រាជធានីភ្នំពេញ ៖ ជីវប្រវត្តិប្រទីបរបស់រដ្ឋបាលរាជធានីភ្នំពេញសម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក ឆ្នាំ២០១៨ នេះប្រទីបដែលបានចូលរួមបណ្តែតមានចំនួន១៥ លើសឆ្នាំ២០១៧កន្លងទៅ ចំនួន២ គឺប្រទីបរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងប្រទីបរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ។
ជីវប្រវត្តប្រទីបរបស់រដ្ឋបាលរាជធានីភ្នំពេញសម្រាប់ព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែអកអំបុក ឆ្នាំ២០១៨នេះរួមមានទី១ – រចនាបថនៃការស្ថាបនាប្រទីបរាជធានីភ្នំពេញត្រូវបានរចនាឡើងដោយមានកម្ពស់១៥,៥០ម៉ែត្រ និងមានបណ្តោយ៣២ម៉ែត្រ រំលេចទៅដោយក្បូរក្បាច់រចនាយ៉ាងល្អប្រណីតនៃរូបគំនូររមណីយដ្ឋានវត្តភ្នំ ដែលជាទីតាំងប្រវត្តិសាស្ត្រ នៃការកកើតទីក្រុងដ៏ចំណាស់នេះ និងជានិមិត្តសញ្ញាតំណាងឲ្យរដ្ឋបាលរាជធានីភ្នំពេញ ។ ទី២- រាជធានីភ្នំពេញត្រូវបានកសាង និងរៀបចំឡើងនៅលើកូនភ្នំមួយ ស្ថិតនៅភាគខាងលិច ក្នុងអំឡុង ឆ្នាំ១៣៧២ ដោយស្ថាបនិកដំបូងបង្អស់ គឺដូនពេញ ។
លោកយាយពេញ គឺអ្នកមានភោគសម្បត្តិបរិបូណ៌ មានទីលំនៅស្ថិតនៅក្បែរច្រាំងទន្លេបួនមុខ និងជាអ្នកដែលបានដឹកនាំប្រជាពលរដ្ឋក្នុងសម័យនោះ ចូលរួមដង្ហែរព្រះបដិមាករចំនួន៤ព្រះអង្គ យកទៅតម្កល់ទុកលើកូនភ្នំ ដែលគេនាំគ្នាហៅថា «ភ្នំដូនពេញ» រហូតមកដល់សព្វថ្ងៃនេះ ។ លុះចំណេរក្រោយមកក្នុងរជ្ជកាលព្រះបាទពញាយ៉ាតទីតាំងនេះត្រូវបានសាងសង់ជារាជធានី ស្ថិតនៅតាមបណ្តោយចំណុចប្រសព្វទន្លេចតុមុខ ដែលបង្ហាញឲ្យឃើញអំពីព្រហ្មវិហារធម៌ របស់ព្រះមហាក្សត្រចំពោះប្រជារាស្ត្ររបស់ព្រះអង្គ ។ ទី៣ – ក្រៅអំពីរូបគំនូររមណីយដ្ឋានវត្តភ្នំប្រទីបនេះក៏ត្រូវបានរចនាលំអទៅដោយរូបសត្វតោ១គូរ ដែលជាស្តេចនៃសត្វចតុប្បាទ មានរទ្ធិអំណាចលើសអស់សត្វឯទៀត ដាក់បញ្ឈរយ៉ាងសង្ហាប្រកបដោយភាពម៉ឺងម៉ាត់ ហាក់បីដូចជាឆ្មាំចាំយាមការពារដែនអាណាចក្ររាជធានីភ្នំពេញ និងព្រះរាជាណាចក្រកម្ពុជា ក្នុងជំហរដ៏អង់អាចក្លាហានមុះមុតជាទីបំផុត ។
ទី៤ – ចំពោះរូបព្រះចេតិយ និងវត្ថុស្ថិតនៅលើកំពូលរមណីយដ្ឋានវត្តភ្នំ អមដោយជណ្តើរក្បាលនាគរាជ១គូរ ត្រូវបានរចនាឡើងដោយយកលំនាំរចនាបទខ្មែរសុទ្ធសាធ ដែលបង្ហាញឲ្យឃើញពីជំនឿដ៏លើសលប់របស់ប្រជាពលរដ្ឋខ្មែរ ជាពុទ្ធសាសនិកកាន់ព្រះពុទ្ធសាសនា និងភាពសុខដុមនីយកម្មនៃវិស័យសាសនាក្នុងសង្គមកម្ពុជា ក្រោមបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ។ ទី៥ – ចំណែកឯដើមត្នោត១គូរ នៅអមព្រះចេតិយ គឺជានិមិត្តរូបនៃបរិស្ថានធម្មជាតិដ៏ស្រស់បំព្រងរបស់រាជធានីភ្នំពេញ «ទីក្រុងដ៏ស្រស់ប្រិមប្រិយ» រង់ចាំទទួលបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតចំពោះវត្តមានភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ព្រមទាំងបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈដែលអញ្ជើញមកទស្សនាកម្សាន្ត លំហែលកាយ ជួបជុំមិត្តភក្តិក្រុមគ្រួសារធ្វើលំហាត់ប្រាណរាំកម្សាន្ត និងលេងកីឡា ដើម្បីសុខភាពក្នុងរាជធានីភ្នំពេញ ។ ទី៦- នៅផ្នែកខាងមុខនៃប្រទីបរាជធានីភ្នំពេញ មានតាំងលំអរូបបង្គោលអគ្គិសនីរំលេចទៅដោយអក្សឆ្លាក់យ៉ាងច្បាស់ថា «រាជធានីភ្នំពេញ» ។
ពន្លឺដ៏ស្រទន់នៃបង្គោលអគ្គិសនីក្នុងស្បៃរាត្រីដ៏ត្រកាល គឺជានិមិត្តរូបបង្ហាញពីភាពភ្លឺចែងចាំង ល្បីសុះសាយរបស់ទីក្រុងមួយនេះលើគ្រប់ផ្នែក គ្រប់វិស័យ ទាំងនៅលើឆាកជាតិ និងអន្តរជាតិ ។ ទី៧ – រីឯរូបភាពស្ពានអាកាស និងអគារខ្ពស់ៗដ៏ស្កឹមស្កៃសបញ្ជាក់ពីការខិតខំអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធរីកចម្រើនឥតឈប់ឈររបស់រដ្ឋបាលរាជធានីភ្នំពេញក្រោមការចង្អុលបង្ហាញជាប់ជាប្រចាំពីសំណាក់រាជរដ្ឋាភិបាលដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើម ។ ទី៨ – បច្ចុប្បន្ននេះរាជធានីភ្នំពេញមានផ្ទៃដីសរុប៦៩២,៦៤គីឡូម៉ែត្រការ៉េ ចែកចេញជា១២ខណ្ឌ និង១០៥សង្កាត់ ។ រាជធានីនេះ គឺជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា និងជាមជ្ឈមណ្ឌលប្រមូលផ្តុំនយោបាយវប្បធម៌កាទូត អប់រំសិក្សាធិការ ពាណិជ្ជកម្ម លំនៅដ្ឋានប្រកបដោយប្រណីតភាព និងស៊ីវិល័យបំផុត ៕
ចែករំលែកព័តមាននេះ