោះនិយាយសាំដដែលពេក ជនសង្ស័យខឹងយ៉ាងខ្លាំងហើយក៏យកកាំបិតកាប់ជនរងគ្រោះតែម្តង បន្ទាប់ពីធ្វើសកម្មភាពរួចជនសង្ស័យរត់គេចខ្លួនបាត់។
ភ្លាមៗនោះសមត្ថកិច្ចយើងបានតាមរុករកជនសង្ស័យពេញមួយយប់ហើយ តែមិនទាន់បានលទ្ធផលនៅឡើយ ព្រោះតំបន់នោះព្រៃច្រើន និងចំការអំពៅច្រើន។ ចំណែកជនរងគ្រោះត្រូវជនសង្ស័យកាប់ចំក្បាលផ្នែកខាងឆ្វេង បណ្ដាលឱ្យរងរបួសធ្ងន់ ហើយត្រូវបានសាច់ញាតិបញ្ជូនទៅសង្គ្រោះភ្លាមៗតែម្តង។
អធិការនគរបាលស្រុកឱរ៉ាល់វរសេនីយ៍ឯក ប៊ុត ប៊ុនធឿន បានឱ្យដឹងនៅព្រឹកថ្ងៃទី២ ធ្នូនេះថា បច្ចុប្បន្ននេះជនរងគ្រោះកំពុងសំរាកព្យាបាលមន្ទីពេទ្យកាល់ម៉ែតភ្នំពេញ ។ ហើយរឿងរ៉ាវខាងលើកើតឡើង បណ្ដាលមកពីជនរងគ្រោះនិងជនសង្ស័យបានអង្គុយផឹកស្រាពីរនាក់ ហើយស្រវឹងស្រាទាស់ពាក្យសំដីនឹងគ្នា។ ពេលនេះកម្លាំងជំនាញកំពុងតាមស្វែងរកចាប់ខ្លួនយកមកផ្តន្ទាទោស៕
ចែករំលែកព័តមាននេះ