រាជធានីភ្នំពេញ ៖ ផ្សារគឺជាចរន្តនៃការលក់ដូរនូវរាល់គ្រឿងឧបភោគបរិភោគ ក៏ដូចជាសម្ភារប្រើប្រាស់ផ្សេងៗជាច្រើន ដើម្បីបំពេញតម្រូវការសេដ្ឋកិច្ចគ្រួសាររបស់ប្រជាពលរដ្ឋក្នុងតំបន់សម្រាប់ការរស់នៅក្នុងជីវភាពប្រចាំថ្ងៃ ។
ដោយសារតែប្រទេសមានសុខសន្តិភាព និងមានការអភិវឌ្ឍលើគ្រប់វិស័យ ពិសេសវិស័យទីផ្សារ គេសង្គេតឃើញបច្ចុប្បន្ននេះ ផ្សារតូចធំជាច្រើន មានផ្សាររដ្ឋ និងផ្សារឯកជនជាដើម កំពុងកកើតមានស្ទើរគ្រប់ទីកន្លែងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ពិសេសនោះ គឺផ្សារក្រមួនតូចៗជាច្រើន បាននឹងកំពុងកកើតមានស្ទើរសុះសាយគ្រប់ទីតំបន់តូចៗទាំងអស់ មិនថាជាតំបន់ប្រជុំជន ឬតំបន់ដាច់ស្រយ៉ាល់នោះឡើយ ។
បើទៅមើលផ្សារតូចធំជាច្រើនក្នុងខណ្ឌចំនួន២វិញ គឺហាក់មានផ្សារច្រើនគួរសម ដែលអាចបំពេញ លើតម្រូវការម្ហូបអាហារហូបចុកប្រចាំថ្ងៃ ចំពោះបងប្អូនប្រជាក្នុងតំបន់បានគ្រប់គ្រាន់នោះ គឺខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ ។ ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ គឺអតីតខណ្ឌរួមតែមួយពីមុនមក លុះក្រោយមកខណ្ឌមានជ័យ ដែលមានសង្កាត់ចំនួន៨ ត្រូវបំបែកជាខណ្ឌ២ផ្សេងគ្នា ដោយមានសង្កាត់សរុបជារួមទាំងអស់ មាន១៦សង្កាត់ចំណុះខណ្ឌទាំង២ ខាងលើនេះ ។
ខណ្ឌច្បារអំពៅមានផ្សារប៉ុន្មាន ? ខណ្ឌច្បារអំពៅ គឺជាខណ្ឌមួយដែលបានបំបែករូបរាងចេញពីខណ្ឌមានជ័យដែលបច្ចុប្បន្នខណ្ឌមួយនេះ មានសង្កាត់សរុបទាំងអស់ចំនួន៨ ក្នុងនោះរួមមាន សង្កាត់ក្បាលកោះ សង្កាត់ព្រែកឯង សង្កាត់វាលស្បូវ សង្កាត់ព្រែកថ្មី សង្កាត់ព្រែកប្រា សង្កាត់និរោធ សង្កាត់ច្បារអំពៅទី១ និងសង្កាត់ច្បារអំពៅទី២ ។ ខណ្ឌមួយនេះ មានព្រំុប្រទល់ជាប់នឹងខណ្ឌមានជ័យ និងទឹកដីខ្លះយកចេញពីខេត្តកណ្តាល។ នៅតាមបណ្តាសង្កាត់ទាំងអស់ក្នុងខណ្ឌច្បារអំពៅ មានផ្សារតូចធំជាច្រើនផងដែរ ក្នុងនោះរួមមាន ៖ – សង្កាត់ច្បារអំពៅទី១ ពំុមានផ្សារតូចធំ នោះឡើយ ។ – សង្កាត់ច្បារអំពៅទី២ មានផ្សារធំៗចំនួន២ គឺផ្សារច្បារអំពៅ និងច្បារបន្លែ ដែលស្ថិតក្រោមដែនគ្រប់គ្រងរបស់រដ្ឋ ។
– សង្កាត់និរោធ មានផ្សារក្រមួន ១ គឺផ្សារកោះនរា ។ – សង្កាត់វាលស្បូវ ពំុមានផ្សារតូចធំទេ ។ វិនិយោគិនដែលចង់វិនិយោគលើផ្សារ អាចសម្លឹងមើលសក្ដានុពលនៅទីនោះបាន ។ – សង្កាត់ព្រែកឯង មានផ្សារក្រមួនចំនួន២ ផ្សារព្រែកឯង ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ និងផ្សារក្រមួនចុងព្រែក ស្ថិតក្នុងភូមិចុងព្រែក សង្កាត់ព្រែកឯង ។ – សង្កាត់ក្បាលកោះ មានផ្សារចំនួន៣ គឺផ្សារកៀនស្វាយផ្លាហ្សា ស្ថិតតាមបណ្តោយផ្លូវជាតិលេខ១ និងផ្សារក្រមួនចំនួន២ គឺផ្សារក្បាលកោះ និងផ្សារជ្រោយអំពិល១ ។ – សង្កាត់ព្រែកថ្មី មានផ្សារក្រមួនតូចមួយ គឺផ្សារព្រែកថ្មីលើ ស្ថិតនៅចំណុចខាងក្រោមស្ពានព្រែកសំរោង ។ – សង្កាត់ព្រែកប្រា មានផ្សារមួយឈ្មោះផ្សារចាម ដែលជាផ្សារតូចមួយសម្បូរទៅដោយបងប្អូនជនជាតិអ៊ិស្លាមជាអាជីវករប្រកបរបររកស៊ីលក់ដូរម្ហូបអាហារ និងបន្លែ នៅទីនោះ ។
ខណ្ឌមានជ័យមានផ្សារប៉ុន្មាន ? ចំណែកឯខណ្ឌមានជ័យវិញ ជាខណ្ឌធំមួយ នៃរាជធានីភ្នំពេញ ដែលមានព្រំុប្រទល់ជាប់នឹងបណ្តាខណ្ឌជាច្រើនដូចជា ខណ្ឌច្បារអំពៅ ខណ្ឌចំការមន ខណ្ឌទួលគោក ខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងក្រុងតាខ្មៅ ខេត្តកណ្តាល ។
ខណ្ឌមានជ័យ មានសង្កាត់សរុបទាំងអស់ចំនួន៧សង្កាត់ រួមមានសង្កាត់បឹងទំពុនទី១ សង្កាត់បឹងទំពុនទី២ សង្កាត់ស្ទឹងមានជ័យទី១ សង្កាត់ស្ទឹងមានជ័យទី២ សង្កាត់ស្ទឹងមានជ័យទី៣ សង្កាត់ចាក់អង្រែលើ និងសង្កាត់ចាក់អង្រែក្រោម ។ នៅតាមបណ្តាសង្កាត់នីមួយៗ មានផ្សាររដ្ឋ និងផ្សារក្រមួនតូចធំជាច្រើន ក្នុងនោះដូចជា ៖ – សង្កាត់បឹងទំពុនទី១ មានផ្សារបឹងទំពុន ដែលជាផ្សារធំមួយគ្រប់គ្រងដោយរដ្ឋ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ ផ្លូវច្រកចូលវត្តសន្សំកុសល និងមានផ្សារក្រមួនមួយកន្លែងទៀត ដោយពំុមានឈ្មេាះ ស្ថិតនៅភូមិចំរើនផល ។ – សង្កាត់បឹងទំពុនទី២ គឺមានផ្សារចំនួន២ ក្នុងនោះទី១គឺផ្សារប៉េសេ ស្ថិតតាមបណ្តោយផ្លូវលេខ៣៧១ ក្នុងភូមិក្បាលទំនប់ និងមួយទៀតជាផ្សារក្រមួនតូចល្មម ស្ថិតតាមបណ្តោយផ្លូវបេតុង ក្បែរវត្តអង្គពោធិ៍ញាណ ស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងភូមិត្នោតជ្រំុទី៤ ។
– សង្កាត់ស្ទឹងមានជ័យទី១ មានផ្សារចំនួន៤ គឺផ្សារស្ទឹងមានជ័យចាស់ ស្ថិតក្រោមការគ្រប់គ្រងដោយរដ្ឋ និងផ្សារស្ទឹងមានជ័យថ្មី ជាផ្សារឯកជន ស្ថាបនា ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ ហៅផ្លូវព្រះមុនីរ៉េត ។ ផ្សារក្រមួនវត្តសាមគ្គីរង្សី និងផ្សារញ៉ែមហ៊ុលថ្មី ស្ថិតក្បែរវត្តសាមគ្គីរង្សី, ក្នុងភូមិទ្រា២ ។ – សង្កាត់ស្ទឹងមានជ័យទី២ មានផ្សារក្រមួន២ គឺផ្សារក្រមួនភូមិឫស្សី ស្ថិតក្បែរវត្តអង្គពោធិ៍ញាណ ក្នុងភូមិឫស្សី១ និងផ្សារក្រមួនស្ពានដែក ស្ថិតតាមបណ្តោយផ្លូវលេខ២១៧ ក្បែរស្ពានដែកចំការដូង ។ – សង្កាត់ស្ទឹងមានជ័យទី៣ មានផ្សារចំនួន៣ គឺផ្សារក្រមួនលូ៥ ស្ថិតនៅចំណុចស្តុបលូ៥តាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិដំណាក់ធំ៣ ផ្សារដីថ្មី ស្ថិតតាមបណ្តោយផ្លូវបេតុង ក្នុងភូមិដំណាក់ធំ២ និងផ្សារឯករាជ្យ៣ ស្ថិតតាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិដំណាក់ធំ២ ។ – សង្កាត់ចាក់អង្រែលើ មានផ្សារក្រមួនតូចចំនួន១ ស្ថិតក្នុងភូមិព្រែកតានូ ។ -សង្កាត់ចាក់អង្រែក្រោម គឺផ្សារចំនួន៤ មានផ្សារចាក់អង្រែក្រោម ដែលស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋ ស្ថិតក្នុងភូមិទួលរកា និងផ្សារក្រមួនតូចៗចំនួន៣ទៀត ស្ថិតតាមបណ្តោយផ្លូវជាតិលេខ២ ក្នុងភូមិទួលរកា៣ និងភូមិព្រែកតាឡុង ។
បើតាមការអះអាងស្រដៀងគ្នាពីមន្ត្រីនៃដែនរដ្ឋបាលខណ្ឌទាំង២ខាងលើបានបញ្ជាក់ថា ការតាំងលក់ដូរតិចតួច ដែលមានចំនួនអ្នកលក់ដូរតិចពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលប្រកបរបររកស៊ី គឺអាជ្ញាធរពំុបានរាប់បញ្ចូលចាត់ទុកជាផ្សារក្រមួនឡើយ ព្រោះនោះជាការលក់ដូរក្បែរៗគ្នាធម្មតាប៉ុណ្ណោះ លើកលែងតែការលក់ដូរទាំងឡាយណា ដែលមានអ្នកលក់ដូរច្រើន ហើយមានការលក់ដូរគ្រប់សព្វមុខនូវរាល់មុខទំនិញ ដូចជាម្ហូបអាហារ បន្លែនែនុក នំនែកជាដើម ទើបអាជ្ញាធរចាត់ទុកថា តំបន់ដែលបងប្អូនពលរដ្ឋកំពុងលក់ដូរនោះ គឺជាផ្សារក្រមួនតាមតំបន់ភូមិនីមួយៗ ក្នុងភូមិសង្កាត់ទាំងអស់ នៃមូលដ្ឋានខណ្ឌប្រាកដមែន ។
ចំពោះផ្សារក្រមួនតូចៗទាំងអស់ដែលកំពុងកើតមានក្នុងមូលដ្ឋានខណ្ឌ គឺជាការកកើតឡើងពីសំណាក់បងប្អូនប្រជាពលរដ្ឋជាអ្នកប្រកបរបររកស៊ីលក់ដូរទូទៅទាំងអស់ ដែលបាននាំគ្នាលក់ដូរយកចំណីផ្លូវសាធារណៈធ្វើជាកន្លែងបំពេញអាជីវកម្មផ្ទាល់ខ្លួន ចាប់តាំងពីការកកើតមានទីតាំងលក់ដូរតិចគ្នាបន្តិចម្តងៗ រហូតកើនច្រើនឡើងៗ ក្លាយចេញជាការប្រមូលផ្តុំលក់ដូរយ៉ាងច្រើនតែម្តង ។ លោកថា ទីតាំងលក់ដូរដែលកកើតឡើងបែបនេះ ត្រូវពលរដ្ឋដាក់ឈ្មោះឱ្យថា ជាផ្សារក្រមួន ឬផ្សារក្រមួនដោយមានភ្ជាប់ឈ្មោះតំបន់ផងដែរ ។
ឧទាហរណ៍ថា ផ្សារក្រមួនព្រែកឯង ដែលស្ថិតក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅជាដើម ។ ឈ្មោះថា ផ្សារក្រមួន ព្រោះជាផ្សារលក់ដូរ តែពេលព្រឹក ។ ពេលថ្ងៃស្ងប់ស្ងាត់ ព្រោះរបស់របរ បន្លែបង្ការ ត្រី សាច់ដែលគេលក់ដែលគេលក់អស់ទៅ ធ្វើឱ្យទីផ្សារស្ងប់ស្ងាត់ទើបគេឱ្យឈ្មោះថា «ផ្សារក្រមួន» ។
ដោយឡែកចំពោះប្រវត្តិផ្សាររដ្ឋធំៗមួយចំនួនដូចដែលបានរៀបរាប់ពីខាងលើវិញ ក៏សុទ្ធសឹងតែមានប្រវត្តិផ្សេងៗគ្នាផងដែរ មុនពេលកកើតឡើង ប៉ុន្តែពំុមានប្រភពព័ត៌មានច្បាស់ការណ៍ណាមួយអះអាងបញ្ជាក់លម្អិត អំពីប្រវត្តិនៃផ្សារទាំងអស់នោះឱ្យបានដឹងប្រាកដឡើយ ព្រោះជាផ្សារដែលកើតមានតាំងតែពីសង្គមចាស់រាប់ទសវត្សរ៍មកហើយ ៕
ចែករំលែកព័តមាននេះ