ខេត្តកំពង់ឆ្នាំង ៖ រថយន្តចំនួន៤គ្រឿងបានបុកគ្នាជាបន្តបន្ទាប់ ខណៈកំពុងធ្លាក់ភ្លៀងរលឹមនៅលើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៦៩ និងលេខ៧០ ស្ថិតក្នុងភូមិគោកស្តៅ ឃុំទឹកហូត ស្រុករលា ប្អៀរ កាលពីវេលាម៉ោង១០ និង៥៥នាទីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ខណៈរថយន្តមួយគ្រឿងក្នុងចំណោម៤គ្រឿងនោះ បានដាច់កង់ខាងក្រោយ ហើយរត់ទៅបុករថយន្តមួយគ្រឿងទៀត ក្នុងដំណើរបញ្ច្រាសទិស
គ្នា ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ក៏ដូចជាអ្នកបើកបររថយន្តម៉ាកតូយូ៉តាព្រូស ដែលរងគ្រោះបានឲ្យ
ដឹងថា មុនពេលកើតហេតុ មានរថយន្តធុនធំមួយគ្រឿងម៉ាកហ្វុ៊យសូ ប្រភេទយីឌុប ពាក់ផ្លាកលេខ ភ្នំពេញ ៣B-៣៩៤៥ បើកបរតាមផ្លូវជាតិលេខ៥ ក្នុងទិសដៅពីខាងត្បូងទៅខាងជើង ហើយមានរថយន្ត២គ្រឿងទៀតបើកពីក្រោយគឺ រថយន្តដឹកដី ពាក់ផ្លាកលេខ កំពង់ឆ្នាំង ៣A-០១៣២ និងម៉ាកតូយូ៉តាព្រូស ពណ៌ស ។
លុះពេលមកដល់ចំណុចខាងលើ ស្រាប់តែរថយន្តយីឌុបដែលបើកខាងមុខ បានដាច់កង់ក្រោយខាងឆ្វេងជាកង់ឌុបជាប់គ្នា ហើយកង់រថយន្តនោះក៏រត់ទៅមុខយ៉ាងលឿនសំដៅទៅបុករថយន្ដមួយគ្រឿងម៉ាកវីហ្គោ ពាក់ផ្លាកលេខភ្នំពេញ ២Z-២៣៦៦ ដែលកំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឲ្យរថយន្តវីហ្គោបែកកង់វិលពេញផ្លូវ ។ ស្ថិតក្នុងសភាពដែលរថយន្តវីហ្គោកំពុងរេចង្កូតវិលពេញផ្លូវបែបនេះ រថយន្ត២គ្រឿងដែលបើកពីក្រោយរថយន្តដាច់កង់ខាងលើ បានគេចយករួចខ្លួន តែបែរជាបុកបន្តគ្នាធ្លាក់ចូលស្នាមភ្លោះតែម្តង ។
ក្រោយពេលកើតហេតុ រថយន្តយីឌុបដែលដាច់កង់ភ្លោះមួយគូ តែនៅកង់ភ្លោះមួយគូទៀត ដែលអាចបើកបាន ក៏បើករត់រហូតមកដល់មុខវត្តអារញ្ញ ក្រុងកំពង់ឆ្នាំង ទើបសមត្ថកិច្ចចាប់ឃាត់បាន ហើយយកទៅរក្សាទុកនៅការិយាល័យនគរបាកចរាចរណ៍ផ្លូវគោកខេត្ត ។
សមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺមានតែអ្នកបើករថយន្តដឹកដីម្នាក់ប៉ុណ្ណោះដែលរងរបួសធ្ងន់បាក់ជើង ហើយត្រូវបានដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យស្រុកកំពង់ត្រឡាច ។ រថយន្តទាំង អស់ ត្រូវបានសមត្ថកិច្ចនាំយកទៅកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីរង់ចាំការដោះ ស្រាយតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ