ខេត្តមណ្ឌលគិរី ៖ សម្រាប់ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធក្នុងភូមិស្វាយចេក សង្កាត់សុខដុម ក្រុងសែនមនោរម្យ នៅសាលាសង្កាត់សុខដុម ស្ថិតនៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី នារសៀលថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
លោក ឈឹម កាន អភិបាលរងខេត្តមណ្ឌលគិរីថា ដោយមានការគាំទ្រពីកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លីបន្តក្នុងការអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដែលជាកម្មវិធីមួយមានការរួមចំណែកកាត់បន្ថយភាពក្រីក្រ និងកំពុងអនុវត្តនូវផែនការសំខាន់ៗនៃគោលនយោបាយដីធ្លី ក្នុងការកែទម្រង់រដ្ឋបាលដីធ្លី តាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីពង្រឹងសុវត្ថិភាពនៃការកាន់កាប់ប្រើប្រាស់ដីធ្លីសមស្រប ទប់ស្កាត់ការកាប់ដីរដ្ឋខុសច្បាប់ និងកាត់បន្ថយទំនាស់ ។
អភិបាលរងខេត្តបានណែនាំដល់ប្រជាពលរដ្ឋទាំងអស់ត្រូវចូលរួមសហការជាមួយក្រុមការងារវាស់វែង និងចង្អុលបង្ហាញទីតាំងក្បាលដី ព្រំដី និងមានបង្គោលព្រំរឹងមាំច្បាស់លាស់ និងមានការឯកភាពគ្នា ជៀសវាងមានជម្លោះ ដើម្បីទទួលមកវិញនូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុទាំងអស់គ្នា ។
តាមការបញ្ជាក់របស់ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត លោក ម៉ៅ ចំរើន បានឱ្យដឹងថា ការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធ មាន៥ដំណាក់កាល ទី១-ដំណាក់កាលរៀបចំឯកសារ ការកំណត់តំបន់វិនិច្ឆ័យ ការបង្កើតគណៈកម្មការរដ្ឋបាល សេចក្តីជូនដំណឹង, ទី២-ដំណាក់កាលប្រតិបត្តិការបច្ចេកទេស គឺធ្វើការកំណត់ព្រំ វាស់វែង ធ្វើការវិនិច្ឆ័យលើក្បាល់ដី ការបញ្ចូលទិន្នន័យ និងគូក្បាលដី ។
ទី៣-ដំណាក់កាលបិទផ្សាយនូវឯកសារ នៃការវិនិច្ឆ័យ ជាការបិទផ្សាយជាសាធារណៈ លើប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី ត្រួតពិនិត្យ ផ្ទៀងផ្ទាត់លេខក្បាលដី រូបរាងដី ឈ្មោះ ទំហំ ថ្ងៃខែឆ្នាំកំណើត និងធ្វើការជំទាស់តវ៉ាក្នុងករណីមានការខុសឆ្គង ។
ទី៤-ដំណាក់កាលសម្រេច សម្រេចលើឯកសារវិនិច្ឆ័យ របាយការណ៍លទ្ធផលរបស់គណៈកម្មការរដ្ឋបាល ពិនិត្យសម្រេច ផ្តល់កម្មសិទ្ធចំពោះក្បាលដីណាដែលពុំមានទំនាស់ និងមិនពាក់ព័ន្ធដីរដ្ឋ និងទី៥-ដំណាក់កាលចុះបញ្ជី បន្ទាប់ពីឯកសារ នៃការសម្រេចហើយ មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត ធ្វើការចុះបញ្ជី ចេញប័ណ្ណ និងចែកប័ណ្ណកម្មសិទ្ធជូនពលរដ្ឋម្ចាស់ដី ៕
ចែករំលែកព័តមាននេះ