រាជធានីភ្នំពេញ ៖ គណកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកសហការជាមួយអគ្គលេខាធិការដ្ឋាននៃគណកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកនៃក្រសួងសាធារណៈការនិងដឹកជញ្ជូនគម្រោងនឹងចុះចែកមួកសុវត្ថិភាពចំនួន១០ម៉ឺនមួក ។
ការបន្តចុះចែកមួកសុវត្ថិភាពនេះ ខណៈដែលក្រុមការងារគណៈកម្មការចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីបញ្ជៀសគ្រោះថ្នាក់ផ្សេងៗនៅពេលធ្វើដំណើរតាមដងផ្លូវក្នុងឱកាសបុណ្យអុំទូកនៅជិតរង្វង់មូលចោមចៅ ។ ផ្តល់សម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ព្រឹកថ្ងៃទី២០ វិច្ឆិការនេះ លោកព្រំ វន្ថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោកបានលើកឡើងថា កាលពីកន្លងទៅយើងបានចុះផ្សព្វផ្សាយ និងចែកមួកសុវត្ថិភាពបានជិត៥ម៉ឺនមួកហើយ ដែលជាការសហការគ្នារវាងក្រសួងសាធារណការ និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ។
លោកបញ្ជាក់ថា«យើង និងបន្តចែកឲ្យបាន១០ម៉ឺនមួកទៅតាមគោលការដែលបានគ្រោងទុកហើយយើងនឹងបន្តចុះផ្សព្វផ្សាយជាបន្តទៀតនៅក្នុង១ខែ យើងចុះផ្សព្វផ្សាយចំនួន៣ខេត្តហើយ យើងបានចែកស្ទីកឃើចំណាំងផ្លាតបិទលើម៉ូតូបានចំនួន៣៤០៦.០ ០០ស្ទីកឃើ មកហើយ» ។ ជាមួយគ្នានោះដែរលោកក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវត្រូវគោរ ពច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ពេលបើកបរត្រូវពាក់មូកសុវត្ថិភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរព្រមទាំងកុមារដែលមានអាយុ៣ឆ្នាំឡើងទៅ អ្នកដែលបើកបរយានយន្តត្រូវពាក់ខ្សែ ក្រវ៉ាត់ឲ្យបានត្រឹមត្រូវកុំជិះលើរថយន្តផ្ទុកលើសចណុះ សំពីងសំពោង កំបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង បើកបរហួសល្បឿនកំណត់ និងមុនវ៉ាជែងត្រូវមានការប្រុងប្រយ័ត្នចៀសវាងមានគ្រោះថ្នាក់កើតឡើង លោកបានជូនពរបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកទទួលបាននូវសុខសុវត្ថិភាពទាំងអស់គ្នា ។
សូមជម្រាបថា ការចុះផ្សព្វផ្សាយច្បាប់ចរាចរណ៍ក៏មានការឆ្លើយសំណួរពាក់ព័ន្ធនឹងច្បាប់ ចរាចរណ៍ទទួលបានមួកសុវត្ថិភាពផងដែរ ។
ឱកាសពិធីអុំទូក អកអំបុកអកបណ្ដែតប្រទីប និងសំពះព្រះខែគណៈកម្មការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក សូមធ្វើការអំពាវនាវដល់សាធារណជនជាអ្នកប្រើប្រាស់ផ្លូវផងដែរ ដូចជា ១- ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រយានយន្ត ២- មិនត្រូវបើកបរលើសល្បឿន កំណត់ជាដាច់ខាត ៣- មិនត្រូវបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹងជាដាច់ខាត ៤- ត្រូវគោរពសិទ្ធិអាទិភាពរូបសញ្ញាចរាចរណ៍ និងប្រកាន់ស្តាំជានិច្ច ៥- ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ចក្នុងពេលធ្វើដំណើរតាមរថយន្ត ៦- មិនត្រូវបត់ ឬវ៉ាជែងក្នុងភាពប្រថុយប្រថាន ឬប្រើទូរស័ព្ទដោយគ្មានឧបករណ៍សម្លេងភ្ជាប់ទំនាក់ទំនង ៧- ត្រូវពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដជានិច្ច ពិសេសត្រួតពិនិត្យកង ចង្កូត ហ្វ្រាំង ភ្លើងបំភ្លឺ ។ ៨ -សូមកុំទុកអ្នកដំណើរ ឬទំនិញលើសច្បាប់កំណត់ ។ ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករមិនត្រូវផ្ទុកអ្នកដំណើរ ឬអ្នកជិះលើដំបូល និងសូមមេត្តាកុំតម្លើងថ្លៃធ្វើដំណើរក្នុងឱកាសនេះ ។ ៩- មិនត្រូវបើកបរក្នុងស្ថានភាពដែលងងុយដេកជាដាច់ខាត ។ ១០- ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ចប្រកបដោយសីលធម៌យោគយល់អធ្យាស្រ័យ ។
គួរកត់សម្គាល់ក្នុងត្រីមាសទី៣ ឆ្នាំ២០១៨ នេះមានអ្នកជិះទោចក្រយានយន្តចំនួន៨១% ដែលភាគច្រើនជាយុវវ័យបានក្លាយជាជនរងគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ហើយក្នុងចំណោមជនរងគ្រោះទាំងនោះមាន៧៧% ដែលមិនបានពាក់មួកសុត្ថិភាពក្នុងពេលគ្រោះថ្នាក់ចរាចរណ៍ ៕
ចែករំលែកព័តមាននេះ