ខេត្តរតនគិរី ៖ អ្នកម្ដាយ និងក្រុមគ្រួសារបានអោបគ្នាទ្រហោយំ បន្ទាប់ពីឃើញកូនប្រុសតូច ដេកស្លាប់ស្ដូកស្ដឹងចេញខួរមកក្រៅ គ្រាជួបគ្រោះថ្នាក់ចរាចរណ៍មួយយ៉ាងរន្ធត់ ហេតុការណ៍គួរឲ្យសង្វេគនេះបានកើតឡើងកាលពីម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ នៅលើដងផ្លូវជាតិលេខ៧៨ ចំណុចផ្លូវបំបែកជា៤ ស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ខាងមុខអតីតព្រលានយន្តហោះ កែងស្ថានីយប្រេង។
ប្រភពបន្តថា ម៉ូតូមួយគ្រឿងម៉ាកស្កុបពី ពណ៌ស អត់ស្លាកលេខ ជិះគ្នា៣នាក់ ដោយអ្នកបើកឈ្មោះ ហាន់ ជា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ (ស្លាប់នៅពេលដឹកដល់មន្ទីរពេទ្យ) អ្នករួមដំណើរឈ្មោះ វុធ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករសំណង់ (រងរបួសស្រាល) ដោយឡែកក្មេងប្រុសឈ្មោះ ពៅ អាយុ៩ឆ្នាំ ត្រូវជាកូនអ្នកបើកបរ (ធ្លាយចេញខួរស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ)។ ចំណែករថយន្តកូរ៉េឃ្លុប២តោនកន្លះ ដឹកភេសជ្ជៈដើរចែកចាយ ពណ៌ស ក្បាលពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D.0453។
តាមប្រភពពីកន្លែងកើតហេតុឲ្យដឹងថា មុនកើតហេតុ គេឃើញរថយន្តឃ្លុបការ៉េ២តោនកន្លះ ធ្វើដំណើរពីកើតទៅលិច ចំណែកម៉ូតូស្កុបពីជិះពីលិចមកកើត ខណៈមកដល់ចំណុចកើតហេតុ ក៏វាក់អើនឹងឡានកូរ៉េបត់ឆ្វេង។ គ្រានោះអ្នកបើកបរម៉ូតូក៏ជាន់ហ្វ្រាំងម៉ូតូអូសទៅប៉ះចំហៀងឡាន បណ្ដាលឲ្យដួល ហើយត្រូវកង់ក្រោយឡានកិនចំម៉ូតូផ្នែកខាងមុខ ព្រមទាំងក្បាលកូនក្មេងតែម្ដង។
ប្រភពដដែលបន្តថា បន្ទាប់ពីហេតុការណ៍នេះកើតឡើង សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការរដ្ឋាននគរបាលខេត្ត ក៏ចុះមកភ្លាមៗ ព្រមទាំងរថយន្តសង្គ្រោះ២គ្រឿងរបស់ស្នងការដឹកយកជនរងគ្រោះទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត ជាអកុសលបុរសអ្នកបើម៉ូតូត្រូវជាឪពុកក្មេងរងគ្រោះបានស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យ ចំណែកមួយគ្រឿងទៀតដឹកសពក្មេងរងគ្រោះទៅតំកល់នៅវត្តភូមិថ្មី តាមសំណូមពររបស់ម្ដាយ ។
រីឯរថយន្តកូរ៉េ បន្ទាប់ពីជួបគ្រោះថ្នាក់នេះភ្លាមៗ អ្នកបើករថយន្តបង្កនោះបានបើករថយន្តរត់គេចពីកន្លែងកើតហេតុទៅចតចោលនៅមុខឃ្លាំងភេសជ្ជៈគេមួយកន្លែងនៅខាងលិចអតីតព្រលានយន្តហោះ ស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ហើយចុះរត់គេចខ្លួនបាត់៕
ចែករំលែកព័តមាននេះ