កាលពីថ្ងៃចន្ទកន្លងមកនេះ ក្រុមហ៊ុន Apple បានលក់ iPhone XR អស់ពីស្តុកសម្រាប់សហរដ្ឋអាមេរិក និងប្រទេសដទៃជាច្រើនទៀត ធ្វើឲ្យអ្នកដែលកុម្មង់ទិញតាមអុីធើរណេត ត្រូវរង់ចាំដល់ខែវិច្ឆិកា ទើបទទួលបានផលិតផល ។
ហាង Apple Store លើអុីនធើរណេតបានលក់ iPhone XR គ្រប់ពណ៌ និងគ្រប់ទំហំអស់ពីស្តុកក្នុងប្រទេសអូស្ត្រាលី, អូទ្រីស, បែលហ្ស៊ិក, កាណាដា, ចិន, បារាំង, អាល្លឺម៉ង់, ហុងកុង, ជប៉ុន, រុស្ស៊ី, ចក្រភពអង់គ្លេស សហរដ្ឋអាមេរិក និងតាមបណ្តាប្រទេសដទៃទៀតដែល Apple អនុញ្ញាតឲ្យមានការកុម្មង់ទុកកាលពីថ្ងៃសុក្រសប្ដាហ៍មុន ។
បច្ចុប្បន្ននេះ រយៈពេលក្នុងការដឹកជញ្ជូនផលិតផលនេះបានកើនដល់ថ្ងៃទី១ ខែវិច្ឆិកា ឬប្រមាណពី១ទៅ២សប្តាហ៍ដោយយោងទៅតាមតំបន់ ខណៈដែលការកុម្មង់មុនៗអាចដឹកជញ្ជូនដល់អតិថិជនត្រឹមថ្ងៃទី២៦ ខែតុលាប៉ុណ្ណោះ។
ចំនួនទូរស័ព្ទដែល Apple អាចផលិតដើម្បីស្តុកទុកពេលចេញលក់ដំបូងមិនត្រូវបានប្រកាសឲ្យដឹងទេ ប៉ុន្តែអ្នកវិភាគគិតថាចំនួននេះអាចស្មើនឹងប្រមាណ១២លានគ្រឿង ។
បើទោះជាតម្រូវការពេលលក់ដំបូងរបស់ទូរស័ព្ទ iPhone XR មានភាពទន់ខ្សោយជាងតម្រូវការXS ពិតមែនក្តី ប៉ុន្តែអ្នកវិភាគមួយចំនួនគិតថា ពណ៌ដ៏ស្រស់ឆើតឆាយ និងតម្លៃទាបរបស់ស្មាតហ្វូននេះនៅតែសំខាន់សម្រាប់ក្រុមហ៊ុន ។
លោក Gene Munster មកពីក្រុមហ៊ុន Loup Ventures គិតថា iPhone XR នឹងក្លាយជាទូរស័ព្ទ iPhone ដែលលក់បានច្រើនជាងគេក្នុងឆ្នាំ២០១៨ ឬគ្រប់គ្រងបាន៣៨%នៃការលក់ទាំងអស់របស់ Apple ។
បើទោះជា Apple បានលក់ iPhone XR អស់ពីស្តុករបស់ខ្លួនពិតមែនក្តី អតិថិជននៅសហរដ្ឋអាមេរិកនៅតែអាចទិញនៅតាមកន្លែងចែកចាយរបស់ដៃគូ Apple ដែលរួមមាន AT&T និង Verizon ជាដើម ៕
ចែករំលែកព័តមាននេះ